ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ឲ្យសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទរមណីយដ្ឋាន គោលដៅទេសចរណ៍ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ទី២០ ខែមេសា។
ការបិទរមណីដ្ឋាននិងគោលដៅទេសចរណ៍នេះ អនុវត្តតាមសេចក្តីសម្រេចរាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំង ប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវចាត់តាំងក្រុមការងារ ដើម្បីតាមដានត្រួតពិនិត្យកិច្ចការ នេះឲ្យបានម៉ត់ចត់ដោយមិន ត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ ដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួនក្នុងរយៈពេលនៃការបិទជាបណ្តោះអាសន្ននេះ ជាដាច់ខាត៕