ដោយៈវឌ្ឈនៈ
ភ្នំពេញៈ វិស័យអចលនទ្រព្យបានរីកចម្រើន ជាបន្តបន្ទាប់នៅក្នុងរយៈជាង១០ឆ្នាំមកនេះ ហើយការអភិវឌ្ឍក៏សាយភាយទៅកាន់តំបន់ជាយៗក្រុង ធ្វើឱ្យតម្លៃដីនៅជាយក្រុងក៏កាន់តែមានហាងឆេងជាបន្តបន្ទាប់។
ដូច្នេះហើយទើបអ្នកជំនាញបានផ្ដល់ជាយោបល់ថា បើចង់វិនិយោគដីធ្លី សូមកុំសម្លឹងមើនៅក្បែរៗក្រុង តែសូមស្វែងរកដីនៅតំបន់ជាយក្រុងវិញប្រសើរជាង។
លោកសន សៀបស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានឱ្យដឹងកាលពីថ្ងៃព្រហស្បត៍ថា តម្លៃដីធ្លីនៅក្បែរក្រុងៗ គឺបានហក់ឡើងខ្ពស់ទៅហើយ ហើយអ្នកទិញដីទាំងនោះ មិនមែនសម្រាប់ទុកវិនិយោគនោះទេ តែគេទិញដើម្បីអភិវឌ្ឍន៍តែម្ដង។ ដូច្នេះហើយបើចង់វិនិយោគដីធ្លី ដើម្បីចំណេញគួរតែរកទៅរកតំបន់ណារាងឆ្ងាយពីក្រុងបន្តិច ហើយក៏ត្រូវចេះមើលពីតំបន់ណា ដែលមានសក្ដានុពលសម្រាប់ការវិនិយោគដីធ្លីដែរ។
លោកបន្តថា “ដីនៅតំបន់ជិតៗក្រុង វាបានហក់ឡើងខ្ពស់រួចហើយ ដូចជាផ្លូវ៦០ម៉ែត្រប៉ែកខាងត្បូងរាជធានីភ្នំពេញជាដើម វាបានឡើងរាប់លានដុល្លារអាមេរិកទៅហើយក្នុងមួយហិចតា”។លោកបន្តថា “តំបន់ខ្លះជាយក្រុង ក៏មានតម្លៃលានដុល្លារអាមេរិកដែរក្នុងមួយហិចតា ដូច្នេះការទិញដីក្នុងតម្លៃខ្ពស់ ដើម្បីទុកលក់ចំណេញវាមិនមែនជាការងាយស្រួលទេ ព្រោះថាវាបានឡើងដល់កម្រិតមួយរួចហើយ”។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានឱ្យដឹងផងដែរថា ទិញដី នៅជិតក្រុង ឬកណ្ដាលក្រុងជាអ្នកអភិវ ឌ្ឍន៍ ហើយការអភិវឌ្ឍរបស់ពួកគេភាគច្រើនផ្ដោតលើខុនដូ និងអគារខ្ពស់ៗ ពីព្រោះការអភិវឌ្ឍប្រភេទនេះ អាចឱ្យគេរកបានចំណេញច្រើន តែបើសិនជាទិញដើម្បីទុកលក់បន្តទៀតវាប្រហែលជាមិនមាននោះទេ។
ដោយឡែកអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ក៏មិនទិញដីដែលមានតម្លៃថ្លៃៗ ដើម្បីអភិវឌ្ឍន៍ដែរ ព្រោះបើកាលណាទិញដីថ្លៃ ពួកគេក៏ត្រូវលក់ផ្ទះថ្លៃដែរ ដែលធ្វើឱ្យអ្នកមានលទ្ធភាពទិញភាគតិច ដូច្នេះគេត្រូវសម្លឹងទៅមើលតំបន់ឆ្ងាយៗពីក្រុងបន្តិច ដើម្បីអភិវឌ្ឍន៍ជាបុរី ។
លោកបន្តថា “អ្នកដែលទិញដីដើម្បីចំណេញនៅពេលអនាគត ក៏ត្រូវតែចេះមើលពីទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលផងដែរ បើទិញត្រូវទិសដៅអភិវឌ្ឍន៍ ពួកគេនឹងទទួលបានការចំណេញមកវិញលឿន ដូច្នេះហើយអ្នកដែលឆ្លាតត្រូវចេះរកព័ត៌មានពីការអភិវឌ្ឍនានាដូចជានៅ សាលាក្រុង នៅមន្ទីរឬក្រសួងពាក់ព័ន្ធជាដើម”។
បើតាមលោកសុខនីមថា នៅជុំវិញរាជធានីភ្នំពេញសឹងតែ៣៦០ដឺក្រេហើយ សុទ្ធតែមានការអភិវឌ្ឍដូចគ្នា គ្រាន់តែតំបន់ខ្លះមានបែបផែននៃការអភិវឌ្ឍខុសគ្នា ហើយតម្លៃដីក៏មានការខុសគ្នាតិចតួចប៉ុណ្ណោះ តែលោកមើលឃើញថា ទៅប៉ែកខាងលិចរាជធានីភ្នំពេញហាក់ទទួលបានការវិនិយោគច្រើន ជាងតំបន់ជាយក្រុងផ្សេងៗទៀត៕