ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្នុងសមម័យ កូវីដ19 នេះ អ្នករកស៊ី អ្នកលក់ជាច្រើនជួបបញ្ហាក្នុងការងាររកស៊ី និងលក់ដូរ។ ស្ថិតក្នុងស្ថានភាពនេះ យោងលើបទពិសោធន៍ ចំណេះដឹង និងការសិក្សាស្រាវជ្រាវ បានបង្ហាញនូវគន្លឹះឬក្បាច់សំខាន់ៗចំនួន៦ ដើម្បីឲ្យអាជីវកម្មលោក អ្នកទទួលបានជោគជ័យ។
ជាថ្នាក់ដឹកនាំមួយរូបនៃ CEO Master Club និងជាតំណាងចែកចាយផ្តាច់មុខ ZINGI ប្រចាំប្រទេសកម្ពុជា លោកខាត់ បូរ៉ា បានមានប្រសាសន៍ឲ្យដឹងថា យោងតាមបទពិសោធន៍របស់លោក ដែលបានប្រឡូក និងសិក្សារៀនសូត្រកន្លងមក លោកសូមចែករំលែកយុទ្ធសាស្ត្រមួយ ដែលអាចជួយដល់អ្នករកស៊ីលក្ខណ:គ្រួសារ ឬមិនទាន់ស្តង់ដារ ឬអ្នកលក់ផលិតផល ឬសេវាកម្មផ្សេងៗ ។
លោកបន្តថា “យុទ្ធសាស្ត្រនេះខ្ញុំដាក់ឈ្មោះថា៖ “ក្បាច់ ស6 ដើម្បីលក់ដាច់ក្នុងសម័យកូវីដ19” ។ ក្បាច់ទាំងនោះរួមមាន៖
ទី1. សិក្សាកំណត់គោលដៅ និងតម្រូវការពិតរបស់អតិថិជន
ក្បាច់នេះអ្នករកស៊ី/អ្នកលក់ ត្រូវស្វែងរកឲ្យឃើញនរណាជាអតិថិជនរបស់អ្នក ស្រីឬ ប្រុស ចាស់ឬក្មេង មនុស្សធម្មតាឬអ្នកមានទំងន់ឬអ្នកគេងនៅពេទ្យ… គាត់នៅទីតាំងណា នៅខេត្តឬនៅភ្នំពេញ បើនៅភ្នំពេញនៅតំបន់ណា ខណ្ឌណា ឬប្លុកណា។ ហើយនៅក្នុងពេលកូវីដ19នេះ អ្នកត្រូវសិក្សារកអោយឃើញថា អតិថិជននោះត្រូវការអ្វីខ្លះដើម្បីរស់នៅស្រួល និងសុវត្ថិភាព ដើម្បីកូនៗគាត់រៀនស្រួល ដើម្បីស្រួល និងសុវត្ថិភាពក្នុងការរកស៊ី ដើម្បីស្រួល និងសុវត្ថិភាពដល់ក្រុមការងារ ដៃគូ បុគ្គលិក និងដើម្បីងាយស្រួលលក់ដូរ។
បើកាលណាយើងដឹងពីតម្រូវការអតិថិជនច្បាស់ យើងបង្កើតផលិតផល/សេវាកម្ម ដែលមានតម្រូវការខ្ពស់ធ្វើឲ្យយើងស្រួលលក់ ស្រួលធ្វើទីផ្សារ និងជួយផ្តល់ដំណោះស្រាយល្អៗ ងាយៗជូនដល់អតិថិជន។ សេវាសាមញ្ញៗដូចជា បង្កើត Page, Boost page, វាយអត្ថបទ, សរសេរ Caption, ថតរូប, ថតវីដេអូ , កាត់តរូបភាព កាត់តវីដេអូ…..ម្ហូប ចំណីអាហារ អាហារសំរ៉ន់ ….។
ទី2. សម្រាំងរកផលិតផលល្អបំផុត
ក្បាច់នេះអ្នករកស៊ី/អ្នកលក់ ត្រូវកំណត់ជ្រើសរើសផលិតផល ដែលខ្លួនត្រូវលក់អោយច្បាស់ ផលិតផលត្រូវតែជាតម្រូវការពិតរបស់អតិថិជន ផលិតផលដែលខ្លួនាចធ្វេីបានស្រួល មា នតម្រូវការច្រើនទីផ្សារធំ ស្រួលលក់ ស្រួលប្រើ គុណភាពល្អពិត ស្រួលចំណេញ ស្រួលពង្រីកទីផ្សារអោយបានធំលឿន ជាពិសេសអាចបង្កើតចំណូលបានធំ និងបានលឿន។
