ដោយៈ រ៉ាណេត
ភ្នំពេញៈ កាលពីពេលកន្លងទៅនេះមានចម្ងល់ជាច្រើន ពីសំណាក់មហាជនពាក់ព័ន្ធទៅនឹងមាត្រដ្ឋាន នៃការសាងសង់សំណង់អាគារធំៗ និងខ្ពស់ៗដែលមានកម្ពស់ចាប់ពី១០ជាន់ឡើងទៅ ត្រូវរក្សាធ្លាជុំវិញតួអាគារប៉ុន្មានម៉ែត្រ ដែលស្របតាមកម្រិតស្ដងដារនៃសំណង់អគារ ខណៈដែលនៅកណ្តាលរាជធានីភ្នំពេញ គេឃើញមានវត្តមានអាគារដុះឡើងច្រូងច្រាងស្អាកស្កះស្ទើរគ្រប់ទីន្លែង។
យោងតាមការកំណត់ធ្លា គម្លាតនគរូបនីយកម្ម ចំពោះសំណង់ដែលមានកម្ពស់ខ្ពស់ចាប់ពី១០ជាន់ឡើងទៅ គឺត្រូវបានអនុវត្តតាមអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្ដីពីលិខិតអនុញ្ញាតសាងសង់ និងអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្ដីពីនគរូបនីយកម្មរាជធានី ក្រុង និងទីប្រជុំជន។
យោងតាមសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីពេលកន្លងទៅបានបញ្ជាក់ថា ដើម្បីអាចធានាបាននូវគុណភាណ ប្រសិទ្ធភាព និងចីរភាព នៃការអភិវឌ្ឍនគរូបនីយកម្ម ក្រសួងសូមណែនាំបន្ថែមអំពី ការកំណត់ធ្លាគម្លាតនគរូបនីយកម្ម ចំពោះសំណង់អាគារ ដែលមានកម្ពស់ខ្ពស់ ស្ថិតនៅតាមបណ្តោយមហាវិថី នៃរាជធានី ក្រុង និងទីប្រជុំជន ហើយតម្រូវឱ្យមានការអនុវត្តជាចាំបាច់។
ប្រភេទ១ សម្រាប់អគារដែលមានកម្ពស់ចាប់ពី៣១ជាន់ឡើងទៅ ត្រូវរក្សាធ្លាគម្លាតខាងមុខយ៉ាងតិច១០ម៉ែត្រ និងធ្លាគម្លាតខាងក្រោយ រួមទាំងចំហៀងសងខាងយ៉ាងតិច៤ម៉ែត្រ។
ប្រភេទទី២ សម្រាប់អគារដែលមានកម្ពស់ចាប់ពី២១ជាន់ រហូតដល់៣០ជាន់ ត្រូវរក្សាធ្លា គម្លាតខាងមុខយ៉ាងតិច៨ម៉ែត្រ និងធ្លាគម្លាតខាងក្រោយ រួមទាំងចំហៀងសងខាងយ៉ាងតិច៣.៥ម៉ែត្រ។
ប្រភេទទី៣ សម្រាប់អគារ ដែលមានកម្ពស់ចាប់ពី១២ជាន់ រហូតដល់២០ជាន់ ត្រូវរក្សាធ្លាគម្លាតខាងមុខយ៉ាងតិច៦ម៉ែត្រ និងធ្លាគម្លាតខាងក្រោយ រួមទាំងចំហៀងសងខាងយ៉ាងតិច៣ម៉ែត្រ។
ការកំណត់ពីមាត្រដ្ឋានធ្លាគម្លាតផ្នែកខាងមុខ ក៏ដូចជាផ្នែកជុំវិញអគារ ដើម្បីធ្វើឲ្យប្រាកដថា សំណង់អគារអាចធានាបានបទដ្ឋានត្រឹមត្រូវ រក្សាបាននូវបរិកាសល្អ មានសោភ័ណភាព និងអាចផ្តល់ផាសុកភាពដល់អ្នកប្រើប្រាស់អគាររួម៕