ដោយៈ ប៊ី
កូរ៉េខាងត្បូងៈ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍នេះ ប្រកាសថានឹងបោះទុនវិនិយោគប្រមាណ១១៤.៧ទ្រីលានវ៉ុន (ប្រមាណ១០២.៧ពាន់លានដុល្លារ) ដើម្បីសាងសង់ផ្លូវរថភ្លើងឆ្លងកាត់ទីក្រុងធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap News។
គម្រោងសាងសង់ខ្សែផ្លូវរថភ្លើងទី៤នេះ មានគោលបំណងពង្រីកវិសាលភាពរត់នៃផ្លូវរថភ្លើងទូទាំងប្រទេស ដែលបច្ចុប្បន្នមានត្រឹមប្រវែង៤,២៧៤គីឡូម៉ែត្រ ឱ្យកើនដល់ប្រវែង៥,១៣៧គីឡូម៉ែត្រ ឱ្យបានត្រឹមឆ្នាំ២០៣០ខាងមុខ។
ការពង្រីកប្រព័ន្ធផ្លូវរថភ្លើងនេះ គឺដើម្បីអាចជម្រុញដំណើរការធ្វើចរាចរណ៍របស់ប្រជាជនទូទាំងប្រទេសពីកន្លែងណា ទៅកន្លែងណាក៏ដោយ គឺត្រូវឱ្យស្ថិតនៅក្រោមរយៈពេល៣ម៉ោងប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង។
គម្រោងពង្រីកផ្លូវរថភ្លើងនេះ នឹងបង្កើនសមត្ថភាពដឹកជញ្ជូន តាមផ្លូវរថភ្លើងទូទាំងប្រទេសឱ្យបានដល់ទៅ១៧% ក្នុងឆ្នាំ២០៣០ ខណៈដែលបច្ចុប្បន្ននេះ សមត្ថភាពដឹកជញ្ជូនតាមផ្លូវរថភ្លើងទូទាំងប្រទេស មានត្រឹម១១.៥%ប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០១៩។
គម្រោងនេះ គ្រោងនឹងតភ្ជាប់បន្ថែមទៀតផ្លូវរថភ្លើងធំៗទូទាំងប្រទេស ជាពិសេសពីក្រុងធំៗ ទៅក្រុងធំៗដទៃទៀតដូចជាទីក្រុងសេអ៊ូលជាដើម ដែលនឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍តាមដងផ្លូវ និងដែលអាចឱ្យប្រជាជន ដែលស្ថិតនៅតាមប្រព័ន្ធនៃខ្សែរថភ្លើងនេះ អាចធ្វើដំណើរទៅមកដោយងាយស្រួល៕