ព្រលានយន្តហោះវាលបែកចានបាត់ដំបងក្លាយជាកន្លែងកម្សាន្តថ្មីសម្រាប់ប្រជាជន

0

ដោយៈ ប៊ី

បាត់ដំបងៈ ទីតាំងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងខេត្តបាត់ដំបង បច្ចុប្បន្ន បានក្លាយជាកន្លែង ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ ទៅលេងកម្សាន្តកកកុញ ពិសេសពេលល្ងាច ដើម្បីស្រូបខ្យល់អាកាស ជួបជុំញុំាអាហារ និងលេងកីឡាជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

ប្រជាពលរដ្ឋ ទៅលេងទីនោះភាគច្រើន ជាលក្ខណៈគ្រួសារ ខ្លះនាំកូនចៅសាច់ញាតិទៅក្រាលកន្ទេល អង្គុយលេងញ៉ាំអាហារ ដោយអង្គុយឃ្លាតៗពីគ្នា ដោយសារ ទីតាំងនេះមានទីធ្លាធំទូលាយ និង ខ្លះលេងកីឡាដើរ រត់ និង ជិះកង់ជាដើម ។ក្រៅពីនេះ ក្រុមយុវជនក៏បាននាំគ្នាមកលេងជាក្រុមៗផងដែរ។

បើទោះបីជាទីកន្លែងនេះ បច្ចប្បន្នមិនមានការអនុញ្ញាតឱ្យ មានលក់អាហារខាងក្នុងដូចពេលមុនក៏ដោយ អ្នកដែល មកអង្គុយលេងកម្សាន្ត ខ្លះបានទិញ ឬវេចខ្ចប់អារហារពីខាងក្រៅ មកអង្គុយញ៉ាំលេងនៅទីនេះបាន ដែលអាហារទាំងនោះមានលក់នៅខាងមុខក្លោងទ្វារចូល ដែលមានលក់គ្រប់មុខ ដូចជាបុកល្ហុង ពងទាកូន សាច់គោអាំង ខ្យង ខ្ចៅ និង ភេសជ្ជៈជាដើម។ អ្នកមកអង្គុយញាំអាហារនៅទីនេះ មានការយល់ដឹងពីការសម្អាតបរិស្ថាន ក្រោយពេលដែលទទួលទានរួច គឺមិនឃើញមានសម្រាមរាយប៉ាយនោះទេ។

អ្នកដែលចង់ចូលទៅលេងកម្សាន្តនៅព្រលានយន្តហោះខេត្តបាត់ដំបងនេះ ត្រូវធ្វើដំណើរឆ្លងកាត់ក្លោងទ្វារដែលមានមន្រ្តីយោធាយាមនៅទីនោះ និងយកលុយពីអ្នកជិះ ម៉ូតូឡានចូល ដោយម៉ូតូមួយគ្រឿងបង់៥០០រៀល និងរថយន្ត១០០០រៀល។

ព្រលានយន្តហោះ វាលបែកចានខេត្តបាត់ដំបងនេះ ស្ថិតនៅ ក្រុងបាត់ដំបង ដែលមានផ្ទៃដីទំហំជាង ១ម៉ឺនហិកតា។ ព្រលាននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា និងឈានដល់ អភិវឌ្ឍន៍ឱ្យអាកាសយានដ្ឋានមួយនេះ ដំណើរការឡើងវិញ នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here