ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថិតនៅក្នុងបរិបទនៃស្ថានភាពប្រឈម ទៅនឹងវិបត្តិកូវីដដែលធ្វើឱ្យប៉ះពាល់ទៅដល់វិស័យនានាជាច្រើន រាប់ទាំងសេដ្ឋកិច្ចជាតិផងដែរនោះ សម្រាប់ទីផ្សារអចលនទ្រព្យ ឬការទិញលក់អចលនវត្ថុ នៅតែបន្តមានសកម្មភាពជាបន្តបន្ទាប់។
សកម្មភាពទាំងនេះ អាចកើតមានឡើងរវាងអ្នក ដែលមានតម្រូវការសាច់ប្រាក់ដែលជាម្ចាស់អចលនវត្ថុ និងអ្នកទិញដែលមានទុនគ្រប់គ្រាន់ សម្រាប់វិនិយោគបន្តក្រោយពេលវិបត្តិត្រូវបញ្ចប់។
ប្រធានសមាគមន៍អចលនទ្រព្យសកល GRA លោកសំ សុខនឿន បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា ថ្វីត្បិតទីផ្សារអចលនទ្រព្យរួម បានទទួលរងនូវផលប៉ះពាល់ពីវិបត្តិកូវីដដូចវិស័យដទៃ ប៉ុន្តែសម្រាប់ការទិញលក់អចលនវត្ថុមួយចំនួននៅតែបន្តមានសកម្មភាព។
នៅក្នុងកំឡុងពេលនេះ នៅក្នុងការទិញលក់ភាគច្រើន កើតមានដោយសារតែអ្នកដែលមានតម្រូវការសាច់ប្រាក់បង្វិលជាចាំបាច់ និងអ្នកមានលុយដែលរង់ចាំទិញអចលនវត្ថុតម្លៃទាប។
លោកសំ សុខនឿនបានបញ្ជាក់ថា “កូវីដ១៩ បានធ្វើឱ្យកើតមានវិបត្តិហិរញ្ញវត្ថុលើមនុស្ស ក៏ដូចជាអ្នករកស៊ីជាច្រើន” ។
លោកបន្តថា ពេលនេះអាចនិយាយបានថា វាជាឱកាសសម្រាប់អ្នកដែលមានលុយគ្រប់គ្រាន់ស្វែងរក ឬរង់ចាំទិញអចលនវត្ថុល្អៗ ដែលមានតម្លៃទាប សម្រាប់ទុកវិនិយោគបន្ត យកចំណេញច្រើននៅក្រោយពេលដែលវិបត្តិមួយនេះ បានបញ្ចប់។ ប៉ុន្តែនៅក្នុងឱកាសនេះ វាមិនមែនជាវេលាល្អ សម្រាប់ម្ចាស់អចលនវត្ថុ ក្នុងការលក់ចេញនោះទេ។ នៅពេលដែលទីផ្សារ គ្មានអ្នកទិញច្រើន តម្លៃនឹងត្រូវបានចុះទាប ដូច្នេះវាអាចកើតមានចំពោះអ្នកដែលត្រូវការសាច់ប្រាក់ចាំបាច់ បើទោះជាត្រូវលក់ទាំងខាតតម្លៃដើម ក៏ត្រូវតែបង្ខំចិត្តលក់ដែរ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកសំ សុខនឿនក៏បានបន្តឱ្យដឹងដែរថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យកម្ពុ ជាគឺពិតជាកំពុងទទួលរងនូវផលប៉ះពាល់ រហូតធ្វើឱ្យគម្រោងសាងសង់មួយចំនួន បង្ខំចិត្តផ្អាកដំណើរការ ប៉ុន្តែក៏មានគម្រោងធំៗផ្សេងទៀតនៅតែបន្តសកម្មភាពសាងសង់ដដែល គ្រាន់តែបន្ថយល្បឿនតែប៉ុណ្ណោះ។
លោកបន្តថា គម្រោងដែលនៅតែបន្តសាងសង់រួមមាន ដូចជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម ក្រោមការវិនិយោគពីអ្នកក្នុងស្រុក និងគម្រោងធំៗផ្សេងទៀតជាគម្រោងដែលបន្សល់ទុកតាំងពីឆ្នាំចាស់៕