ចំណេះដឹងថ្មីៈតើអ្នកវិនិយោគអចលនទ្រព្យជោគជ័យរៀបចំផែនការ និងឥរិយាបទ ដូចម្តេចខ្លះ?

0

ដោយៈស៊ីប ម៉េង
ភ្នំពេញៈ ការវិនិយោគលើអចលនទ្រព្យ មិនប្រាកដថាជោគជ័យនោះទេ តែវាក៏អាចនឹងជោគជ័យ ប៉ុន្តែបើមិនដឹងពីវិធីសាស្រ្តក្នុងការវិធីវិនិយោគ នោះលោកអ្នកអាចប្រឈមនឹងហានិភ័យខ្ពស់។

តើអ្នកជោគជ័យក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ត្រូវវិធីសាស្រ្តនិងចរិកលក្ខណៈយ៉ាងដូចម្តេច? ខាងក្រោមនេះជាអ្វីដែលអ្នករកស៊ី ក្នុងវិស័យអលនទ្រព្យជោគជ័យតែងប្រកាន់ភ្ជាប់ ហើយយកមកអនុវត្តន៍ជាប្រចាំដូចជា

ទី១ រៀបចំផែនការឱ្យបានច្បាស់លាស់
ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យអាចមានភាពស្មុគស្មាញ ដែលទាមទារឱ្យមានផែនការជាក់លាក់ ព្រោះការមានផែនការច្បាស់លាស់ ហើយត្រឹមត្រូវអាចធ្វើឱ្យវិនិយោគិនរៀបចំ និងបំពេញភារកិច្ចបានយ៉ាងល្អ។ ជារួម វាជួយឱ្យពួកគេមើលឃើញពីទិដ្ឋភាពក្នុងការវិនិយោគគ្រប់ជ្រុងជ្រោយ។
ផែនការនេះរួមមាន ការចេះប៉ាន់ប្រមាណទុនសម្រាប់វិនិយោគ, លំហូរសាច់ប្រាក់បានមកពីការជួលអចលនទ្រព្យ, កត្តាបម្រែបម្រួលប្រជាសាស្រ្ត និងកត្តាផ្សេងៗទៀតដែលអាចប៉ះពាល់ក្នុងអំឡុងពេលវិនិយោគ។

ទី២ យល់ដឹងពីទីផ្សារ
អ្នករកស៊ីវិស័យអចលនទ្រព្យពូកែ ត្រូវមានចំណេះដឹងស៊ីជម្រៅពីទីផ្សារ ដែលពួកគេបានជ្រើសរើស។ ឧទាហរណ៍ ដូចជា ការជ្រើសរើសតំបន់ជាក់លាក់មួយ ហើយថាតើត្រូវផ្តោតលើ ការវិនិយោគអចលនទ្រព្យលំនៅឋាន ឬអចលនទ្រព្យពាណិជ្ជកម្ម។
បន្ថែមពីនេះ ក៏ត្រូវស្វែងយល់ពីនិន្នាការបច្ចុប្បន្ន រួមទាំងបម្រែបម្រួលទម្លាប់នៃការចំនាយរបស់អតិថិជន អត្រាការប្រាក់កម្ចី និងអត្រាគ្មានការងារធ្វើជាដើម។ កត្តាទាំងនេះជួយឱ្យវិនិយោគិនអចលនទ្រព្យ យល់ពីស្ថានភាពបច្ចុប្បន្ន ហើយរៀបចំផែនការសម្រាប់អនាគត។ ពោលគឺការណ៍នេះ ជួយឱ្យពួកគេអាចព្យាករណ៍និន្នាការ ដែលអាចមានការប្រែប្រួល ហើយបង្កើតសក្តានុពលសម្រាប់ឱកាសការវិនិយោគ។

ទី៣ មានភាពស្មោះត្រង់
វិនិយោគិនពូកែ ជាទូទៅជាបុគ្គលដែលមានក្រមសីលធម៌ខ្ពស់ ព្រោះមិនថាការវិនិយោគអចលនទ្រព្យ ឬអាជីវកម្មផ្សេងៗនោះទេ តែងមានការពាក់ព័ន្ធ និងទំនាក់ទំនងជាមួយមនុស្សជាច្រើន។ ហេតុដូច្នេះ ពួកគេត្រូវតែកសាងកេរ្តិ៍ឈ្មោះ របស់ខ្លួនឱ្យបានល្អ។ មិនតែប៉ុណ្ណោះ វិនិយោគិនអចលនទ្រព្យ ដែលជោគជ័យដឹងថា ការមានភាពយុត្តិធម៌សំខាន់ជាងការសម្លឹង មើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ទី៤ បង្កើតចំណុចផ្តោតសម្រាប់ការវិនិយោគ
ជារឿងសំខាន់សម្រាប់វិនិយោគិន ក្នុងការបង្កើតចំណុចផ្តោត ទទួលបានចំណេះដឹងឱ្យស៊ីជម្រៅ ដើម្បីឈានទៅរកភាពជោគជ័យ។ ប៉ុន្តែមុននឹងឈានដល់កម្រិតនេះ គឺត្រូវការពេលវេលា ដើម្បីសិក្សាស្វែងយល់ពីចំណែកទីផ្សារណាមួយ ជាក់លាក់ជាមុនសិន ដែលជាផ្នែកចំបាច់សម្រាប់ភាពជោគជ័យយូរអង្វែង។
នៅពេលដែលមានចំណេះដឹងស្ទាត់ជំនាញ លើចំណែកទីផ្សារជាក់លាក់ណាមួយហើយ (ឧទាហរណ៍ដូចជាចំណេះដឹង វិនិយោគផ្នែកលំនៅឋានសម្រាប់អ្នកមាន ឬការចាប់យកទីផ្សារលំនៅឋាន សម្រាប់អ្នកមានចំណូលទាប) នោះនឹងជួយឱ្យពួគចាប់យកទីចំណែកទីផ្សារផ្សេងៗបន្ថែមទៀត ដោយប្រើជំនាញដែលមានស្រាប់។

