ដោយគង់ សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ ទឹកប្រាក់ជិត៤០ពាន់លានដុល្លារត្រូវបានចាក់ចូលក្នុងវិស័យសំណង់ និងអចលនវត្ថុកម្ពុជា ដែលបានធ្វើឲ្យមុខមាត់កម្ពុជាឈានទៅលំដាប់ថ្មីមួយ ពិសេសក្រុងភ្នំពេញ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំ ណង់ដែលបានបង្ហាញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រសួងបានអនុញ្ញាត្តិផ្តល់លិខិតសាងសង់ វិស័យសំណង់នៅទូទាំងប្រទេសចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ចំនួន៣៩៩០៣គម្រោង មានផ្ទៃក្រឡាសរុបជាង១០២លានម៉ែត្រក្រឡា និងមានទំហំទុនវិនិយោគជាង៣៧,៧៧១លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ដោយឡែកទុនវិនិយោគក្នុងវិស័យសំណង់ ក្នុងដំណាច់ឆ្នាំ២០១៧នេះ មានទឹកប្រាក់៦៤២៨លានដុល្លារ មានគំរោងសរុបចំនួន៣០៥២គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង១០លានម៉ែត្រការ៉េ ខណៈឆ្នាំមុនក្រសួងបានអនុម័តគំរោង២៤០៥ មានផ្ទៃក្រឡាសំណង់ជាង១១លានម៉ែត្រការ៉េ និងទឹកប្រាក់វិនិយោគជាង៥២៤៦លានដុល្លារអាមេរិក។
បច្ចុប្បន្ននេះ វិស័យសំណង់បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាចំនួនប្រមាណ២០ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយមិនទាន់រាប់បញ្ចូលពលករជំនាញបរទេសនៅឡើយ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់បានដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារដល់ប្រជាពលរដ្ឋ ធ្វើឲ្យគុណភាពជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ពិសេសជួយលើកកំពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដោយសារគំរោងវិនិយោគធំៗនៅកម្ពុជាភា គច្រើនបានយកទៅដាក់លក់នៅបរទេស។
អ្នកនាងបន្តថា “ជាមួយការការជំរុញឲ្យគុណភាពជីវិតប្រសើរឡើង ខ្ញុំគិតថាវិស័យនេះក៏ជួយក្នុងការអភិវឌ្ឍន៍សង្គម និងហេដ្ឋារចនាសម្ព័ន្ឋនានាផងដែរ”។
ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consultingលោកង៉ែត ជូបានថ្លែងថា វិស័យនេះបានផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចជាតិ ពិសេសផ្តល់ការងារដល់ប្រជាពលរដ្ឋ ប៉ុន្តែកម្ពុជាក៏បានបាត់បង់ផលប្រយោជន៍ច្រើន ពីកំនើននៃការវិនិយោគក្នុងវិស័យនេះផងដែរ ដោយសារកម្ពុជា បាននាំចូលវត្ថុធាតុដើមភាគច្រើនពីបរទេស ដែលធ្វើឲ្យតម្លៃបន្ថែមក្នុងវិស័យនេះបានបាត់បង់។
លោកបន្តថា “ប្រសិនជាគណនាផលទុនជាតិសរុប ក៏មានការរួមបញ្ចួលនូវទុនវិនិយោគពីបរទេសផ្ទាល់ផងដែរ ដែលវិស័យសំណង់បានចូលរួមជំរុញកំនើនសេដ្ឋកិច្ច និងសង្គម ហើយដើម្បីកាត់បន្ថយការបាត់បង់ផលប្រយោជន៍ក្នុងវិស័យនេះ ទាមទារឲ្យមានការវិនិយោគវត្ថុធាតុដើមក្នុងប្រទេសឲ្យបានច្រើន”៕