ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា ដំណើរការសាងសង់គម្រោងធំៗរបស់រដ្ឋ ដូចជាស្ពាន ថ្នល់ ប្រព័ន្ធលូបង្ហូរទឹក និងចម្រោះទឹកកង្វក់នានា នៅតែបន្តតាមផែនការ ទោះបីទីតាំងមួយចំនួនស្ថិត ក្នុងវិធានការបិទខ្ទប់ក្ដី។
អ្នកនាំពាក្យក្រសួងសាធារណៈការ លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា ទោះការបិទខ្ទប់បង្កឱ្យមានការលំបាកមួយចំនួនដូចជា ការធ្វើដំណើររបស់កងវិស្វកម្ម ឬការចុះត្រួតពិនិត្យគម្រោងក្ដី ប៉ុន្តែគឺមិនទាន់ប៉ះពាល់ដល់ដំណើរគម្រោងទាំងមូលទេ។
លោកបន្តថា “រហូតមកទល់ពេលនេះ ដូចជាមិនទាន់មានអីប៉ះពាល់ទេ គម្រោងសាងសង់ធំៗ ដូចជាគម្រោងExpressway នៅដំណើរការធម្មតា ព្រោះគេធ្វើការនៅតាមការដ្ឋានតាមផ្នែក និងមានស្នាក់ការគម្រោងជាកង់ៗ ប៉ុន្តែបើឆ្លងពីខេត្តមួយទៅខេត្តមួយ ក៏ពិបាកដែរ”។
លោកសូរិយាបានបញ្ជាក់ថា បើសិនវិធានការបិទខ្ទប់ និងបម្រាមគោចរ អូសបន្លាយ វានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់ ព្រោះទាក់ទងនឹងការដឹកជញ្ជូនគ្រឿងចក្រ និងសម្ភារៈសាងសង់ពីក្រៅប្រទេសជាដើម។
បើគិតត្រឹមដំណាច់ចខែមិនាកន្លងមកនេះ ការសាងសង់ផ្លួវល្បឿនលឿនភ្នំពេញ ព្រះសីហនុ សម្រេចបានជិត៥០ភាគហើយ។ ចំណែកការដ្ឋានស្ថាបនាផ្លូវ៣៨ នៅក្រុងសៀមរាបក៏សម្រេចបាន៣០ ភាគរយហើយផងដែរ៕