លោក​វ៉ា វីរៈ បង្ហាញ​ពី​ក្បួន​ជំរុញ​ការលក់​អចលនវត្ថុ​ជា៣ដំណាក់កាល

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅពេល​និយាយ​ពី​ការលក់​អចលនវត្ថុ នៅពេល​បច្ចុប្បន្ន​ច្បាស់​ណាស់​ថា​មានការ​ពិបាក​ជាខ្លាំង ព្រោះ​អ្នក​ដែល​ប្រកប​ជំនួញ និង​វិនិយោគ នៅក្នុង​វិស័យនេះ​ហាក់​មិន​ចង់​បញ្ចេញ​កញ្ចប់​ថវិកា​នោះឡើយ លើកលែងតែ​សំលឹង​ឃើញ ពី​ឱកាស​ចំណេញ​ដោយ​ការទិញ​នៅក្នុង​តម្លៃ​ក្រោម​ទីផ្សារ​តែប៉ុណ្ណោះ។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ លោក​វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Fortuna Investment បាន​មានប្រសាសន៍ថា ចំពោះ​ការលក់​អចលនវត្ថុ មិន​ថា​ស្ថិតនៅក្នុង​ផ្នែក​មួយណា​នោះទេ ផល​លំបាក​តែងតែ​កើតមាន ជាពិសេស​សម្រាប់​អ្នក ដែល​មិនមាន​ជំនាញ​ក្នុង​ការលក់ ឬ​ជា​ភ្នាក់ងារ​ថ្មីថ្មោង​ទើប​ចូលប្រឡូក មានបទពិសោធន៍​តិចតួច​នៅឡើយ។

លោក​បន្តថា “ការលក់​អចលនវត្ថុ មិនមែន​ដូចជា​ការ​ទំនិញ​ទូទៅ​នោះទេ ព្រោះ​វា​មានតម្លៃ​ថ្លៃ ពិបាក​រក​អតិថិជន ហើយ​តម្រូវឱ្យ​អ្នកលក់​មានចំណេះដឹង​ទូលំទូលាយ មាន​ភាព​ឆ្លាត​វៃ និង​មាន​ជំនាញ​ទាក់​ទង់​ជាមួយ​មជ្ឈដ្ឋាន​ខាងក្រៅ​ឱ្យបាន​ច្រើន” ។

លោក​វ៉ា វីរៈ​បានបញ្ជាក់​ឱ្យដឹងថា បន្ថែម​ពីលើ​អ្វីដែល​បាន​បង្ហើប​ខាងលើនេះ រាល់​ការលក់​អចលវត្ថុ​គ្រប់ផ្នែក​ទាំងអស់ ភាគច្រើន​ត្រូវតែ​អនុវត្តតាម​ក្បួន​របស់​វា ដែលមាន៣ដំណាក់កាល។

ទី១ អ្នក​ត្រូវ​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​លម្អិត​ពី​អចលនវត្ថុ ដែល​ត្រូវ​លក់​ឱ្យអស់ រួមជាមួយ​ឯកសារ​ពាកព័ន្ធ​ផ្លូវច្បាប់ សម្គាល់​ពី​កម្មសិទ្ធិ​ត្រឹម លក្ខណៈពិសេស​របស់​អចលនវត្ថុ ជាពិសេស​គឺ​រូបភាព សម្រាប់​បង្ហាញ​អតិថិជន​ក្នុងដំណាក់កាល​ដំបូង។

ទី២ ការបង្ហាញ​ទិន្នន័យ ឬ​ព័ត៌មាន​ពី​អចលនវត្ថុ​ដែល​ត្រូវ​លក់ ជាពិសេស​រូបភាព​ទាំង​ផ្នែក​ខាងក្រៅ ផ្នែក​ខាងក្នុង ក៏ដូចជា​បរិយាកាស និង​ទិដ្ឋភាព​ដែល​ស្ថិតនៅ​ជុំវិញ តាមរយៈ​ការបង្ហាញ ក្នុងជំនួប​ដោយផ្ទាល់​ជាមួយ​អតិថិជន ភ្នាក់ងារ​ដែលជា​ដៃគូ​លក់ ឬ​តាមរយៈ​បច្ចេកវិទ្យា​ទំនើប​នាពេល​បច្ចុប្បន្ន ដោយមាន​បញ្ជាក់ប្រាប់​ពី​ទីតាំង​ភូមិសាស្ត្រ​លម្អិត​យ៉ាងច្បាស់​ទៅដល់​អតិថិជន​គោលដៅ។

ទី៣ គឺ​ការរៀបចំ និង​ត្រៀម​ទុក​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ នឹង​អចលនវត្ថុ​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​អតិថិជន ហើយ​ចុងក្រោយ គឺ​ការរៀបចំ​ឯកសារ​ធ្វើ​កិច្ចសន្យា​ទិញ លក់​ដែលមាន​តម្លៃ​ស្របច្បាប់​ក្រោម​ការយល់ស្រប និង​ព្រមព្រៀង​រវាង​ម្ចាស់ទ្រព្យ ដែល​អ្នកលក់ និង​អ្នកទិញ រួម​ជាមួយនឹង​កិច្ចចរចា​លើ​ការបង់ប្រាក់​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here