ទី៥ មានអាកប្បកិរិយាល្អចំពោះអតិថិជនគោលដៅ
វាគឺជារឿងសំខាន់ ដែលវិនិយោគិនចេះប្រព្រឹត្តដោយក្តីគោរព ចំពោះអ្នកដទៃដូចជា ដៃគូរអាជីវកម្ម អតិថិជន អ្នកជួល ឬអ្នកផ្សេងទៀតដែលវិនិយោគិន មានទំនាក់ទំនងអាជីវកម្មជាមួយ។ វិនិយោគិនដែលពូកែ គឺត្រូវយកចិត្តទុកដាក់ទៅលើពត៌មានលំអិត ស្តាប់និងឆ្លើយតបទៅនឹងចំងល់នានា ក៏ដូចជាផ្សព្វផ្សាយអាជីវកម្ម ប្រកបដោយភាពវិជ្ជមាននិងវិជ្ជាជីវៈ។

ទី៦ បន្តការរៀនសូត្រ ដើម្បីសំលៀងចំណេះដឹងឱ្យកាន់តែមុតស្រួច
ដូចគ្នានឹងអាជីវកម្មផ្សេងទៀតដែរ វាជារឿងចាំបាច់ក្នុងការយល់ដឹងពីច្បាប់ បទបញ្ញត្តិ និងនិន្នាការដែលជាមូលដ្ឋាន នៃអាជីវកម្មសម្រាប់វិនិយោគិនអចលនទ្រព្យ។ វិនិយោគិនដែលជោគជ័យ តែងតែមានការយល់ដឹងពីច្បាប់ទាំងនេះ ហើយអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបទបញ្ញត្តិឬនិន្នាការសេដ្ឋកិច្ច។
លើសពីនេះទៅទៀត ពួកគេយល់ពីច្បាប់អចលនទ្រព្យ ពន្ធ ការផ្តល់កម្ចី និងបទបញ្ញត្តិនានា ដែលអាចជះឥទ្ធិពលដោយផ្ទាល់ ឬប្រយោលដល់អាជីវកម្មរបស់ពួកគេ។

ទី៧ ស្វែងយល់ពីហានិភ័យ
វិនិយោគិនអចលនទ្រព្យយល់ដឹងអំពីហានិភ័យ ដែលមិនត្រឹមតែទាក់ទងនឹងការទិញលក់អចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ផងដែរ ដើម្បីធ្វើការកែសម្រួលអាជីវកម្មរបស់ពួកគេ ក្នុងការកាត់បន្ថយហានិភ័យផ្សេងៗ ដែលអាចកើតមាន។

ទី៨ វិនិយោគលើជំនាញគណេយ្យ
ផ្នែកពន្ធដាររួមចំណែកសំខាន់ នៃការចំណាយប្រចាំឆ្នាំរបស់វិនិយោគិន អចលនទ្រព្យ។ វិនិយោគិនអចលនទ្រព្យពូកែ តែងភ្ជាប់ចំណេះដឹងជាមួយនឹងជំនាញ គណនេយ្យ ដើម្បីគ្រប់គ្រងបញ្ចីអាជីវកម្មរបស់ពួកគេឱ្យមានប្រសិទ្ធិភាព។

ទី៩រកជំនួយ
ការរៀនសូត្រក្នុងការរកស៊ីលើវិស័យអចលនទ្រព្យ គឺជាបញ្ហាប្រឈមសម្រាប់អ្នកដែលព្យាយាមធ្វើអ្វីៗដោយខ្លួនឯង។ ជោគជ័យក្នុងការវិនិយោគអចលនទ្រព្យ អាចទទួលបានពីការណែនាំ និងការរួមចំណែកពីមនុស្សមួយចំនួន ដូចជា អ្នកណែនាំជំនាញ មេធាវី ឬមិត្តភក្តិ។ មិនតែប៉ុណ្ណោះ វិនិយោគិនអចលនទ្រព្យជោគជ័យ តែងតែប្រឹក្សាជាមួយអ្នកជំនាញ ជាជាងយកពេលវេលានិងលុយទៅប្រថុយនឹងការវិនិយោគតែឯកឯង។

ទី១០ បង្កើតបណ្តាញ
ការបង្កើតទំនាក់ទំនងជាមួយអ្នកអាជីព អាចផ្តល់នូវការគាំទ្រដ៏សំខាន់ តែងបង្កើតឱកាស សម្រាប់វិនិយោគិនអចលនទ្រព្យថ្មីថ្មោង និងវិនិយោគិនមានបទពិសោធន៍ ។ ការមានទំនាក់ទំនងជាមួយ អ្នកណែនាំ ឬទីប្រឹក្សាជំនាញ ដៃគូអាជីវកម្ម និងអតិថិជនតែងផ្តល់ឱកាសឱ្យវិនិយោគិនជួយ និងស្វែងយល់ពីគ្នាទៅវិញទៅមក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here