គម្រោង​លំនៅដ្ឋាន​ចំនួន២១បាន​បើក​ដំណើរ​សាងសង់​នៅ​រយៈពេល៦ខែ​ចុងក្រោយ

0

ដោយៈ ម៉ា​ណេ​ត  

ភ្នំពេញៈ ការផ្គត់ផ្គង់​លំនៅដ្ឋាន​ជាប់​ដី ពី​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បន្ត​កើនឡើង​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​រយៈពេល៦ខែ​ចុងក្រោយ (គិត​ជាមួយនឹង​ត្រីមាស​ទី១ ឆ្នាំ២០២១) ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយ​ល្ងាច​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។

របាយការណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល​ដូចគ្នានេះ ទីផ្សារ​លំនៅដ្ឋាន​ឃើញ​មាន​គម្រោង​លំនៅដ្ឋាន​ចំនួន២១ បាន​ដំណើរការ​សាងសង់​នៅ​ទូទាំង​ខណ្ឌ៩ នៃ​ទីក្រុង​ភ្នំពេញ។ គម្រោង​លំនៅដ្ឋាន ដែល​ទើបនឹង​ចាប់ផ្តើម​សាងសង់​នេះ ត្រូវបាន​ប៉ាន់​ស្មានថា​នឹង​បន្ថែមចំនួន១៥.៥០០យូ​នី​ត​បន្ថែមទៀត ចូលទៅក្នុង​ទីផ្សារ​លំនៅដ្ឋាន ដែល​ភាគច្រើន​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ។

ក្នុង​រយៈពេល​ដូចគ្នានេះដែរ គម្រោង​លំនៅដ្ឋាន​ចំនួន១១ បានបញ្ចប់​ការសាងសង់ ហើយ​គម្រោង​ទាំងនេះ បាន​បន្ថែម​ប្រមាណ៤.៥០០យូ​នី​ត ចូលទៅក្នុង​ទីផ្សារ​លំនៅដ្ឋាន។

គម្រោង​លំនៅដ្ឋាន​ស្ថិតក្រោម​ការសាងសង់ និង​គម្រោង​ដែល​ទើបនឹង​ចាប់ផ្តើម​សាងសង់​ថ្មី ភាគច្រើន​ផ្តោតលើ​លំនៅដ្ឋាន​តម្លៃ​សមរម្យ។ លំនៅដ្ឋាន​ជាប់​គ្នា ឬ​ផ្ទះល្វែង (Linkhouse) ៦០% នៃ​គម្រោង​សាសង​សង់​ថ្មី ផ្តោតលើ​ទីផ្សារ​លំនៅដ្ឋាន ដែលមាន​តំលៃ​សមរម្យ និង​វីឡា​ទោល​ជាង៧០% ផ្តោតលើ​ទីផ្សារ​តម្លៃ​សមរម្យ។

គិត​ចាប់តាំងពី​ត្រីមាស​ទី៣ ឆ្នាំ២០២០ តម្លៃ​លំនៅដ្ឋាន​បាន​ធ្លាក់ចុះ ដោយ​ជា​មធ្យម​ប្រភេទ​វីឡា​ទោល​ធ្លាក់ចុះ២០,១% ហើយ​ផ្ទះ​ជាប់​គ្នា (Linkhouse) ធ្លាក់ចុះ១៩.៥%។

ប្រភេទ​ផ្ទះ​អាជិ​វក​ម្ម (shophouse) ធ្លាក់ចុះ១៦.៧% ផ្ទះល្វែង (flathouse) ធ្លាក់ចុះ១៥,៤% និង​វីឡា​ភ្លោះ​ធ្លាក់ចុះ ១៣.៥% ។

នៅ​ដើមឆ្នាំ២០២១នេះ បើទោះជា​ស្ថានភាព​ប្រឈម​នឹង​ជំងឺ​កូ​វីដ១៩ នៅតែ​បន្ត ប៉ុន្តែ​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន​នៅ​កម្ពុជា នៅតែ​បន្តសកម្មភាព​ជាមួយនឹង​ការប្រកួតប្រជែង​គ្នា ដើម្បី​អាច​ទទួលបាន​ភាពជោគជ័យ ទៅលើ​គម្រោង​វិនិយោគ​របស់ខ្លួន។

លោក​ម៉ាន់ ច័ន្ទ​ឌី​អគ្គនាយក​ក្រុមហ៊ុន Premium Group បាន​មានប្រសាសន៍​កាលថ្មីៗនេះ​ថា ការប្រកួតប្រជែង បាន​នាំយកមក​នូវ​ភាពល្អប្រសើរ ដែល​ក្រៅពី​ផ្តល់​ជម្រើស​ល្អ​សម្រាប់​អតិថិជន វា​ក៏បាន​ចូលរួម​ពង្រឹង​កេរ្តិ៍ឈ្មោះ ក្រុមហ៊ុន​អភិវឌ្ឍន៍​កាន់តែខ្លាំង និង​បង្កើន​ការផ្តល់​ទំនុកចិត្ត​ពី​អតិថិជន ហើយ​អ្វីដែល​សំខាន់​គឺអាច​ពង្រឹង​នូវ​គុណភាព វិស័យ​សំណង់​នៅ​កម្ពុជា​ថែមទៀត ដូច្នេះ​ការប្រកួតប្រជែង​មាន​ភាពចាំបាច់​បំផុត។

លោក​បាន​បញ្ជាក់ថា “បច្ចុប្បន្ន​តំបន់ ដែលមាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​សំណង់ និង​លំនៅដ្ឋាន គឺ​មាននៅ​ជុំវិញ​រាជធានី​ភ្នំពេញ ដូចជា នៅ​តំបន់​ផ្លូវជាតិ​លេខ៦ក្នុង​ខណ្ឌ​ជ្រោយចង្វារ នៅ​តំបន់​ផ្លូវ៥១ នៅ​ព្រែក​ព្នៅ នៅ​តំបន់​ផ្លូវជាតិ​លេខ៣ នៅ​តំបន់​ព្រៃ​ស នៅក្បែរ​ផ្លូវ៦០ម៉ែត្រ ក៏ដូចជា នៅ​តំបន់​ផ្លូវជាតិ​លេខ១ ដែលមាន​ទាំង​គម្រោង​លំនៅដ្ឋាន​កម្រិត​សមរម្យ និង​គម្រោង​លំនៅដ្ឋាន​កម្រិត​អភិជន ហើយ​គម្រោង​សាងសង់​ទាំងអស់នេះ នៅ​មិនទាន់​ឈានដល់​ចំណុច​ឆ្អែត​នៅឡើយ​នោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here