តម្លៃ​ជួល​ទីតាំង​លក់រាយ​ផ្សារ​បែប​សហគមន៍​កើនឡើង ដើរ​បញ្ច្រាសទិស​ទីផ្សារ​ទំនើបធំៗដែល​កំពុង​ដាំ​ក្បាល​ចុះ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ផ្ទុយ​ពី​តម្រូវ​ការជួល​ទីតាំង​លក់រាយ នៅតាម​បណ្តា​ផ្សារ​ទំនើបធំៗដូចជា Shopping Mall និង Super Market នៅ​ទូទាំង​រាជធានី​ភ្នំពេញ កំពុង​ជួប​ឱនភាព​នោះ ប៉ុន្តែ​តម្លៃ​ជួល នៅតាម​ផ្សារ​ទំនើប​ខ្នាតតូច​បែប​សហគមន៍ (Community Mall)បែរ​ជាមាន​កំណើន​ជាង៤ភាគរយ។

ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ និង​របាយការណ៍​ដែល​ចេញ​ដោយ​ក្រុមហ៊ុន CBRE Cambodia បាន​បង្ហាញថា នៅ​ក្នុ​អំឡុងពេល​ត្រី​មាន​ទី១ ដើមឆ្នាំ២០២១ ខណៈដែល​តម្រូវ​ការជួល​ទីតាំង​លក់រាយ នៅតាម​បណ្តា​ផ្សារ​ទំនើបធំៗ នៅក្នុង​រាជធានី​ភ្នំពេញ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង រហូត​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​ទីតាំង​មួយចំនួន សម្រេចចិត្ត​កាត់បន្ថយ​ថ្លៃ​ជួល​ប្រចាំខែ ប៉ុន្តែ​ទីតាំង​ជួល​នៅតាម​ផ្សារ​សហគមន៍​បែរជា​កើនឡើង។

របាយការណ៍​ដដែល​បាន​អះអាងថា ខណៈដែល​តម្រូវការ​នៅតាម​បណ្តា​ផ្សារ​ទំនើបធំៗកំពុង​ជួប​ឱនភាព​នោះ បែរជា​តម្រូវ​ការជួល​ទីតាំង​លក់រាយ នៅតាម​បណ្តា​ផ្សារ​ទំនើប​បែប​សហគមន៍តូចៗ ក្នុង​តំបន់​ទីប្រជុំជន​មួយចំនួន​កើនឡើង ជាមួយនឹង​អត្រាកំណើន​តម្លៃ​គិត​ជា​មធ្យម​ក្នុង​ជាង៤ភាគរយ។

តម្លៃ​ទីតាំង​លក់រាយ​នៅក្នុង​ផ្សារ​ទំនើប បែប​សហគមន៍​នៅក្នុង​ត្រីមាស​ទី១ដើមឆ្នាំ២០២១នេះ គិត​ជា​មធ្យម​ស្ថិតនៅក្នុង​រង្វង់​ប្រមាណ២២.៣១ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​គិត​ជា​ខែ ខណៈដែល​តម្លៃ​នៃ​ការជួល​នៅ​ផ្សារ​ទំនើបធំៗ ស្ថិតនៅក្នុង​ចន្លោះ​ពី២៥.៥០ទៅដល់២៨ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោកស្រី​អាន សុធី​តា អ្នកជំនាញ​នៅក្នុង​ការសិក្សា វាយតម្លៃ​អចលនទ្រព្យ និង​ផ្នែក​ទីផ្សារ​ទំនើប បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា មិន​ថា​ស្ថិតនៅក្នុង​បរិបទ​ណា​នោះទេ ផ្សារ​ទំនើប​បែប​សម​ហគ​មន៍ នៅតែមាន​ប្រជាប្រិយភាព​ខ្ពស់ បើ​ប្រៀបធៀប​ទៅនឹង​ផ្សារ​ទំនើបធំ។

លោកស្រី​បន្តថា “ភាគច្រើន​ផ្សារ​ទំនើប​បែប​សហគមន៍ ត្រូវបាន​សាងសង់​នៅជាប់​ផ្លូវធំ ងាយស្រួល​ចេញចូល មិន​ពិបាក​ក្នុងការ​ចំណាយពេល​ទុកដាក់​យានយន្ត ហើយ​អ្វីដែល​សំខាន់​គឺ​រាល់​ផលិតផល និង​សម្ភារៈ​ដែល​ដាក់លក់ នៅក្នុង​ផ្សារ​ទំនើប​ប្រភេទ​នេះ ភាគច្រើន​ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​មាន​តម្រូវការ​ជាក់ស្ដែង ដែល​ខុសពី​ផ្សារ​ទំនើប ជា​ប្រភេទ​ផ្សា​រល​កើ​ទំនិញ និង​បែប​កម្សាន្ត” ។

លោកស្រី​ញ្ជា​ក់ថា “មនុស្ស​ភាគច្រើន ដែល​ទៅ​ផ្សារ​ទំនើបធំៗគឺ​ក្នុង​គោលបំណង​ដើរ​ទិញ​ទំនិញ​បែប​កម្សាន្ត និង​លំហែរ​អារម្មណ៍​ច្រើន ជាង​ការទិញ​ទំនិញ​ដែលជា​តម្រូវការ​ពិតប្រាកដ។ ដោយឡែក​សម្រាប់​អ្នក ដែល​ចូល​ផ្សារ​ទំនើប​ខ្នាតតូច ឬ​ផ្សារ​ទំនើប​បែប​សហគមន៍ ភាគច្រើន​ជា​អ្នកមាន​តម្រូវ​ការពិត ដែល​វា​មិនមែនជា​ការកម្សាន្ត​នោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here