ដោយៈ រ៉ាណេត
ភ្នំពេញៈ ផ្ទុយពីតម្រូវការជួលទីតាំងលក់រាយ នៅតាមបណ្តាផ្សារទំនើបធំៗដូចជា Shopping Mall និង Super Market នៅទូទាំងរាជធានីភ្នំពេញ កំពុងជួបឱនភាពនោះ ប៉ុន្តែតម្លៃជួល នៅតាមផ្សារទំនើបខ្នាតតូចបែបសហគមន៍ (Community Mall)បែរជាមានកំណើនជាង៤ភាគរយ។
ផ្អែកតាមការសិក្សាស្រាវជ្រាវ និងរបាយការណ៍ដែលចេញដោយក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា នៅក្នុអំឡុងពេលត្រីមានទី១ ដើមឆ្នាំ២០២១ ខណៈដែលតម្រូវការជួលទីតាំងលក់រាយ នៅតាមបណ្តាផ្សារទំនើបធំៗ នៅក្នុងរាជធានីភ្នំពេញមានការធ្លាក់ចុះយ៉ាងខ្លាំង រហូតក្រុមហ៊ុនអភិវឌ្ឍន៍នៅទីតាំងមួយចំនួន សម្រេចចិត្តកាត់បន្ថយថ្លៃជួលប្រចាំខែ ប៉ុន្តែទីតាំងជួលនៅតាមផ្សារសហគមន៍បែរជាកើនឡើង។
របាយការណ៍ដដែលបានអះអាងថា ខណៈដែលតម្រូវការនៅតាមបណ្តាផ្សារទំនើបធំៗកំពុងជួបឱនភាពនោះ បែរជាតម្រូវការជួលទីតាំងលក់រាយ នៅតាមបណ្តាផ្សារទំនើបបែបសហគមន៍តូចៗ ក្នុងតំបន់ទីប្រជុំជនមួយចំនួនកើនឡើង ជាមួយនឹងអត្រាកំណើនតម្លៃគិតជាមធ្យមក្នុងជាង៤ភាគរយ។
តម្លៃទីតាំងលក់រាយនៅក្នុងផ្សារទំនើប បែបសហគមន៍នៅក្នុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ គិតជាមធ្យមស្ថិតនៅក្នុងរង្វង់ប្រមាណ២២.៣១ដុល្លារ ក្នុងមួយម៉ែត្រការ៉េគិតជាខែ ខណៈដែលតម្លៃនៃការជួលនៅផ្សារទំនើបធំៗ ស្ថិតនៅក្នុងចន្លោះពី២៥.៥០ទៅដល់២៨ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េក្នុងមួយម៉ែត្រការ៉េ។
លោកស្រីអាន សុធីតា អ្នកជំនាញនៅក្នុងការសិក្សា វាយតម្លៃអចលនទ្រព្យ និងផ្នែកទីផ្សារទំនើប បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា មិនថាស្ថិតនៅក្នុងបរិបទណានោះទេ ផ្សារទំនើបបែបសមហគមន៍ នៅតែមានប្រជាប្រិយភាពខ្ពស់ បើប្រៀបធៀបទៅនឹងផ្សារទំនើបធំ។
លោកស្រីបន្តថា “ភាគច្រើនផ្សារទំនើបបែបសហគមន៍ ត្រូវបានសាងសង់នៅជាប់ផ្លូវធំ ងាយស្រួលចេញចូល មិនពិបាកក្នុងការចំណាយពេលទុកដាក់យានយន្ត ហើយអ្វីដែលសំខាន់គឺរាល់ផលិតផល និងសម្ភារៈដែលដាក់លក់ នៅក្នុងផ្សារទំនើបប្រភេទនេះ ភាគច្រើនជារបស់ប្រើប្រាស់ប្រចាំថ្ងៃ និងមានតម្រូវការជាក់ស្ដែង ដែលខុសពីផ្សារទំនើប ជាប្រភេទផ្សារលកើទំនិញ និងបែបកម្សាន្ត” ។
លោកស្រីញ្ជាក់ថា “មនុស្សភាគច្រើន ដែលទៅផ្សារទំនើបធំៗគឺក្នុងគោលបំណងដើរទិញទំនិញបែបកម្សាន្ត និងលំហែរអារម្មណ៍ច្រើន ជាងការទិញទំនិញដែលជាតម្រូវការពិតប្រាកដ។ ដោយឡែកសម្រាប់អ្នក ដែលចូលផ្សារទំនើបខ្នាតតូច ឬផ្សារទំនើបបែបសហគមន៍ ភាគច្រើនជាអ្នកមានតម្រូវការពិត ដែលវាមិនមែនជាការកម្សាន្តនោះទេ” ៕