ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានព្យាករណ៍ថា ទំហំការិយាល័យថ្មីជិត២លានម៉ែត្រការ៉េនឹងត្រូវបានផ្គត់ផ្គង់ទូទាំងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនរាប់ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ខណៈតំបន់ពាណិជ្ជកម្ម Makati នឹងគ្របដណ្តប់ចំណែក១៥ភាគរយនៃការផ្គត់ផ្គង់ថ្មី។
អគារការិយាល័យថ្មី ដែលនឹងបញ្ចប់ការសាងសង់ចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ រួមមាន អគារការិយាល័យ Calistoga អគារ Mckinley Exchange Corporate Center 2 អគារ PHC Buendia អគារ The Gentry Corporate Plaza។
ប្រសិនបើទីផ្សារនៅតែបន្តមានស្ថានភាពដូចបច្ចុប្បន្ន ក្រុមហ៊ុន Colliers ព្យាករណ៍ថា តំបន់ Makati នឹងក្លាយជាទីផ្សាររបស់ម្ចាស់ការិយាល័យ(landlord)នៅដើមឆ្នាំ២០២៦ ដោយសារការផ្គត់ផ្គង់ថ្មីនៅមានកម្រិតក្នុងរយៈពេល២ឆ្នាំខាងមុខ។
ជាមួយគ្នានេះ គេសង្កេតឃើញថា បណ្តាធនាគារធំៗជាច្រើនកំពុងសាងសង់ទីស្នាក់ការកណ្តាលថ្មីនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ហើយគម្រោងថ្មីភាគច្រើនអាចនឹងបញ្ចប់ការសាងសង់រួចរាល់ចាប់ពីឆ្នាំ២០២៩។
ទីផ្សាររបស់ម្ចាស់ការិយាល័យ(Landlord’s market) មានន័យថា ម្ចាស់អគារការិយាល័យនឹងមានប្រៀបជាងអ្នកជួល ហើយពួកគេអាចដំឡើងថ្លៃជួល និងធ្វើការសម្រិតសម្រាំងអ្នកជួល ដោយសារការផ្គត់ផ្គង់នៅមានកម្រិត ឬតម្រូវការមានភាពរឹងមាំ។
ការផ្គត់ផ្គង់អគារការិយាល័យថ្មីៗជារឿងចាំបាច់ ព្រោះអត្រាការិយាល័យទំនេរកំពុងធ្លាក់ចុះ ហើយអគារការិយាល័យចាស់ៗមិនអាចទាក់ទាញអតិថិជនបានទៀតទេ។
ក្រុមហ៊ុន Colliers បានវាយតម្លៃថា ការកំណត់តំបន់ឡើងវិញ(Rezoning) និងការអនុញ្ញាតឱ្យសាងសង់អគារប្រើប្រាស់ចម្រុះ(Mixed-use)នៅតាមដងផ្លូវធំៗ ជាគន្លឹះសំខាន់ដើម្បីបង្កើនការផ្គត់ផ្គង់ការិយាល័យថ្មី។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានាសាងសង់គម្រោងការិយាល័យស្របតាមស្តង់ដារនិរន្តរភាពបៃតង ដើម្បីជំរុញអនាគតនៃតំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុងម៉ានីល៕