ទំនុកចិត្តក្នុងវិស័យអចលនទ្រព្យកម្ពុជាត្រូវរងការវាយប្រហារ?

0

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ វាច្បាស់ណាស់ហើយ ដែលអ្នកវិនិយោគជាតិ អន្តរជាតិភាគច្រើនបានទន្ទឹងរង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ខណៈទីផ្សារនេះ កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩ ដែលវិបត្តិនេះ បានឈានដល់ការបិទខ្ទប់រាជធានី និងក្រុងតាខ្មៅ     រយៈពេលពីរសប្តាហ៍ និងអាចប្រឈមមុខនឹងការពន្យាពេលថែមទៀត។

អ្នកជំនាញអចលនទ្រព្យជាតិ និងអន្តរជាតិសុទ្ឋតែមើលឃើញស្រដៀងគ្នាថា ទីផ្សា​រនេះកំពុងរងការវាយប្រហារ ប៉ុន្តែភាពសុទិដ្ឋិនិយមកំពុងមានផងដែរ ដោយសារការរំពឹងថា ការរីករាលដាលជំងឺកូវីដ១៩នឹងបញ្ចប់នាពេលឆាប់ៗនេះ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ ដែលបានតាមដាននិងវិភាគពីទីផ្សារនេះបានឲ្យដឹងកាលពីម្សិលម៉ិញថា ក្នុងស្ថានភាពនេះ ចរន្តនៃការទិញលក់ស្ងប់ស្ងាត់ច្រើន ហើយអ្នកត្រៀមចុះកិច្ចសន្យាទិញ លក់ភាគច្រើនបានលើកពេ​ល ដោយសារការព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងការរីករាលដាលជំងឺកូវីដ១៩។

លោកស្រីបន្តថា “ទំនុកចិត្តសំរាប់អ្នកវិនិយោគក្នុងស្រុក មិនបាត់បង់ទេ ប៉ុន្តែពួកគេបានផ្អាកលើការទិញលក់ និងគំរោងសាងសង់ខ្លះបានពន្យាពេល”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ពិតហើយទីផ្សារទិញលក់ និងស្ថានភាពទូទៅលើវិស័យនេះបានរងផលប៉ះពាល់ ប៉ុន្តែសំរាប់អ្នកមានលទ្ឋភាព ពួកគេនៅតែបន្តវិនិយោគ ពិសេសដីធ្លី និងអចលនទ្រព្យដែលមានតម្លៃទាបជាងទីផ្សារ ដែលពួកគេមើលឃើញថាផ្តល់ផលចំណេញសំរាប់អនាគត។

លោកបន្តថា “យើងរំពឹងថាអ្វីៗ នឹងឈានមករកភាពល្អប្រសើរឡើងវិញ ព្រោះខ្ញុំជឿថារដ្ឋាភិបាលនឹងគ្រប់គ្រង និងបញ្ចប់ជំងឺនេះបាននាពេលឆាប់ៗខាងមុខ”។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសា​សន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សកម្មភាពអភិវឌ្ឍន៍លំនៅដ្ឋានថ្មីៗ មិនសូវមាននោះទេកំឡុងពេលនេះ ដោយសារពួកគេកំពុងរង់ចាំមើលស្ថានការណ៍ ប៉ុន្តែគំរោងធំៗដែលបានសាងសង់នាពេលកន្លងមក នៅតែបន្តសាងសង់ មិនមានការផ្អាកសកម្មភាពនោះទេ។

លោកបន្តថា “នៅពេលយើងមានវ៉ាក់សាំង ព្រឹត្តិការណ៍២០កុម្ភៈក៏បានកើតឡើង ដែលធ្វើឲ្យយើងមានការបារម្ភ ប៉ុន្តែបើរដ្ឋាភិបាលអាចបញ្ចប់ព្រឹត្តិការណ៍នេះបានឆាប់ ជារឿងល្អ”។

អ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោកJames Hudge នាយកក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ថា ទីផ្សារបាននិងកំពុងរងផលប៉ះពាល់ និងបាត់ទំនុកចិត្ត ដោយសារអ្នកវិនិយោគអន្តរជាតិមានភាពស្ទាក់ស្ទើរ ក្នុងការវិលចូលមកកម្ពុជា ដោយ​សារព្រឹក្តិការណ៍២០កុម្ភៈ ប៉ុន្តែអ្វីៗនឹងរឹតតែធ្ងន់ធ្ងរ បើសិនជាការរីករាលដាលជំងឺនេះនៅតែបន្តអូសបន្លាយរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here