លោក​សន សៀ​បៈ​តើ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​គួរ​ធ្វើ​ខ្លះ​នៅក្នុង​បរិបទ​កូ​វីដ១៩ ដ៏​សោកសៅ?

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​បរិបទ​ថ្មី​នៃ​សម័យកាល​កូ​វីដ ដែល​ធ្វើឱ្យ​វិស័យ​ជាច្រើន​ទទួលរង​នូវ​ផលប៉ះពាល់​ជាខ្លាំង ដែល​ក្នុងនោះ​រាប់ទាំង​វិស័យ​អចលនទ្រព្យ​ផងដែរ​នោះ លោក​សន សៀ​ប បាន​មានប្រសាសន៍ថា ទោះជា​ទីផ្សារ​អចលនទ្រព្យ ហាក់​មាន​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ មិនត្រូវ​នៅ​ស្ងៀម​នោះទេ។

លោក​សន សៀ​ប ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ KEY Real Estate បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា ផ្ទុយ​ពី​ស្ថានភាព​ទីផ្សារ​ដែល​កំពុង​មាន​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ភ្នាក់ងារ ត្រូវតែមាន​សកម្មភាព ដើម្បី​ពង្រឹងសមត្ថភាព ឱ្យ​កាន់តែ​រឹងមាំ​សម្រាប់​ត្រៀម​ចាប់យក​ចំណែក​ទីផ្សារ ក្រោយពេល​វិបត្តិ​ត្រូវបាន​បញ្ចប់។

លោក​បន្តថា “នៅក្នុង​សម័យកាល​ដែល​រំខាន​ដោយ​វិបត្តិ​កូ​វីដ-១៩ មិនមែន​មានតែ​កម្ពុជា​នោះទេ ពោលគឺ​ស្ទើរតែ​គ្រប់​បណ្តា​ប្រទេស​នានា នៅលើ​ពិភពលោក​ក៏​ទទួល​នូវ​ឥទ្ធិពល​អវិជ្ជមាន​ដូចគ្នា ប៉ុន្តែ​អ្វីដែល​យើង​ត្រូវធ្វើ គឺ​ការពង្រឹង​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​វិបត្តិ​មួយ​នេះ” ។

លោក​បន្តថា យើង​ដឹង​ហើយ​ថា នៅក្នុង​បរិបទ​នៃ​សម័យ​កូ​វីដ ការទិញ​លក់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ ហាក់​មាន​ភាពស្ងប់ស្ងាត់​បន្តិច ប៉ុន្តែ​ក្នុងនាម​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ មិនត្រូវ​សម្ងំ​រក្សា​ភាពស្ងប់ស្ងាត់​ដូច​ស្ថានភាព​នោះទេ។ នៅក្នុង​កំឡុង​ពេលនេះ ក្រៅពី​ព្យាយាម​កាត់បន្ថយ​នូវ​ការចំណាយ​ក្រៅ​ខ្ទង់ ក្រុមហ៊ុន​ត្រូវបាន​ឆ្លៀតឱកាស​ក៏​សាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លូន (Branding) តាមរយៈ​ការផ្សព្វផ្សាយ​នៅលើ​បណ្តាញ​ទំនាក់​ទំនាក់​អេ​ឡិច​ត្រូ​ក ដែល​កំពុងមាន​ភាព​រី​ក​ចម្រើន​នាពេល​បច្ចុប្បន្ន​ឱ្យបាន​ទូលាយ។

លោក​សន សៀ​ប បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា អ្វី​ដែលជា​ចំណុច​សំខាន់​បន្ថែម​ពីនេះ គឺ​ការព្យាយាម​ភ្ជាប់​ទំនាក់ទំនង ជាមួយ​បណ្តា​ក្រុមហ៊ុន​ជា​ដៃគូ មិន​ថា​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ដូចគ្នា ក្រុមហ៊ុន​វិនិយោគ ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នោះទេ ដោយ​យើង​អាចមាន​លទ្ធភាព ក្នុងការ​បង្កើត​កិច្ច​ជំនួប​តាមរយៈ​អន​ឡាញ (Video Group) ដែល​កំពុងមាន​ការពេញនិយម​នៅពេល​បច្ចុប្បន្ន។

ក្រៅពីនេះ ក៏ត្រូវ​មានការ​បណ្តុះបណ្តាល​ជំ​ណេះ​ដឹង ជំនាញ​ពាក់ព័ន្ធ​បន្ថែម​ដល់​បុគ្គលិក​របស់ខ្លួន ដើម្បី​អាចមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ចាប់យក​ចំណែក​ទីផ្សារ​ណាមួយ​បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺឆ្លង​ត្រូវបាន​បញ្ចប់​នៅពេល​ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here