ដោយ គង់ ម៉ាលីន
ភ្នំពេញ៖ ស្របពេលតម្លៃដីធ្លីបានកើនឡើងយ៉ាងគំហុក បានធ្វើឲ្យអ្នកអភិវឌ្ឍន៍បុរីមួយចំនួនប្រឈមមុខនឹងបញ្ហា ដោយសារតម្លៃដីដែលសាងសង់បុរី ឬលំនៅដ្ឋាននានា មិនអាចធ្វើបានទេ នៅពេលតម្លៃហក់ឡើងខ្ពស់ពេក។
ជំនួយការអគ្គនាយកបុរីពិភពថ្មី លោកង៉ែត ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ការសាងសង់លំនៅដ្ឋានតម្លៃ៥ ទៅ៦ម៉ឺនដុល្លារមិនអាចធ្វើបាននោះទេ នៅពេលតម្លៃដីកើនឡើងខ្ពស់ពេក ព្រោះពេលតម្លៃដីកើនខ្ពស់ពេក គឺធ្វើឲ្យការសាងសង់មិនអាចរកផលចំណេញបាន។លោកបន្តថា តម្លៃដីកើនចន្លោះពី២៥០ទៅ៣០០ដុល្លារ មិនអាចសាងសង់បានទេ ដោយសារការទូទាត់លើសម្ភារៈសំណង់ តម្លៃដី និងការលក់ផ្ទះតម្លៃខាងលើមិនអាចកើតមាននោះទេ។
លោកបន្តថា “យើងប្រឈមមុខនឹងបញ្ហាដីឡើងថ្លៃ ហើយពិបាករកទិញដីដែលមានតម្លៃសមរម្យ សម្រាប់សាងសង់លំនៅដ្ឋានក្នុងបុរីបាន”។ លោកបន្តថា “តម្លៃដីបានកើនឡើងយ៉ាងខ្ពស់ នៅតាមបណ្តោយផ្លូវលេខ៣៧១ ផ្លូវចំការដូង ដែលធ្វើឲ្យក្រុមហ៊ុនប្រឈមមុខនឹងកង្វះដីនាពេលអនាគត”។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានមានប្រសាសន៍ស្រដៀងគ្នាថា ដីដែលមានតម្លៃចាប់ពី៤០០ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ មិនអាចសាងសង់លំនៅដ្ឋានឬបុរីនានាបាននោះទេ ដោយសារវាចំណាយច្រើនទៅលើថ្លៃដី និងសម្ភារៈសំណង់ផ្សេងៗ។លោកបន្តថា តម្លៃដីដែលបានដាក់លក់នៅលើទីផ្សារភាគច្រើន មានតម្លៃលើសទីផ្សារពិតប្រាកដចន្លោះពី៥០ ទៅ៨០ភាគរយនាពេលបច្ចុប្បន្ននេះ។
លោកបន្តថា “តម្លៃដីពិតប្រាកដមិនមែនជាតម្លៃដែលអ្នកទិញទាមទារនោះទេ ប៉ុន្តែជាតម្លៃដែលបានលក់ចេញ”។លោកបន្តថា “ដីមានតម្លៃខ្ពស់ មានតែសាងសង់ខុនដូឬអាផាតម៉ិន ដែលមានកំពស់ខ្ពស់ៗ ដើម្បីកាត់បន្ថយតម្លៃដើមនៃតម្លៃសំណង់ និងដីធ្លី”។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានលោកឧកញ៉ាលី ហួរបានថ្លែងថា តម្លៃដីពិតជាកើនឡើងខ្ពស់ ប៉ុន្តែអ្នកអភិវឌ្ឍន៍ដូចជាលោក តែងមានផែនការ៥ទៅ១០ឆ្នាំចំពោះមុខ ដោយស្វែងរកដី ដើម្បីបើកគំរោងអភិវឌ្ឍន៍បន្តទៀតនាពេលអនាគត។លោកបន្តថា ការមិនមានទិញដីទុក យើងមិនអាចរកដីអភិវឌ្ឍន៍បានទេ ហេតុនេះទើបយើងត្រូវរកដីទុកជាមុន ដើម្បីអភិវឌ្ឍន៍នៅតំបន់ដែលទីក្រុងរីកទៅដល់នាពេលអនាគត៕