ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថិតនៅក្នុងបរិបទនៃសម័យកាលកូវីដ ដែលកំពុងរាតត្បាតគួរឱ្យព្រួយបារម្ភនៅពេលបច្ចុប្បន្ន បានជះឥទ្ធិពលអាក្រក់ទៅលើស្ទើរគ្រប់វិស័យ ជាពិសេសទីផ្សារអចលនទ្រព្យ ដែលកំពុងមានភាពស្ងប់ស្ងាត់ ខណៈដែលសកម្មភាពរបស់មនុស្សពាក់ព័ន្ធនៅក្នុងវិស័យនេះត្រូវបានកាត់បន្ថយ។
អនុប្រធានសមាគមអចលនទ្រព្យសកលប្រចាំរាជធានីភ្នំពេញ លោកឡោ វិចិត្រ ដែលជាអ្នកមានជំនាញ និងបទពិសោធន៍ នៅក្នុងការជំរុញការលក់អចលនទ្រព្យបានចែករំលែកថា មិនថាទោះជាស្ថិតនៅក្នុងកាលៈទេសៈណានោះទេ សម្រាប់អ្នកលក់ដែលឆ្លាតវៃនៅតែអាចអាចបាន ប្រៀបដូចអ្នកជំនួញដែលពូកែ ទោះស្ថិតក្នុងស្ថានភាពលំបាក សេដ្ឋកិច្ចធ្លាក់ចុះ ក៏គេនៅតែអាចរកប្រាក់ចំណេញបាន។
លោកបន្តថា “យើងទទួលស្គាល់ថា នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្នពិតជាបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យជាខ្លាំង” ។ លោកបន្តថា “មានបងប្អូនខ្លះដែលជាភ្នាក់ងារលក់លើកឡើងថា ដោយសារតែមនុស្សភាគច្រើន មិនសូវហ៊ានចេញដើរក្រៅច្រើន ទើបពិបាកណាត់ភ្ញៀវទៅមើលគម្រោង បើទោះជាដឹងថាភ្ញៀវមានចំណាប់អារម្មណ៍ចង់ទិញដី ក៏ភ្ញៀវមិនទាន់ទៅមើលដល់ទីតាំង ក៏ដូចជាអ្នកលក់ខុនដូ ក៏ពិបាកក្នុងការណាត់ភ្ញៀវដូចគ្នា” ។
លោកឡោ វិចិត្របានបន្តថា ដើម្បីឱ្យយើងអាចទទួលបានលទ្ធផលល្អប្រសើរពីការលក់ ដំបូងភ្នាក់ងារដែលជាអ្នកលក់ គប្បីស្វែងយល់ពីប្រភេទអចលនទ្រព្យ ដែលខ្លួនទទួលលក់ឱ្យបានច្បាស់សិន បន្ទាប់មកត្រូវស្វែងរកដៃគូ ដែលមានបទពិសោធន៍ច្បាស់ មានការយល់ដឹងពីទីផ្សារអចលនទ្រព្យ ដើម្បីជួយជ្រោមជ្រែង និងជាជំនួយអាចឈានទៅដល់ការសម្រេចផែនការលក់របស់ខ្លួន។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកឡោ វិចិត្រ ក៏បានបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលមានបទពិសោធន៍ លើការលក់អចលនទ្រព្យ អាចមិនសូវមានបញ្ហាចោទនោះទេ ប៉ុន្តែសម្រាប់ភ្នាក់ងារ ដែលទើបចូលប្រឡូកក្នុងវិស័យនេះថ្មីថ្មោង គប្បីមានការស្វែងយល់បន្ថែមពាក់ព័ន្ធទៅនឹងរបៀប និងវិធីសាស្ត្រជំរុញការលក់ តាមរយៈការអានសៀវភៅចំណេះដឹងផ្នែកអចលនទ្រព្យ ឬអាចតាមរយៈការចុះឈ្មោះ ចូលរៀននៅក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើន។
ដោយឡែកពាក់ព័ន្ធទៅនឹងការលក់អចលនទ្រព្យ នៅក្នុងសម័យកូវីដនៅពេលនេះ លោកឡោ វិចិត្របានមានប្រសាសន៍ថា ពេលនេះគឺជាឱកាសមួយដ៏ល្អ ក្នុងការស្វែងយល់បន្ថែមពីចំណេះដឹងពាក់ព័ន្ធ ជាពិសេសការចេះប្រើបច្ចេកវិទ្យាជាជំនួញ ក្នុងការលក់។ លោកបន្តថា មិនថាពេលនេះ ឬពេលបន្តិចទៀតនោះទេ ការលក់អចលនទ្រព្យអាចធ្វើឡើង តាមរយៈបច្ចេកវិទ្យាបែបទំនើបទាំងនេះបាន ដោយមិនចាំបាច់អញ្ជើញភ្ញៀវមកដល់ទីតាំងគម្រោងផ្ទាល់ទៀតនោះទេ។
ដូច្នេះបងប្អូន ត្រូវតែធ្វើការស្វែងយល់ និងបង្កើនចំណេះដឹងផ្នែកនេះ ជាក់ស្តែងបច្ចុប្បន្នអ្នកលក់ដែលជោគជ័យ ក្នុងសម័យកាលនេះមួយចំនួន ក៏ត្រូវបានជ្រើសយកប្រព័ន្ធបច្ចេកវិទ្យាធ្វើជាជំនួញនៃការលក់ដែរ៕