ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលជាតំបន់គោលដៅដ៏ពេញនិយម នៃទីផ្សារអចលនទ្រព្យក្នុងការទិញលក់ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំងអស់ ត្រូវតែចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងកូវីដ ១៩ ដែលកំពុងគំរាមកំហែងសុវត្ថិភាពកម្ពុជានាពេលបច្ចុប្បន្ន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១កន្លងមកថា បើក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំងអស់ មិនចូលរួមគាំទ្រចំពោះវិធានការណ៍ របស់រាជរដ្ឋាភិបាលនោះទេ ការទប់ស្កាត់ និងឈានទៅដល់ការលុបបំបាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ មិនអាចធ្វើបាននោះទេ។
លោកបន្តថា “ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុងនេះ វាគ្រាន់តែជារយៈពេលមួយខ្លីប៉ុណ្ណោះ” ។ លោកបន្ថែមថា “ប៉ុន្តែវាអាចជះឥទ្ធិពលអាក្រក់ និងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមជាតិយ៉ាងធ្ងន់ធ្ងរប្រសិនបើមានការធ្វេសប្រហែស ខណៈដែលរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការការពារសុខមាលភាពសាធារណៈ និងសុខាភាពរបស់ពលរដ្ឋទូទៅ” ។
លោកច្រឹក សុខនីមបានបញ្ជាក់ថា “ការធ្វើបែបនេះ គឺដូចទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក ដើម្បីធ្វើយ៉ាងណាឱ្យសកម្មភាពមនុស្ស និងសេដ្ឋកិច្ចសង្គមវិលមករកភាពធម្មតាវិញ។ ដូច្នេះយើងត្រូវតែចូលរួម និងគាំទ្រចំពោះចំណាត់ការ និងវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចប់នូវជំងឹកូវីដ១៩ ឱ្យបានឆាប់” ។
នៅក្នុងឱកាសនេះ ក្នុងនាមរូបខ្ញុំជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សូមស្នើឱ្យម្ចាស់ក្រុមហ៊ុន និងភ្នាក់ងារលក់អចលនទ្រព្យទាំងអស់ត្រូវចូលរួមអនុវត្តទាំងអស់គ្នាជាដាច់ខាត់ ដើម្បីសុខសុវត្ថិភាពរបស់សង្គមជាតិ និងប្រជាជាតិកម្ពុជាទាំងអស់គ្នា៕