ដោយៈ ម៉ាណេត
ភ្នំពេញៈ ការផ្គត់ផ្គង់លំនៅដ្ឋានជាប់ដី ពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបន្តកើនឡើងក្នុងល្បឿនយ៉ាងលឿន ក្នុងរយៈពេល៦ខែចុងក្រោយ (គិតជាមួយនឹងត្រីមាសទី១ ឆ្នាំ២០២១) ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។
របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេលដូចគ្នានេះ ទីផ្សារលំនៅដ្ឋានឃើញមានគម្រោងលំនៅដ្ឋានចំនួន២១ បានដំណើរការសាងសង់នៅទូទាំងខណ្ឌ៩ នៃទីក្រុងភ្នំពេញ។ គម្រោងលំនៅដ្ឋាន ដែលទើបនឹងចាប់ផ្តើមសាងសង់នេះ ត្រូវបានប៉ាន់ស្មានថានឹងបន្ថែមចំនួន១៥.៥០០យូនីតបន្ថែមទៀត ចូលទៅក្នុងទីផ្សារលំនៅដ្ឋាន ដែលភាគច្រើនមានមូលដ្ឋាននៅរាជធានីភ្នំពេញ។
ក្នុងរយៈពេលដូចគ្នានេះដែរ គម្រោងលំនៅដ្ឋានចំនួន១១ បានបញ្ចប់ការសាងសង់ ហើយគម្រោងទាំងនេះ បានបន្ថែមប្រមាណ៤.៥០០យូនីត ចូលទៅក្នុងទីផ្សារលំនៅដ្ឋាន។
គម្រោងលំនៅដ្ឋានស្ថិតក្រោមការសាងសង់ និងគម្រោងដែលទើបនឹងចាប់ផ្តើមសាងសង់ថ្មី ភាគច្រើនផ្តោតលើលំនៅដ្ឋានតម្លៃសមរម្យ។ លំនៅដ្ឋានជាប់គ្នា ឬផ្ទះល្វែង (Linkhouse) ៦០% នៃគម្រោងសាសងសង់ថ្មី ផ្តោតលើទីផ្សារលំនៅដ្ឋាន ដែលមានតំលៃសមរម្យ និងវីឡាទោលជាង៧០% ផ្តោតលើទីផ្សារតម្លៃសមរម្យ។
គិតចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២០ តម្លៃលំនៅដ្ឋានបានធ្លាក់ចុះ ដោយជាមធ្យមប្រភេទវីឡាទោលធ្លាក់ចុះ២០,១% ហើយផ្ទះជាប់គ្នា (Linkhouse) ធ្លាក់ចុះ១៩.៥%។
ប្រភេទផ្ទះអាជិវកម្ម (shophouse) ធ្លាក់ចុះ១៦.៧% ផ្ទះល្វែង (flathouse) ធ្លាក់ចុះ១៥,៤% និងវីឡាភ្លោះធ្លាក់ចុះ ១៣.៥% ។
នៅដើមឆ្នាំ២០២១នេះ បើទោះជាស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ នៅតែបន្ត ប៉ុន្តែការអភិវឌ្ឍលើវិស័យលំនៅដ្ឋាននៅកម្ពុជា នៅតែបន្តសកម្មភាពជាមួយនឹងការប្រកួតប្រជែងគ្នា ដើម្បីអាចទទួលបានភាពជោគជ័យ ទៅលើគម្រោងវិនិយោគរបស់ខ្លួន។
លោកម៉ាន់ ច័ន្ទឌីអគ្គនាយកក្រុមហ៊ុន Premium Group បានមានប្រសាសន៍កាលថ្មីៗនេះថា ការប្រកួតប្រជែង បាននាំយកមកនូវភាពល្អប្រសើរ ដែលក្រៅពីផ្តល់ជម្រើសល្អសម្រាប់អតិថិជន វាក៏បានចូលរួមពង្រឹងកេរ្តិ៍ឈ្មោះ ក្រុមហ៊ុនអភិវឌ្ឍន៍កាន់តែខ្លាំង និងបង្កើនការផ្តល់ទំនុកចិត្តពីអតិថិជន ហើយអ្វីដែលសំខាន់គឺអាចពង្រឹងនូវគុណភាព វិស័យសំណង់នៅកម្ពុជាថែមទៀត ដូច្នេះការប្រកួតប្រជែងមានភាពចាំបាច់បំផុត។
លោកបានបញ្ជាក់ថា “បច្ចុប្បន្នតំបន់ ដែលមានគម្រោងអភិវឌ្ឍន៍វិស័យសំណង់ និងលំនៅដ្ឋាន គឺមាននៅជុំវិញរាជធានីភ្នំពេញ ដូចជា នៅតំបន់ផ្លូវជាតិលេខ៦ក្នុងខណ្ឌជ្រោយចង្វារ នៅតំបន់ផ្លូវ៥១ នៅព្រែកព្នៅ នៅតំបន់ផ្លូវជាតិលេខ៣ នៅតំបន់ព្រៃស នៅក្បែរផ្លូវ៦០ម៉ែត្រ ក៏ដូចជា នៅតំបន់ផ្លូវជាតិលេខ១ ដែលមានទាំងគម្រោងលំនៅដ្ឋានកម្រិតសមរម្យ និងគម្រោងលំនៅដ្ឋានកម្រិតអភិជន ហើយគម្រោងសាងសង់ទាំងអស់នេះ នៅមិនទាន់ឈានដល់ចំណុចឆ្អែតនៅឡើយនោះទេ ៕