ប្រាសាទ​ឥដ្ឋ​បុរាណ​ដ៏​កម្រ​ខ្ពស់បំផុត​ក្នុង​ពិភពលោក មាន​ចំណាស់​ជិត១០០០ឆ្នាំមាន​ប្រវត្តិ​ដូចម្តេច

0

ដោយៈ​សុខុម

ប្រទេស​ចិន: ដូច​យើង​បានដឹង​រួចមកហើយ​ថា ប្រាសាទបុរាណ​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​ច្រើន តែ​សាងសង់​ពី​ថ្មភក់ ឬ​ថ្មបាយក្រៀម ដូច​មាននៅ​ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និង​ប្រាសាទតាព្រហ្ម របស់​ខ្មែរ​យើង​ជាដើម។

ទោះជា​យ៉ាងណា ប្រាសាទបុរាណ​ដ៏​កម្រ​មួយ ដែលមាន​អាយុកាល​រហូតដល់​ទៅជិត១ពាន់​ឆ្នាំ​ត្រូវបាន​សាងសង់​ពី​ឥដ្ឋ។ តើ​ប្រាសាទ​នោះ​មានឈ្មោះ​អ្វី? ហើយ​មាន​ប្រវត្តិ​បែបណា? តោះ! ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​មក​ស្វែងយល់​ទាំងអស់គ្នា។

ប្រាសាទ​ឥដ្ឋ​បុរាណ​ដ៏​កម្រ​ដែលមាន​ឈ្មោះថា ប្រាសាទ​លាវ​ទី (Liaodi Pagoda) នៃ​អារាម​ខៃ​យ័ន (Kaiyuan Monastery) ស្ថិតនៅក្នុង​ក្រុង​ទីង​ចូ​វ (Dingzhou) ខេត្ត​ហឺ​ប៉ី (Hebei) ប្រទេស​ចិន។ ប្រាសាទ​នេះ ជាប់​ឈ្មោះ​ជា​ប្រាសាទបុរាណ​ដ៏​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​ចិន ហើយក៏​ជា​ប្រាសាទ​ឥដ្ឋ​បុរាណ ដែល​ខ្ពស់បំផុត​ក្នុង​ពិភពលោក​ផងដែរ។

យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​បាន​បង្ហាញថា ប្រាសាទ​ដែលមាន​កម្ពស់​រហូតដល់​ទៅ៨៤ម៉ែត្រ និង​មាន១១ជាន់​នេះ ត្រូវបាន​សាងសង់ឡើង​នៅ​សតវត្សរ៍​ទី១១ អំឡុង​រជ្ជកាល សុង (Song Dynasty) (៩៦០-១២៧៩) ដោយ​ការសាងសង់​បានបញ្ចប់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ១០៥៥ (៩៦៦ឆ្នាំមុន)។

ការសាងសង់​ប្រាសាទ​នេះ ធ្វើឡើង​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះ​ចៅ​អធិរាជ ចិន​ចុង (Emperor Zhenzong) នៃ​រជ្ជកាល សុង ក្នុង​បំណង​ដាក់​តម្កល់​គម្ពីរ​ព្រះពុទ្ធសាសនា​ដែលមាន​ព្រះ​ថេរៈ​ចិន មួយ​ព្រះអង្គ​ព្រះនាម ហួយ នឹង (Hui Neng) បាន​និមន្ត​ទៅ​ចម្លង​ពី​ប្រទេស​ឥណ្ឌា។

នៅ​ជាន់នីមួយៗនៃ​ប្រាសាទ៨ជ្រុង​នេះ សុទ្ធ​តែមាន​ដំបូល​ថ្ម​លយ ដោយមាន​ទ្វារ​នៅ​ជ្រុង​ចំនួន៤ និង​បង្អួច​បញ្ឆោត​នៅ​ជ្រុង​ចន្លោះ​ទ្វារ​ឆ្លាស់គ្នា ប៉ុន្តែ​គ្មាន​យ៉​នោះទេ លើកលែងតែ​ជាន់​ទី១ ដែលមាន​ជំហរ​ខ្ពស់​ជាងគេ​ដាច់ និង​មាន​យ៉៕

LEAVE A REPLY

Please enter your comment!
Please enter your name here