ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សជាច្រើនបានចាប់អាជីព ជាភ្នាក់ងារអចលនទ្រព្យ ហើយក៏មានអ្នកខ្លះទទួលបានជោគជ័យ និងខ្លះទៀតក៏មិនសូវបានជោគជ័យប៉ុន្មាននោះដែរ ខណៈវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក៏ត្រូវបានមើលឃើញថាមានសន្ទុះងើបឡើងខ្ពស់ នៅរយៈពេលចុងក្រោយនិងទើបតែមានបញ្ហាក្រោយមានការរីករាលដាលនៃជំងឺកូវីដ១៩។
ថ្ងៃនេះPropertyarea.asia សូមលើកយកពីរឿង៨យ៉ាង ដែលគ្រប់គ្នាត្រូវដឹងមុននឹងឈានជើងដើរលើវិថីជាភ្នាក់ងារអចលនទ្រព្យ។ នេះជាទស្សនរបស់លោកម៉ាន់ ច័ន្ធឌីអនុប្រធានសមាគម អ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។
១. ត្រូវចាប់ផ្ដើមធ្វើការជាមួយក្រុមហ៊ុនអចលនទ្រព្យ ដែលបានចុះបញ្ជីត្រឹមត្រូវ
យើងគួរចាប់ផ្ដើមធ្វើការ ជាមួយក្រុមហ៊ុនដែលមានចុះបញ្ជី ត្រឹមត្រូវ និងឆ្លៀតពេលទៅរៀនបន្ថែម ទាក់ទងនឹងវិស័យអចលនទ្រព្យ ជាមួយនឹងវគ្គជំនាញផ្សេងៗ ដែលក្រសួងនិងសមាគមបានសហការបង្កើតឡើង ដើម្បីឱ្យបានយល់ច្បាស់នូវវិស័យមួយនេះ។
២.ត្រូវយល់ពីអត្ថន័យនៃពាក្យ តស៊ូព្យាយម
ការងារក្នុងវិស័័យអចលនទ្រព្យគឺ គ្មានពេលវេលាច្បាស់លាស់នោះទេ យើងត្រូវត្រៀមខ្លួនធ្វើការ គ្រប់ពេលវេលា៧ថ្ងៃក្នុងមួយសប្ដាហ៍។ ត្រូវធ្វើការចាប់ផ្ដើមពីម៉ោង៨ព្រឹកដល់ម៉ោង១០យប់ ជាមួយនឹងការពង្រៀងកុងត្រាជូនអតិថិជនមើលជាដើម ។
៣. តើយើងត្រូវមានប្រាក់សន្សំបម្រុងទុកដែរឬទេ
បើសិនជាយើងមិនមានប្រាក់បម្រុងសន្សំទុកទេ យើងមិនទាន់ស័ក្ដិសមសម្រាប់ប្រឡូក ក្នុងអាជីពជាភ្នាក់ងារអចលនទ្រព្យនោះទេ ។ ប្រសិនជាយើងអាចបិទការលក់ក្នុងរយៈពេល៦ខែដំបូងគឺជាការប្រសើរណាស់ ប៉ុន្តែវាអាចមានករណីបិទការលក់បាន និង មិនអាចបិទការលក់បាន ដូច្នេះយើងត្រូវត្រៀមប្រាក់បម្រុងទុកចាយវាយសិន។
យើងត្រូវដឹងថាអាជីពមួយនេះ មិនមែនជាអាជីពដែលត្រូវបើកប្រាក់ខែរាល់ខែនោះទេ យើងនឹងទទួលបានកម្រៃជើងសារនៅពេលយើងបិទការលក់បាន។
៤. ជ្រើសរើសក្រុមហ៊ុនដែលមានសក្ដានុពលហើយចូលធ្វើការជាមួយ
ការជ្រើសរើសក្រុមហ៊ុន ដែលមានសក្ដានុពល ដើម្បីរៀនសូត្រយកបិទពិសោធន៍ ដើម្បីចេញប្រឡូកការងារអាជីពជាភ្នាក់ងារអចលនទ្រព្យ។
៥. តើយើងមានទំនាក់ទំនងច្រើនហើយឬនៅ
ចូរកុំរំពឹងថា ចូលធ្វើជាភ្នាក់ងារអចលនទ្រព្យហើយ គ្រប់យ៉ាងនឹងដើរចូលមករកយើង។ យើងត្រូវចេញទៅខាងក្រៅ ហើយស្វែងរកវា យើងត្រូវធ្វើទីផ្សារខ្លួនឯង ត្រូវប្រាប់ឱ្យមនុស្សគ្រប់គ្នាដឹងយើងធ្វើការក្នុងវិស័យអចលនទ្រព្យ។
៦. ត្រូវធ្វើផែនការអាជីវកម្ម
យើងត្រូវដាក់គោលដៅ ឱ្យខ្លួនឯង និងធ្វើផែនការទីផ្សារ នៅក្នុងផែនការនេះដែរ យើងត្រូវរួមបញ្ចូលនូវរង្វាស់ខ្នាត ដែលអាចឱ្យយើងវាស់បាន និងសកម្មភាពដែលយើងត្រូវធ្វើប្រចាំថ្ងៃ ដើម្បីជួយយើងឱ្យដើរទៅដល់គោលដៅ ដែលយើងបានដាក់ចេញ។
៧. យើងត្រូវដឹងថានរណាជាដៃគូរប្រកួតប្រជែងរបស់យើង
យើងត្រូវដឹងឱ្យបានច្បាស់លាស់ អំពីដៃគូប្រកួតប្រជែងរបស់យើង ហើយអ្វីជាចំណុចខ្លាំងរបស់យើង។
៨. តើយើងបានដឹងពីវិស័យអចលនទ្រព្យកម្រិតណា
ចូរចាប់ផ្ដើមតាមដានព័ត៌មានរបស់អ្នកជោគជ័យ ក្នុងវិស័យអចលនទ្រព្យឱ្យបានច្រើន តាមដែលអាចធ្វើបាន ដែលភាគច្រើននៃពួកគាត់មានគេហទំព័រផ្ទាល់ខ្លួន Instagram ហ្វេសប៊ុក និងសៀវភៅជាដើម ។ មានរឿងជាច្រើន ដែលយើងត្រូវរៀនសូត្រពីពួកគាត់ទាំងនោះ ដើម្បីឱ្យខ្លួននយើងបានទទួលលទ្ធផលជោគជ័យដូចពួកគាត់៕