ទី3. សារ៉េ រកយុទ្ធសាស្ត្រឈ្នះក្នុងការធ្វើទីផ្សារនិងលក់
ក្បាច់នេះអ្នករកស៊ី/ អ្នកលក់ត្រូវសិក្សាអំពីវិធីសាស្ត្រធ្វើទីផ្សារ និងលក់ដែលមានប្រសិទ្ធភាពបំផុត ដែលធានាថាអតិថិជនគោលដៅ គាត់អាចទទួលបានព័ត៌មានអំពីផលិតផល/សេវាកម្មរបស់អ្នក បានលឿនបំផុត និងរៀបចំរបៀបដែលអតិថិជនអាចងាយស្រួលក្នុងការទិញ។
វិធីសាស្ត្រ ល្អបំផុតក្នុងការលក់ និងធ្វើទីផ្សារក្នុងពេលនេះគឺ 1).ក្រុមលក់តាមប្រព័ន្ធ Online 2). លក់តាមដៃគូទីផ្សារដូចជា E-commerce, Foodpanda,… 3).លក់តាមសម្ព័ន្ធមិត្តល្អពូកែ។
ទី4. សម្រុកធ្វើសកម្មភាពអោយបានលឿបំផុត
ក្បាច់នេះ គឺអ្នករកស៊ី/អ្នកលក់ត្រូវតែដឹកនាំ រៀបចំចាត់ចែងក្រុមការងារអនុវត្តន៍ផែនការយុទ្ធសាស្ត្រឈ្នះ ដែលបានកំណត់យកនៅក្នុងក្បាច់ទី3 អោយបានលឿនបំផុត និងមានប្រសិទ្ធភាពបំផុត។ លឿននៅក្នុងការបញ្ជូនទំនិញ ឬសេវាកម្ម គឺជាការចាំបាច់បំផុត។ អ្នកដែលធ្វើសកម្មភាពលឿន អ្នកដែលផ្តល់សេវាលឿ គឺជាអ្នកដែលយកបេះដូងអតិថិជនបាន។
ទី5. សកម្មបំផុត និងរហ័សរហួនបំផុត
ក្បាច់នេះអ្នករកស៊ី /អ្នកលក់ត្រូវតែដឹកនាំធ្វើសកម្មភាព ឲ្យបានសកម្មបំផុត កំអោយធ្លាក់ដៃអោយសោះ។ ត្រូវរៀបចំរបៀបរបបការលក់អោយបានល្អបំផុត ដើម្បីក្រុមការងារអាចរក្សាការអនុវត្តបានលឿន និងមានប្រសិទ្ធភាពបំផុត។ ត្រូវរៀបចំរបៀបតបស្នង និងលើកទឹកចិត្តក្រុមការងារ និងដៃគូទាំងអស់ ដើម្បីរក្សាលទ្ធផលអោយបាននៅតែល្អ។ ត្រូវបង្កើតស្តង់ដានៃកាបញ្ជូលទំនិញនីមួយៗ អោយច្បាស់ និងដឹកនាំអនុវត្តអោយល្អបំផុត។
ទី6. ស្ថិរភាពនៃគុណភាពផលិតផល /សេវាកម្ម និងការផ្តល់ជូនអតិថិជន
ក្បាច់នេះអ្នករកស៊ី/អ្នកលក់ ត្រូវរក្សាគុណភាពផលិតផល/សេវាកម្ម និងសេវាកម្មអតិថិជន អោយនៅគុណភាពដដែល ឬអាចល្អលើសធម្មតា ។ ការកស៊ីមួយចំនួនពេលដែលលក់ដាច់ខ្លាំងពេកទៅ គុណភាពផលិតផល/សេវាកម្ម និងការផ្តល់សេវាកម្មអតិថិជន អាចធ្លាក់ចុះគុណភាព។
ការធ្លាក់ចុះគុណភាព ជាការសំលាប់ខ្លួនឯង។ ត្រូវបង្កើតស្តង់ដារ រូបមន្ត របៀប និងគលការណ៍ប្រតិបត្តិល្អអោយច្បាស់ និងដឹកនាំអនុវត្តអោយល្អបំផុត។
លោកខាត់ បូរ៉ាបានបន្ថែមថា “ជារួមខ្ញុំជឿជាក់ថាបើអ្នករកស៊ី លក្ខណៈគ្រួសារ អ្នករកស៊ីមិនទាន់ស្ងង់ដា និងអ្នកលក់ផលិតផល/សេវាកម្ម អាចអនុវត្តក្បាច់ស6 នេះ អាជីវម្ម ឬការលក់ដូរពិតជាអាចរស់រានបានក្នុងសម័យកូវីដ19 នេះ” ៕