ដោយៈ សហការី
ភ្នំពេញៈ វិធីសាស្ត្រក្នុងការអភិវឌ្ឍខ្លួន ក្លាយជាភ្នាក់ងារលក់អចលនទ្រព្យម្នាក់ ដែលមានប្រសិទ្ធភាព និងទទួលបានជោគជ័យខ្ពស់មិនមែនជារឿងងាយស្រួលទេ ប៉ុន្តែការមានចំណេះដឹង ជំនាញច្បាស់លាស់ពិតជាគន្លឹះសំខាន់។
នាយកប្រតិបត្តិក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Basac Realthy Co,. Ltd លោក នី ទីណាត ដែលទទូលបានជោគជ័យលើវិស័យនេះ បានលើកយកពីចំណុចសំខាន់ៗមួយចំនួន ដែលលោកធ្លាប់អនុវត្ត និងទទួលបានលទ្ធផលល្អមកបង្ហាញដូចខាងក្រោមនេះ។
លោកបានមានប្រសាសន៍ថា វិធីសាស្ត្រក្នុងការអនុវត្តគឺមានច្រើន ប៉ុន្តែអ្វីដែលសំខាន់ និងចាំបាច់បន្ថែមពីលើចំណង់ចំណូលចិត្ត ការព្យាយាម ការចេះរៀបចំខ្លួន និងចំណេះដឹងទូទៅពាក់ព័ន្ធ ទៅនឹងវិស័យអចលនទ្រព្យ នៅមានចំណុចមួយចំនួនទៀត ដែលលោកធ្លាប់បានអនុវត្តន៍។
លោកនី ទីណាតបញ្ជាក់ថា “ក្រៅពីអ្វីដែលខ្ញុំរៀបរាប់ខាងលើនេះ ភ្នាក់ងារដែលមានឱកាសជោគជ័យ គឺត្រូវចេះជ្រើសរើសអតិថិជនពិតប្រាកដ ដឹងពីតម្រូវការពិតប្រាកដរបស់អតិថិជន យល់ដឹងពីនីតិវិធីច្បាប់ និងមានអចលនទ្រព្យច្រើនប្រភេទសម្រាប់ដាក់លក់ដល់អតិថិជន” ។ លោកបន្តថា “ជាបទពិសោធន៍របស់ខ្ញុំ ស្ទើរតែគ្រប់អតិថិជនដែលមកជួបយើង ភាគច្រើនពួកគាត់ក៏ធ្លាប់ ជួបជាមួយបណ្តាភ្នាក់ងារ នៃក្រុមហ៊ុនដទៃទៀត ដែលប្រឡូកនៅក្នុងទីផ្សាររួមជាមួយគ្នា” ។
ដូច្នេះនៅពេលយើងដឹងថា ពួកគាត់ធ្លាប់ជួបជាមួយភ្នាក់ងារមុនៗ យើងគួរស្វែងយកពីគោលបំណងរបស់ភ្ញៀវ ហើយជ្រើសរើសប្រភេទអចលនទ្រព្យ ដែលស្ថិតក្នុងគោលបំណងរបស់ពួកគាត់ ដោយអាចមានចាប់ពី២-៣ប្រភេទឡើងទៅ ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។
លោកទីណាតបានបន្តថា កុំព្យាយាមនិយាយបង្អាប់ភ្នាក់ងារមុនៗ ដែលពួកគាត់បានជួប ប៉ុន្តែត្រូវព្យាយាមបង្ហាញពីជំនាញ ចំណេះដឹង និងភាពស្មោះត្រង់ទៅកាន់ពួកគាត់ ដើម្បីឱ្យពួកគាត់ស្គាល់ពីតម្លៃ និងផ្តល់ទំនុកកាន់តែខ្លាំងមកលើយើង។ អ្វីដែលសំខាន់ គឺការចេះគ្រប់គ្រងពេលវេលាជាក់លាក់ ក្នុងការណាត់ជួបជាមួយភ្ញៀវ។ មុនពេលកំណត់ពេលណាត់ជួប ឬសន្យាចេញជួបភ្ញៀវ ចាំបាច់បំផុតប្រាកដថា បានត្រៀមខ្លួនរួចរាល់ ដោយក្នុងនោះ ត្រូវរាប់បញ្ចូលទាំងការរៀបចំឯកសារដែលពាក់ព័ន្ធ ការស្វែងយល់បន្ថែមពីចរន្តអចលនទ្រព្យ ដែលស្ថិតនៅជុំវិញទីតាំងគោលដៅរបស់ភ្ញៀវ ជៀសវាងការទទួលបានដំណឹងយឺតជាងភ្ញៀវ ឬជាដំណឹងលឿនរហ័ស ប៉ុន្តែមិនច្បាស់ការណ៍។
លោកបន្តទៀតថា “ការរក្សាបាននូវទំនាក់ទំនងល្អជាមួយភ្ញៀវ ក៏ដូចជាដៃគូសហការ ដែលស្ថិតនៅក្នុងវិស័យរួមគ្នា ក៏ជាចំណុចសំខាន់ដែលភ្នាក់ងារត្រូវតែប្រកាន់ខ្ជាប់ រួមជាមួយនឹងការព្យាយាមសិក្សា ស្វែងយល់បន្ថែមទៀតពីមនុស្ស ដែលមានភាពជោគជ័យនៅក្នុងវិស័យមួយនេះ” ៕