រឿង៨យ៉ាងដែលគ្រប់គ្នាគួរដឹងមុននឹងឈានជើងដើរលើវិថីជាភ្នាក់ងារអចលនទ្រព្យ

0

          ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សជាច្រើនបានចាប់អាជីព ជាភ្នាក់ងារអចលនទ្រព្យ ហើយក៏មានអ្នកខ្លះទទួលបានជោគជ័យ និងខ្លះទៀតក៏មិនសូវបានជោគជ័យប៉ុន្មាននោះដែរ ខណៈវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក៏ត្រូវបានមើលឃើញថាមានសន្ទុះងើបឡើងខ្ពស់ នៅរយៈពេលចុងក្រោយនិងទើបតែមានបញ្ហាក្រោយមានការរីករាលដាលនៃជំងឺកូវីដ១៩។

ថ្ងៃនេះPropertyarea.asia សូមលើកយកពីរឿង៨យ៉ាង ដែលគ្រប់គ្នាត្រូវដឹងមុននឹងឈានជើងដើរលើវិថីជាភ្នាក់ងារអចលនទ្រព្យ។ នេះជាទស្សនរបស់លោកម៉ាន់ ច័ន្ធឌីអនុប្រធានសមាគម អ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។

១. ត្រូវចាប់ផ្ដើមធ្វើការជាមួយក្រុមហ៊ុនអចលនទ្រព្យ ដែលបានចុះបញ្ជីត្រឹមត្រូវ

យើងគួរចាប់ផ្ដើមធ្វើការ ជាមួយក្រុមហ៊ុនដែលមានចុះបញ្ជី ត្រឹមត្រូវ និងឆ្លៀតពេលទៅរៀនបន្ថែម ទាក់ទងនឹងវិស័យអចលនទ្រព្យ ជាមួយនឹងវគ្គជំនាញផ្សេងៗ ដែលក្រសួ​ងនិងសមាគមបានសហការបង្កើតឡើង ដើម្បីឱ្យបានយល់ច្បាស់នូវវិស័យមួយនេះ។

២.ត្រូវយល់ពីអត្ថន័យនៃពាក្យ តស៊ូព្យាយម

ការងារក្នុងវិស័័យអចលនទ្រព្យគឺ គ្មានពេលវេលាច្បាស់លាស់នោះទេ យើងត្រូវត្រៀមខ្លួនធ្វើការ គ្រប់ពេលវេលា៧ថ្ងៃក្នុងមួយសប្ដាហ៍។ ត្រូវធ្វើការចាប់ផ្ដើមពីម៉ោង៨ព្រឹកដល់ម៉ោង១០យប់ ជាមួយនឹងការពង្រៀងកុងត្រាជូនអតិថិជនមើលជាដើម ។

៣. តើយើងត្រូវមានប្រាក់សន្សំបម្រុងទុកដែរឬទេ

បើសិនជាយើងមិនមានប្រាក់បម្រុងសន្សំទុកទេ យើងមិនទាន់ស័ក្ដិសមសម្រា​ប់ប្រឡូក ក្នុងអាជីពជាភ្នាក់ងារអចលនទ្រព្យនោះទេ ។ ប្រសិនជាយើងអាចបិទការលក់ក្នុងរយៈពេល៦ខែដំបូងគឺជាការប្រសើរណាស់  ប៉ុន្តែវាអាចមានករណីបិទការលក់បាន និង មិនអាចបិទការលក់បាន ដូច្នេះយើងត្រូវត្រៀមប្រាក់បម្រុងទុកចាយវាយសិន។

យើងត្រូវដឹងថាអាជីពមួយនេះ មិនមែនជាអាជីពដែលត្រូវបើកប្រាក់ខែរាល់ខែនោះទេ យើងនឹងទទួលបានកម្រៃជើងសារនៅពេលយើងបិទការលក់បាន។

៤. ជ្រើសរើសក្រុមហ៊ុនដែលមានសក្ដានុពលហើយចូលធ្វើការជាមួយ

ការជ្រើសរើសក្រុមហ៊ុន ដែលមានសក្ដានុពល ដើម្បីរៀនសូត្រយកបិទពិសោធន៍ ដើម្បីចេញប្រឡូកការងារអាជីពជាភ្នាក់ងារអចលនទ្រព្យ។

៥. តើយើងមានទំនាក់ទំនងច្រើនហើយឬនៅ

ចូរកុំរំពឹងថា ចូលធ្វើជាភ្នាក់ងារអចលនទ្រព្យហើយ គ្រប់យ៉ាងនឹងដើរចូលមករកយើង។ យើងត្រូវចេញទៅខាងក្រៅ ហើយស្វែងរកវា យើងត្រូវធ្វើទីផ្សារខ្លួនឯង ត្រូវប្រាប់ឱ្យមនុស្សគ្រប់គ្នាដឹងយើងធ្វើការក្នុងវិស័យអចលនទ្រព្យ។

៦. ត្រូវធ្វើផែនការអាជីវកម្ម

យើងត្រូវដាក់គោលដៅ ឱ្យខ្លួនឯង និងធ្វើផែនការទីផ្សារ​​ នៅក្នុងផែនការនេះដែរ យើងត្រូវរួមបញ្ចូលនូវរង្វាស់ខ្នាត ដែលអាចឱ្យយើងវាស់បាន និងសកម្មភាពដែលយើងត្រូវធ្វើប្រចាំថ្ងៃ ដើម្បីជួយយើងឱ្យដើរទៅដល់គោលដៅ ដែលយើងបានដាក់ចេញ។

៧. យើងត្រូវដឹងថានរណាជាដៃគូរប្រកួតប្រជែងរបស់យើង

យើងត្រូវដឹងឱ្យបានច្បាស់លាស់ អំពីដៃគូប្រកួតប្រជែងរបស់យើង ហើយអ្វីជាចំណុចខ្លាំងរបស់យើង។

៨. តើយើងបានដឹងពីវិស័យអចលនទ្រព្យកម្រិតណា

ចូរចាប់ផ្ដើមតាមដានព័ត៌មានរបស់អ្នកជោគជ័យ ក្នុងវិស័យអចលនទ្រព្យឱ្យបានច្រើន​ តាមដែលអាចធ្វើបាន ដែលភាគច្រើននៃពួកគាត់មានគេហទំព័រផ្ទាល់ខ្លួន Instagram ហ្វេសប៊ុក និងសៀវភៅជាដើម ។ មានរឿងជាច្រើន ដែលយើងត្រូវរៀនសូត្រពីពួកគាត់ទាំងនោះ ដើម្បីឱ្យខ្លួននយើងបានទទួលលទ្ធផលជោគជ័យដូចពួកគាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here