រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញវិធានការ៤ចំណុចលើការគ្រប់គ្រងផលប៉ះពាល់វិស័យសំខាន់ៗ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តវិវឌ្ឍខ្លួនគួរឱ្យបារម្ភ តាមរយៈការបំប្លែងខ្លួនថ្មី នៃវីរុសកូវីដ-១៩ ដែលការណ៍នេះ បានបង្កើនបន្ថែមនូវសម្ពាធផ្នែកសង្គម-សេដ្ឋកិច្ច ដល់ប្រទេសជាច្រើននៅលើសកលលោក។

ក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ វិធានការចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបន្តជំរុញ លំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ដែលគេហទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

ជាការពិត ប្រទេសមួយចំនួនបាន និង កំពុងពន្លឿននូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន ក្នុងគោលដៅត្រៀមខ្លួន បើកប្រទេស ក៏ដូចជាទ្រទ្រង់សេដ្ឋកិច្ចឡើងវិញ ចំណែកប្រទេសកម្ពុជាវិញ ក៏បាន និងកំពុងទទួលវ៉ាក់សាំង។ តាមរយៈជំនួយ និងការបញ្ជាទិញដោយផ្ទាល់ពីក្រុមហ៊ុនផលិតនានា ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងទទួលបាននូវវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយអនុលោមតាមអភិក្រម “ផ្ការីក” ដែលចាប់ផ្ដើមពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយពង្រីកជាជំហានៗឆ្ពោះទៅតំបន់ផ្សេងទៀត សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម សេដ្ឋកិច្ច នៅត្រឹមឆ្នាំ ២០២១ ។ ជាក់ស្ដែង “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១” នៅបន្តអូសបន្លាយពេលវេលា និងពង្រីកវិសាលភាព នៃការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ដែលញាំងឱ្យរាជរដ្ឋាភិបាលបន្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដាន និងសម្រេចដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នានា។

ទោះជាយ៉ាងនេះក្តី វិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យកាត់ដេរ -វាយនភណ្ឌ, វិស័យអាកាសចរណ៍, វិស័យទេសចរណ៍ (សណ្ឋាគារ និងភោជនីយដ្ឋានជាដើម) នៅតែបន្តរងផលប៉ះពាល់ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះ ។ បន្ថែមពីលើនេះ, ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេស គ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏នៅតែបន្តប្រឈមនឹង បញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

បន្ទាប់ពីបានពិនិត្យ និងថ្លឹងថ្លែងយ៉ាងល្អិតល្អន់លើគ្រប់ទិដ្ឋភាពដើម្បីបំពេញតម្រូវការចាំបាច់នានា មកលើសង្គម-សេដ្ឋកិច្ច ស្ថានភាពពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខណ្ឌសកល តំបន់ និងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមជុំទី៩ ក្នុងគោលបំណង៖ (១) កាត់បន្ថយផលប៉ះពាល់មក លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហានិភ័យ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្នុង លក្ខណៈទ្រង់ទ្រាយធំ (២). បន្តសុពលភាពនៃវិធានការដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុត កំណត់សម្រាប់ការអនុវត្តក្នុងពេលឆាប់ៗខាងមុខ (៣). បន្តដាក់ចេញ និងអនុវត្តវិធានការទ្រទ្រង់ និងស្តារ អាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម សេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃការវិវឌ្ឍនៃជំងឺកូវីដ-១៩ និង (៤). បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់ គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់។

វិធានការជុំទី៩ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយវិស័យឯកជន សហគមន៍ធុរកិច្ចនានានៅកម្ពុជា, ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានារួមមាន ដូចខាងក្រោម ៖

១. វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍

បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរកាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិត អនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖

• បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមចំនួន៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត១នាក់ (ជាសរុប កម្មករនិយោជិត១នាក់ ទទួលបាន៧០ដុល្លារអាមេរិក ក្នុងមួយខែ)។

• បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត១ នាក់ ដែលបំពេញ ការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារ ទេសចរណ៍ សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាព ជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។

• បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ,ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ ។

• បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃ បេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម ។

• បន្តពន្យារការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធនៈ រយៈពេល ០៦ខែបន្តទៀត គឺរហូត ដល់ដំណាច់ ខែ ធ្នូ ឆ្នាំ ២០២១។ ការពន្យារពេលនេះនឹងត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវ ស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់ស្តែង ។

២. វិធានការបន្តជួយវិស័យអាកាសចរណ៍

• បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា ។

• បន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ជាមួយនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះរៀបចំ បង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ ។

៣. វិធានការជួយវិស័យដឹកជញ្ជូន និងឡូជីស្ទីក

●លើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយសម្រាប់ឆ្នាំ ២០២១ និង ២០២២ ។ ការពន្យារពេលនេះនឹង ត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់ស្ដែង។

៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ

• បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត។

រាជរដ្ឋាភិបាលបន្តតាមដានជាប់ជាប្រចាំក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ នូវស្ថានភាពនៃ ជំងឺកូវីដ-១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល តំបន់ និងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើ បច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសធានាចីរភាពនៃភាពស៊ាំសង្គម-សេដ្ឋកិច្ច ក្រោមក្របខណ្ឌផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើង វិញ ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here