ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅពេលនិយាយពីការលក់អចលនវត្ថុ នៅពេលបច្ចុប្បន្នច្បាស់ណាស់ថាមានការពិបាកជាខ្លាំង ព្រោះអ្នកដែលប្រកបជំនួញ និងវិនិយោគ នៅក្នុងវិស័យនេះហាក់មិនចង់បញ្ចេញកញ្ចប់ថវិកានោះឡើយ លើកលែងតែសំលឹងឃើញ ពីឱកាសចំណេញដោយការទិញនៅក្នុងតម្លៃក្រោមទីផ្សារតែប៉ុណ្ណោះ។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment បានមានប្រសាសន៍ថា ចំពោះការលក់អចលនវត្ថុ មិនថាស្ថិតនៅក្នុងផ្នែកមួយណានោះទេ ផលលំបាកតែងតែកើតមាន ជាពិសេសសម្រាប់អ្នក ដែលមិនមានជំនាញក្នុងការលក់ ឬជាភ្នាក់ងារថ្មីថ្មោងទើបចូលប្រឡូក មានបទពិសោធន៍តិចតួចនៅឡើយ។
លោកបន្តថា “ការលក់អចលនវត្ថុ មិនមែនដូចជាការទំនិញទូទៅនោះទេ ព្រោះវាមានតម្លៃថ្លៃ ពិបាករកអតិថិជន ហើយតម្រូវឱ្យអ្នកលក់មានចំណេះដឹងទូលំទូលាយ មានភាពឆ្លាតវៃ និងមានជំនាញទាក់ទង់ជាមួយមជ្ឈដ្ឋានខាងក្រៅឱ្យបានច្រើន” ។
លោកវ៉ា វីរៈបានបញ្ជាក់ឱ្យដឹងថា បន្ថែមពីលើអ្វីដែលបានបង្ហើបខាងលើនេះ រាល់ការលក់អចលវត្ថុគ្រប់ផ្នែកទាំងអស់ ភាគច្រើនត្រូវតែអនុវត្តតាមក្បួនរបស់វា ដែលមាន៣ដំណាក់កាល។
ទី១ អ្នកត្រូវប្រមូលព័ត៌មាន និងទិន្នន័យលម្អិតពីអចលនវត្ថុ ដែលត្រូវលក់ឱ្យអស់ រួមជាមួយឯកសារពាកព័ន្ធផ្លូវច្បាប់ សម្គាល់ពីកម្មសិទ្ធិត្រឹម លក្ខណៈពិសេសរបស់អចលនវត្ថុ ជាពិសេសគឺរូបភាព សម្រាប់បង្ហាញអតិថិជនក្នុងដំណាក់កាលដំបូង។
ទី២ ការបង្ហាញទិន្នន័យ ឬព័ត៌មានពីអចលនវត្ថុដែលត្រូវលក់ ជាពិសេសរូបភាពទាំងផ្នែកខាងក្រៅ ផ្នែកខាងក្នុង ក៏ដូចជាបរិយាកាស និងទិដ្ឋភាពដែលស្ថិតនៅជុំវិញ តាមរយៈការបង្ហាញ ក្នុងជំនួបដោយផ្ទាល់ជាមួយអតិថិជន ភ្នាក់ងារដែលជាដៃគូលក់ ឬតាមរយៈបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ដោយមានបញ្ជាក់ប្រាប់ពីទីតាំងភូមិសាស្ត្រលម្អិតយ៉ាងច្បាស់ទៅដល់អតិថិជនគោលដៅ។
ទី៣ គឺការរៀបចំ និងត្រៀមទុកនូវរាល់ឯកសារពាក់ព័ន្ធ នឹងអចលនវត្ថុឱ្យបានគ្រប់គ្រាន់សម្រាប់អតិថិជន ហើយចុងក្រោយ គឺការរៀបចំឯកសារធ្វើកិច្ចសន្យាទិញ លក់ដែលមានតម្លៃស្របច្បាប់ក្រោមការយល់ស្រប និងព្រមព្រៀងរវាងម្ចាស់ទ្រព្យ ដែលអ្នកលក់ និងអ្នកទិញ រួមជាមួយនឹងកិច្ចចរចាលើការបង់ប្រាក់ផងដែរ៕