ក្រុមហ៊ុនសឹង្ហបុរីគ្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលកសិកម្មខ្នាតយក្សលើផ្ទៃទំហំដី១០,០០០ហិកតានៅកម្ពុជា

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសឹង្ហបុរី Hong Lai Huat Group នឹងរចនា សាងសង់ និងដំណើរការមជ្ឈមណ្ឌលកសិកម្មចម្រុះនៅកម្ពុជា លើផ្ទៃទំហំដីសរុបប្រមា ណ១០.០០០ហិកតា ដែលប៉ាន់ស្មានថាមានទំហំប្រហែល១ ភាគ៧ នៃទំហំប្រទេសសិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Times នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

ក្រុមហ៊ុន ដែលចុះបញ្ជីនៅសិង្ហបុរី បានទទួលអនុម័តជាផ្លូវការពីរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ពីដីកសិកម្ម ដែលមានស្រាប់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅជាការអភិវឌ្ឍបែបចម្រុះ។

ក្រុមហ៊ុន Hong Lai Huat ដែលរំពឹងថា ការអភិវឌ្ឍនេះ នឹងបន្ថែមប្រភពចំណូលថ្មីសម្រាប់ក្រុមនេះ បានឱ្យដឹងថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវ សម្រាប់កំណើននាពេលអនាគត នៃការអភិវឌ្ឍអចលនទ្រព្យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

លោក Ong Jia Jing អគ្គនាយកក្រុម និងនាយកប្រតិបត្តិក្រុមហ៊ុននេះបានថ្លែងថា ក្រុមហ៊ុនក៏សង្ឃឹមថា នឹងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត មកកម្ពុជា និងបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុក។
លោកបានបន្ថែមថា “ការវិនិយោគនេះ នឹងជំរុញឱ្យមានកំណើនរយៈពេលវែងរបស់ក្រុមក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ”។

ក្រុមហ៊ុនអចលនទ្រព្យនេះ បានឱ្យដឹងនៅក្នុងឯកសារដាក់ជូនផ្សារហ៊ុនសិង្ហបុរីកាលពីយប់ថ្ងៃពុធថាមជ្ឈមណ្ឌលនេះ នឹងត្រូវបានអភិវឌ្ឍជាដំណាក់កាលៗ ហើយដំណា​ក់ដំបូងបង្អស់ នឹងចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំ២០២១។ នៅដំណាក់កាលទី១ នឹងចាប់ ផ្តើមការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជាបណ្តាញផ្លូវខាងក្នុង ខ្សែបណ្តាញអគ្គិសនី និងបណ្តាញផ្គត់ផ្គង់ទឹក។

ការអភិវឌ្ឍន៍នេះត្រូវបានរំពឹងថា នឹងរួមបញ្ចូលទាំងតំបន់ សម្រាប់រោងចក្រកែច្នៃចំណីអាហារ ឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលដឹកជញ្ចូន ថាមពលកកើតឡើងវិញ កសិ ដ្ឋានចិញ្ចឹមសត្វ សម្ភារៈសំណង់ វារីវប្បកម្ម ទឹកស្អាត ក៏ដូចជាតំបន់ពាណិជ្ជកម្ម និងកន្លែងរស់នៅបែបសហគមន៍។

ក្រុមហ៊ុន Hong Lai Huat នឹងបើកដំណើរការតំបន់នីមួយៗចូលទៅកាន់ទីផ្សារ។ នេះ នឹងផ្អែកលើការលើការសហការ ជាយុទ្ធសាស្ត្រជាមួយដៃគូថ្មីៗ ដែលកំពុងសម្លឹងរកមើលការបង្កើតមូលដ្ឋានរបស់ពួកគេ នៅក្នុងមជ្ឈមណ្ឌលកសិកម្មនេះ។

រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៣ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ ដោយក្រុមហ៊ុនប៉ានប្រមាណថា នឹងមានទុនវិនិយោគសរុបរហូតដល់២២៥លានដុល្លារអាមេរិក។

ក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងថា ខ្លួនក៏កំពុងពិភាក្សាជាមួយវិនិយោគសំខាន់ៗផ្សេងទៀតនៅក្នុងតំបន់ផងដែរ។

ក្រុមហ៊ុនបានឱ្យដឹងថា ដោយមានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដីនៅទីតាំងនោះមានកម្ពស់១៣០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយហ៊ុព័ទ្ធដោយគម្រោ​ងឧស្សាហកម្ម និងកសិដ្ឋានផ្សេងទៀត។ បច្ចុប្បន្ន ដីនេះត្រូវបានប្រើសម្រាប់ផ្នែកកសិកម្ម ដែលផ្តោតលើការដាំដំឡូងមីស្រស់ និងកែច្នៃម្សៅសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា ខ្លួនមានគោលបំណងរៀបចំព្រឹត្តិការណ៍ បើកដំណើរការសម្រាប់មជ្ឈមណ្ឌលកសិកម្ម ជាផ្លូវការនាចុងឆ្នាំ២០២១នេះ ប្រសិនស្ថានភាពជំងឺកូវីដ១៩ធូរស្រាល។

កាលពីដើមខែនេះ ក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងលក់អាជីវកម្មរមណីយដ្ឋានកសិកម្ម នៅសិង្ហបុរីរបស់ខ្លួន ក្នុងតម្លៃ៤,៨លានដុល្លារសិង្ហបុរី ដើម្បី“ផ្តោតទាំងស្រុងលើអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here