ដោយ គង់ សូរិយា
ភ្នំពេញ៖ កំណើននៃការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិ បាននិងកំពុងទាក់ទាញក្រុមហ៊ុនចម្រុះផ្នែកផ្តល់សេវាកម្មបដិសណ្ឋារកិច្ចនៅកម្ពុជា ជាក់ស្តែងក្រុមហ៊ុនមួយមកពីប្រទេសចិន គ្រោងនឹងសាងសង់សណ្ឋាគារកម្រិតពិភពលោកចំនួនពីរនៅកម្ពុជា។
ក្រុមហ៊ុនដែលគ្រោងមកវិនិយោគសណ្ឋាគារនៅកម្ពុជា គឺជាក្រុមហ៊ុនអចលនទ្រ ព្យមកពីទីក្រុងសៀងហៃ JOIN.IN Hospitality Management (JHM) ដែលបានប្រកាសចូលមកកាន់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះ។
ការប្រកាសពីគម្រោងក្នុងការពង្រីកទីផ្សាររបស់ខ្លួន មកកាន់ប្រទេសកម្ពុជាជាលើកដំបូងនេះ ក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងពីទុនវិនិយោគ លើគំរោងសាងសង់សណ្ឋាគារស្ដង់ដារលំដាប់ពិភពលោក Tonino Lamborghini Hotels & Resortsនោះទេ តែមានការបង្ហើបថា សណ្ឋាគារទាំងពីរនោះនឹងសាងសង់នៅក្នុងខេត្តសៀមរាប។
ការចូលខ្លួន និងប្រកាសមកកាន់ទីផ្សាររបស់កម្ពុជាពីសំណាក់ក្រុមហ៊ុនយក្សនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន JHM ដែលភ្នាក់ងារគ្រប់គ្រងសណ្ឋាគារប្រេន Tonino Lamborghini Hotels & Resorts បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ហុងកុង Hong Kong’s Shimao International Development ដើម្បីសាងសង់គម្រោងទាំងពីរនេះ។
សេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនបានបញ្ជាក់ថា “ការឈានជើងមកវិនិយោគ ក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាលើកនេះ ដោយសារកម្ពុជាគឺជាគោដៅចំបងមួយរបស់ក្រុមហ៊ុន JHM ក្នុងការពង្រីកទីផ្សារពីប្រទេសចិន មកកាន់តំបន់អាស៊ីអាគ្នេយ៍” ។
យោងតាមឯកសារបានឲ្យដឹងថា សណ្ឋាគារ Tonino Lamborghini Hotels & Resorts គឺជាប្រេនសណ្ឋាគារដែលពេញនិយមមួយក្នុងប្រទេសចិន ដែលចាប់បើកជាលើកដំបូងក្នុងពីឆ្នាំ២០១២ នៅទីក្រុង Suzhou ប្រទេសចិន ហើយបន្ទាប់មកទៀតបានបើកសាខាជាច្រើនកន្លែងទៀតនៅទីក្រុង Kunshan និង Huangshi នៃប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងកំពុងឈរចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២លើពិភពលោក៕