ប្រធាន CVEA បង្ហើប​ពី​ផ្នែក​ដែល​នឹង​ងើប​ឡើងវិញ​លឿន​ក្នុង​វិស័យ​អចលនទ្រព្យក្រោយ​វិបត្តិ​កូ​វីដ

0

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​បង្ហើប​ឲ្យ​ដឹងថា ផ្នែក​មួយ​នៃ​វិស័យ​អចលនទ្រព្យ នឹង​ងើបឡើង​លឿន​ជាងគេ​ក្រោយ​វិបត្តិ​កូ​វីដ១៩ គឺ​វិស័យ​ដីធ្លី​ដែល​តម្លៃ​របស់​វា​នឹង​កើន​ឡើងវិញ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន CVEA បាន​មានប្រសាសន៍​ឲ្យ​ដឹង តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ល្ងាច​ថ្ងៃទី៣ ឧសភា​កន្លងមក​ថា ក្នុងចំណោម​ផ្នែកសំខាន់ៗនៃ​អចលនទ្រព្យ ដីធ្លី​នៅតែមាន​ឳ​កាស​ឡើងថ្លៃ​លឿន​បន្ទាប់ពី​វិបត្តិ​នេះ ព្រោះ​ការទូទាត់​ទិញ​លក់​ដីធ្លី​នៅ​ជាយក្រុង តាមផ្លូវ​ក្រវ៉ាត់​ក្រុង និង​តាម​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច នឹង​បន្ត​ឡើងថ្លៃ។

លោក​បន្តថា “ហេតុផល​ដោយសារ​ការពង្រីក​ក្រុង​នៅតែ​បន្ត ការ​មាន​ជំនឿ​របស់​ប្រជាពលរដ្ឋ​ទៅលើ​សេដ្ឋកិច្ច និង​ធនធាន​ហិរញ្ញវត្ថុ នឹងធ្វើ​ឲ្យ​ពួកគាត់​បន​ន្ត​វិនិយោគ” ។ លោក​បន្តថា “កំនើនសេដ្ឋកិច្ច ស្ថេរភាព​នយោបាយ នឹងធ្វើ​ឲ្យ​អ្នកវិនិយោគ​បន្ត​វិនិយោគ​បន្ថែមទៀត ដែល​វា​ធ្វើ​ឲ្យ​ដីធ្លី​នាំមុខ​ផ្នែក​ផ្សេងទៀត​ដូចជា លំនៅដ្ឋាន ខុន​ដូ​ជាដើម” ។

ទោះជា​យ៉ាងណា​ក្នុងស្ថានភាព​នេះ លោក​ច្រឹ​ក សុខ​នី​ម បាន​ឲ្យ​ដឹងថា អ្នកវិនិយោគ​ភាគច្រើន មានការ​វិភាគ​ច្រើនជាង​មុន មុនពេល​សម្រេច​ចិត្ត​វិនិយោគ​អ្វីមួយ ដើម្បី​បញ្ចៀស​ហានិភ័យ គាំង​លំហូរ​សាច់ប្រាក់​របស់ខ្លួន ប្រសិនជា​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ នឹង​អូស​បន្លា​ញ​រយៈពេល​វែង។

ជាមួយគ្នានេះ យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងថា តម្លៃ​ដីធ្លី​នឹង​កើនឡើង​ក្នុង​រង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ រយៈពេល១០ឆ្នាំ​ទៅមុខ​បន្តទៀត ប៉ុន្តែ​កំនើន​អាច​ទាប ឬ​ខ្ពស់ជាង​នេះ​អាស្រ័យ​លើ​សក្តានុពល​តំបន់​និមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here