ដោយៈ គង់ សុរិយា
កំពតៈ ខេត្តកំពតបានចាប់ផ្តើមទទួលបានកំណើនភ្ញៀវទេសចរឡើងវិញជារៀងរាល់សប្តាហ៍ ក្រោយពីស្ងប់ស្ងាត់ភ្ញៀវអស់រយៈពេលចុងក្រោយ ដោយសារការចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងសហគមន៍ ហើយ ការធ្វើចរាចរណ៍ក្នុងក្រុងកំពតហាក់មមាញឹកខ្លាំង កាលពីចុងសប្តាហ៍កន្លងទៅនេះ។
លោកសយ ស៊ីណុលប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានថ្លែងប្រាប់កាលពីថ្មីៗនេះ ខេត្តកំពតចាប់ផ្តើមទទួលភ្ញៀវមកទស្សនាកម្សាន្តកាន់តែច្រើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទោះស្ថិតនៅក្នុងបរិបទកូវីដ១៩ក្តី។
លោកបានបន្តថា កាលពីបីសប្តាហ៍មុនភ្ញៀវទេសចរមានចំនួនត្រឹម១ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែសប្តាហ៍កន្លងទៅនេះ ភ្ញៀវទេសចរសរុបចំនួន១៥.១១៥នាក់ ក្នុងនោះទេសចរជាតិចំនួន១៤.៩៧០នាក់ ទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៤៥នាក់ ហើយបើប្រៀបធៀបនឹងសប្តាហ៍មុន គឺបន្តកើនឡើងប្រមាណ១១,៩៥%។
លោកប្រធានមន្ទីរបានថ្លែងថា ទោះភ្ញៀវមកកម្សាន្តច្រើន ប៉ុន្តែពួកគាត់មានការអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ និងលក្ខខ័ណ្ឌរបស់កន្លែងកម្សាន្ត ឬរមណីយដ្ឋានផ្សេងៗបានល្អ ហើយពិសេសភ្ញៀវទេសចរណ៍បានប្រើប្រាស់យានជំនិះ និងសម្ភារៈផ្ទាល់ខ្លួន និងជ្រើសរើសកន្លែងកម្សាន្តដែលអាចរក្សាបាននូវគម្លាតសង្គម មិនលក្ខណៈទៅប្រមូលផ្តុំគ្នាច្រើននោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកបានអំពាវដល់ទេសចរ និងអ្នកផ្តល់សេវាទេសចរណ៍ត្រូវគោរពតាមគោលការណ៍នែនាំរបស់ក្រសួងជំនាញនិងពាក់ព័ន្ធ ពិសេសសូមជំរុញនឹងលើកទឹកចិត្តក្នុងការអនុវត្តនូវវិធាន៣ការពារ ៣កុំ ជាប់ជាប្រចាំ។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះថា ការទទួលបានភ្ញៀវទេសចរមានកំណើនច្រើន គឺដោយសារកំពត និងកែបមានភាពទាក់ទាញនាពេលបច្ចុប្បន្ននេះ។
លោកបន្តថា ក្នុងនោះកត្តាទាក់ទាញបានមានដូចជា ទី១) ការស្នាក់នៅមានតម្លៃធូរថ្លៃ ទី២) តំបន់នេះមានភាពស្ងប់ស្ងាត់ និងមិនមានភាពស្មុគស្មាញ ទី៣) តំបន់កែបនិងកំពតមានសក្តានុពលខ្លាំងលើផ្នែកអេកូទេសចរ ទី៤) តំបន់សម្បូរកោះតូច ដែលជាផ្នែកមួយទាក់ទាញទេសចរណ៍ផងដែរ។
លោកបានថ្លែងបន្តថា “ទាំងនេះហើយគឺកត្តា ដែលបង្កើនសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកាន់តំបន់កាន់តែច្រើន”។
លោកអឿន រស់នៅអមរើនម្ចាស់រមនីយដ្ឋានក្តាតសាណាកានៅខេត្តកំពត បានថ្លែងប្រាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះថា ចំនួនភ្ញៀវទេសចរក្នុងស្រុក ដែលធ្វើការដំណើរកម្សាន្តមកកាន់ខេត្តកំពត មានការកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់រដ្ឋាភិបាលបានបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន។
លោកបានថ្លែងបន្តថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុកមកកាន់ខេត្តកំពតនេះ គឺដោយសារខេត្តកំពតមិនសូវជាឆ្ងាយពីទីក្រុងភ្នំពេញ បើធៀបនឹងតំបន់ទេសចរណ៍សក្តានុពលផ្សេងៗទៀត ហើយបច្ចុប្បន្ន ខេត្តកំពតមានការអភិវឌ្ឍច្រើនទាក់ទងនឹងវិស័យទេសចរណ៍។ លោកបន្តថា ភ្ញៀវទេសចរ ភាគច្រើន គឺមកពីទីក្រុងភ្នំពេញ។
ជាមួយគ្នានេះ លោកបានបន្តថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ រមនីយដ្ឋានរបស់លោកផ្ទាល់ទទួលបានភ្ញៀវទេសចរច្រើនគួរសម ហើយដោយគោរពតាមគោលការណ៍នែនាំរបស់ក្រសួងជំនាញនិងពាក់ព័ន្ធ លោកតែងតែអនុវត្តនូវវិធាន៣ ការពារ៣កុំ ជាប់ជាប្រចាំ ដើម្បីរក្សាសុវត្ថិភាពជូនភ្ញៀវ និងបុគ្គលិករបស់លោកផ្ទាល់៕