ដោយៈសុខុម
ប្រទេសចិន: ដូចយើងបានដឹងរួចមកហើយថា ប្រាសាទបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំច្រើន តែសាងសង់ពីថ្មភក់ ឬថ្មបាយក្រៀម ដូចមាននៅប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទតាព្រហ្ម របស់ខ្មែរយើងជាដើម។
ទោះជាយ៉ាងណា ប្រាសាទបុរាណដ៏កម្រមួយ ដែលមានអាយុកាលរហូតដល់ទៅជិត១ពាន់ឆ្នាំត្រូវបានសាងសង់ពីឥដ្ឋ។ តើប្រាសាទនោះមានឈ្មោះអ្វី? ហើយមានប្រវត្តិបែបណា? តោះ! ដើម្បីជ្រាបកាន់តែច្បាស់ សូមមកស្វែងយល់ទាំងអស់គ្នា។
ប្រាសាទឥដ្ឋបុរាណដ៏កម្រដែលមានឈ្មោះថា ប្រាសាទលាវទី (Liaodi Pagoda) នៃអារាមខៃយ័ន (Kaiyuan Monastery) ស្ថិតនៅក្នុងក្រុងទីងចូវ (Dingzhou) ខេត្តហឺប៉ី (Hebei) ប្រទេសចិន។ ប្រាសាទនេះ ជាប់ឈ្មោះជាប្រាសាទបុរាណដ៏ខ្ពស់បំផុតនៅក្នុងប្រទេសចិន ហើយក៏ជាប្រាសាទឥដ្ឋបុរាណ ដែលខ្ពស់បំផុតក្នុងពិភពលោកផងដែរ។
យោងតាមឯកសារប្រវត្តិសាស្ត្រចិនបានបង្ហាញថា ប្រាសាទដែលមានកម្ពស់រហូតដល់ទៅ៨៤ម៉ែត្រ និងមាន១១ជាន់នេះ ត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី១១ អំឡុងរជ្ជកាល សុង (Song Dynasty) (៩៦០-១២៧៩) ដោយការសាងសង់បានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ១០៥៥ (៩៦៦ឆ្នាំមុន)។
ការសាងសង់ប្រាសាទនេះ ធ្វើឡើងតាមព្រះរាជបញ្ជារបស់ព្រះចៅអធិរាជ ចិនចុង (Emperor Zhenzong) នៃរជ្ជកាល សុង ក្នុងបំណងដាក់តម្កល់គម្ពីរព្រះពុទ្ធសាសនាដែលមានព្រះថេរៈចិន មួយព្រះអង្គព្រះនាម ហួយ នឹង (Hui Neng) បាននិមន្តទៅចម្លងពីប្រទេសឥណ្ឌា។
នៅជាន់នីមួយៗនៃប្រាសាទ៨ជ្រុងនេះ សុទ្ធតែមានដំបូលថ្មលយ ដោយមានទ្វារនៅជ្រុងចំនួន៤ និងបង្អួចបញ្ឆោតនៅជ្រុងចន្លោះទ្វារឆ្លាស់គ្នា ប៉ុន្តែគ្មានយ៉នោះទេ លើកលែងតែជាន់ទី១ ដែលមានជំហរខ្ពស់ជាងគេដាច់ និងមានយ៉៕