លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា បញ្ជាក់​ពី​មាត្រដ្ឋាន​ទីធ្លា​ជុំវិញ​សំណង់​អាគារ​ចាប់ពី​កម្ពស់១២ឡើងទៅ​នៅ​កម្ពុជា

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ កាលពីពេល​កន្លងទៅ​នេះ​មាន​ចម្ងល់​ជាច្រើន ពី​សំណាក់​មហាជន​ពាក់ព័ន្ធ​ទៅនឹង​មាត្រដ្ឋាន នៃ​ការសាងសង់​សំណង់​អាគារធំៗ និងខ្ពស់ៗដែលមាន​កម្ពស់​ចាប់ពី១០ជាន់​ឡើងទៅ ត្រូវ​រក្សា​ធ្លា​ជុំវិញ​តួ​អាគារ​ប៉ុន្មាន​ម៉ែត្រ ដែល​ស្របតាម​កម្រិតស្ដងដារ​នៃ​សំណង់​អគារ ខណៈដែល​នៅ​កណ្តាល​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​វត្តមាន​អាគារ​ដុះ​ឡើង​ច្រូងច្រាង​ស្អា​ក​ស្កះ​ស្ទើរ​គ្រប់​ទី​ន្លែ​ង។

យោងតាម​ការកំណត់​ធ្លា គម្លាត​នគរូបនីយកម្ម ចំពោះ​សំណង់​ដែលមាន​កម្ពស់​ខ្ពស់​ចាប់ពី១០ជាន់​ឡើងទៅ គឺ​ត្រូវបាន​អនុវត្តតាម​អនុក្រឹត្យ​លេខ៨៦ អនក្រ.បក ចុះ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្ដីពី​លិខិតអនុញ្ញាត​សាងសង់ និង​អនុក្រឹត្យ​លេខ៤២ អនក្រ.បក ចុះ​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្ដីពី​នគរូបនីយកម្ម​រាជធានី ក្រុង និង​ទីប្រជុំជន។

យោងតាម​សេចក្ដីសម្រេច ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពីពេល​កន្លង​ទៅបាន​បញ្ជាក់ថា ដើម្បី​អាច​ធានាបាន​នូវ​គុណ​ភាណ ប្រសិទ្ធភាព និង​ចីរភាព នៃ​ការអភិវឌ្ឍ​នគរូបនីយកម្ម ក្រសួង​សូម​ណែនាំ​បន្ថែម​អំពី ការកំណត់​ធ្លា​គម្លាត​នគរូបនីយកម្ម ចំពោះ​សំណង់​អាគារ ដែលមាន​កម្ពស់​ខ្ពស់ ស្ថិតនៅតាម​បណ្តោយ​មហាវិថី នៃ​រាជធានី ក្រុង និង​ទីប្រជុំជន ហើយ​តម្រូវឱ្យមាន​ការអនុវត្ត​ជា​ចាំបាច់។

ប្រភេទ១ សម្រាប់​អគារ​ដែលមាន​កម្ពស់​ចា​ប់​ពី៣១ជាន់​ឡើងទៅ ត្រូវ​រក្សា​ធ្លា​គម្លាត​ខាងមុខ​យ៉ាងតិច១០ម៉ែត្រ និង​ធ្លា​គម្លាត​ខាងក្រោយ រួមទាំង​ចំហៀង​សងខាង​យ៉ាងតិច៤ម៉ែត្រ។

ប្រភេទ​ទី២ សម្រាប់​អគារ​ដែលមាន​កម្ពស់​ចា​ប់​ពី២១ជាន់ រហូតដល់៣០ជាន់ ត្រូវ​រក្សា​ធ្លា គម្លាត​ខាងមុខ​យ៉ាងតិច៨ម៉ែត្រ និង​ធ្លា​គម្លាត​ខាងក្រោយ រួមទាំង​ចំហៀង​សងខាង​យ៉ាងតិច៣.៥ម៉ែត្រ។

ប្រភេទ​ទី៣  សម្រាប់​អគារ ដែលមាន​កម្ពស់​ចាប់ពី១២ជាន់ រហូតដល់២០ជាន់ ត្រូវ​រក្សា​ធ្លា​គម្លាត​ខាងមុខ​យ៉ាងតិច៦ម៉ែត្រ និង​ធ្លា​គម្លាត​ខាងក្រោយ រួមទាំង​ចំហៀង​សងខាង​យ៉ាងតិច៣ម៉ែត្រ។

ការកំណត់​ពី​មាត្រដ្ឋាន​ធ្លា​គម្លាត​ផ្នែក​ខាងមុខ ក៏ដូចជា​ផ្នែក​ជុំវិញ​អគារ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា សំណង់​អគារ​អាច​ធានាបាន​បទដ្ឋាន​ត្រឹមត្រូវ រក្សាបាន​នូវ​បរិ​កាស​ល្អ មាន​សោភ័ណភាព និង​អាច​ផ្តល់​ផាសុកភាព​ដល់​អ្នកប្រើប្រាស់​អគារ​រួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here