ដោយៈគង់ សូរិយា
កំពតៈ ស្របពេលរដ្ឋាភិបាលបានប្រកាសពី ការបង្កើតទីក្រុងឆ្លាតវៃនៅជើងភ្នំបូកគោកាលពីឆ្នាំមុន គំរោងនេះបានធ្វើឲ្យអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិជាច្រើនបានសម្លឹងឃើញសក្តានុពលនៅតំបន់នេះ។
លោកបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ជើងភ្នំបូកគោ ជាតំបន់មានទីតាំងល្អ អាកាសធាតុល្អ និងលក្ខខ័ណ្ឌបង់ប្រាក់មានភាពអំណោយផល ប៉ុន្តែដោយសារវិបត្តិកូវីដ១៩បានធ្វើឲ្យគំរោងនេះដំណើរការយឺត ហេតុនេះយើងត្រូវការពេលវេលាដែលកូវីដ១៩បញ្ចប់ នឹងធ្វើឲ្យតំបន់នេះមានការអភិវឌ្ឍ និងរីកចម្រើនលឿន។
លោកបន្តថា “ដើម្បីធ្វើឲ្យដីតំបន់នេះឡើងថ្លៃ អ្នកវិនិយោគដែលមានដី គេរៀបចំការអភិវឌ្ឍន៍នៅតំបន់នោះ ព្រោះដីនឹងមិនឡើងថ្លៃទេ បើផែនការអភិវឌ្ឍន៍មិនបានរៀបចំបានល្អ” ។
ឧទាហរណ៍អ្នកវិនិយោគម្នាក់មានដី១០០ហិកតា គេបានយក៥ហិកតាសាងសង់រោងចក្រ ដោយជួលឲ្យឯកជនមិនគិតប្រាក់ អ្នកវិនិយោគនឹងហូរចូលទៅតំបន់នោះ បន្ទាប់គេនឹងយកដី១ហិកតាសាងសង់ផ្សារ ដែលការរៀបចំបែបនេះនឹងធ្វើឲ្យមនុស្សទៅរស់នៅច្រើន មានសកម្មភាពសេដ្ឋកិច្ច នឹងធ្វើឲ្យដីតំបន់នោះឡើងថ្លៃជាស្វ័យប្រវត្តិ” ។
លោកបណ្ឌិតគីម ហ៊ាង បានបន្តថា សម្រាប់ផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាលប្រកាសនៅតំបន់ណាមួយ ដីនៅតំបន់នោះតែងតែឡើងថ្លៃ ប៉ុន្តែរដ្ឋាភិបាលមិនបានវិនិយោគច្រើនទេ គឺវិស័យឯកជនជាអ្នកវិនិយោគ ហេតុនេះមានតែអ្នកវិនិយោគក្នុងស្រុក និងបរទេសចូលមកទេ ទើបធ្វើឲ្យដីឡើងថ្លៃ និងការអភិវឌ្ឍនៅតំបន់ណាមួយដី នឹងឡើងថ្លៃលឿន។
លោកបន្តថា “សំរាប់ការរៀបចំទីក្រុងនៅជើងភ្នំបូកគោ វាត្រូវការពេលវេលាដែលកូវីដ១៩បញ្ចប់ ទើបតំបន់នេះមានការអភិវឌ្ឍលឿន ដោយសារលក្ខខ័ណ្ឌមួយចំនួនដែលបានលើកឡើងខាងលើ” ៕