ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថិតនៅក្នុងបរិបទថ្មីនៃសម័យកាលកូវីដ ដែលធ្វើឱ្យវិស័យជាច្រើនទទួលរងនូវផលប៉ះពាល់ជាខ្លាំង ដែលក្នុងនោះរាប់ទាំងវិស័យអចលនទ្រព្យផងដែរនោះ លោកសន សៀប បានមានប្រសាសន៍ថា ទោះជាទីផ្សារអចលនទ្រព្យ ហាក់មានភាពស្ងប់ស្ងាត់ ប៉ុន្តែសម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ មិនត្រូវនៅស្ងៀមនោះទេ។
លោកសន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KEY Real Estate បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ផ្ទុយពីស្ថានភាពទីផ្សារដែលកំពុងមានភាពស្ងប់ស្ងាត់ ប៉ុន្តែសម្រាប់ក្រុមហ៊ុនភ្នាក់ងារ ត្រូវតែមានសកម្មភាព ដើម្បីពង្រឹងសមត្ថភាព ឱ្យកាន់តែរឹងមាំសម្រាប់ត្រៀមចាប់យកចំណែកទីផ្សារ ក្រោយពេលវិបត្តិត្រូវបានបញ្ចប់។
លោកបន្តថា “នៅក្នុងសម័យកាលដែលរំខានដោយវិបត្តិកូវីដ-១៩ មិនមែនមានតែកម្ពុជានោះទេ ពោលគឺស្ទើរតែគ្រប់បណ្តាប្រទេសនានា នៅលើពិភពលោកក៏ទទួលនូវឥទ្ធិពលអវិជ្ជមានដូចគ្នា ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ គឺការពង្រឹងសមត្ថភាពក្នុងការទប់ទល់នឹងវិបត្តិមួយនេះ” ។
លោកបន្តថា យើងដឹងហើយថា នៅក្នុងបរិបទនៃសម័យកូវីដ ការទិញលក់នៅក្នុងទីផ្សារអចលនទ្រព្យ ហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែក្នុងនាមជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ មិនត្រូវសម្ងំរក្សាភាពស្ងប់ស្ងាត់ដូចស្ថានភាពនោះទេ។ នៅក្នុងកំឡុងពេលនេះ ក្រៅពីព្យាយាមកាត់បន្ថយនូវការចំណាយក្រៅខ្ទង់ ក្រុមហ៊ុនត្រូវបានឆ្លៀតឱកាសក៏សាងកេរ្តិ៍ឈ្មោះរបស់ខ្លូន (Branding) តាមរយៈការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនាក់អេឡិចត្រូក ដែលកំពុងមានភាពរីកចម្រើននាពេលបច្ចុប្បន្នឱ្យបានទូលាយ។
លោកសន សៀប បានមានប្រសាសន៍បញ្ជាក់ទៀតថា អ្វីដែលជាចំណុចសំខាន់បន្ថែមពីនេះ គឺការព្យាយាមភ្ជាប់ទំនាក់ទំនង ជាមួយបណ្តាក្រុមហ៊ុនជាដៃគូ មិនថាជាក្រុមហ៊ុនភ្នាក់ងារដូចគ្នា ក្រុមហ៊ុនវិនិយោគ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍នោះទេ ដោយយើងអាចមានលទ្ធភាព ក្នុងការបង្កើតកិច្ចជំនួបតាមរយៈអនឡាញ (Video Group) ដែលកំពុងមានការពេញនិយមនៅពេលបច្ចុប្បន្ន។
ក្រៅពីនេះ ក៏ត្រូវមានការបណ្តុះបណ្តាលជំណេះដឹង ជំនាញពាក់ព័ន្ធបន្ថែមដល់បុគ្គលិករបស់ខ្លួន ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចាប់យកចំណែកទីផ្សារណាមួយបន្ទាប់ពីវិបត្តិនៃជំងឺឆ្លងត្រូវបានបញ្ចប់នៅពេលខាងមុខនេះ៕