ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារវិនិយោគខ្នាតយក្ស Morgan Stanley របស់សហរដ្ឋអាមេរិក បានព្យាករណ៍ថា ទីផ្សារលំនៅដ្ឋានរបស់ទីក្រុងហុងកុងនៃប្រទេសចិននឹងស្ទុះងើបឡើងវិញក្នុងពេលឆាប់ៗនេះ ខណៈតម្លៃផ្ទះនឹងចាប់ផ្តើមងើបឡើងវិញនៅក្នុងឆមាសទី២ ឆ្នាំ២០២៥។
ធនាគារវិនិយោគអាមេរិកបានបន្តថា តម្លៃផ្ទះនៅទីក្រុងហុងកុងនឹងធ្លាក់ចុះ២ភាគរយក្នុងឆមាសទី១ ឆ្នាំនេះបើធៀបនឹងឆ្នាំមុន ខណៈតម្លៃផ្ទះនៅក្នុងឆមាសទី២ នឹងងើបឡើងវិញចំនួន២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
លោក Praveen Choudhary ប្រធានផ្នែកស្រាវជ្រាវលើទីផ្សារអចលនទ្រព្យហុងកុងនៅធនាគារ Morgan Stanley បានអះអាងថា “ការស្ទុះងើបឡើងវិញនៃទីផ្សារលំនៅដ្ឋានហុងកុងនឹងមានរយៈពេលចំនួន៥ឆ្នាំ ដោយចាប់ផ្តើមពីឆមាសទី២ ឆ្នាំនេះ”។
លោកបានអះអាងទៀតថា “យើងសង្កេតឃើញមានមូលហេតុជាច្រើន ដែលបានជំរុញឱ្យយើងមានសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋានហុងកុងនឹងងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខ”។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត South China Morning Post។
ទីផ្សារលំនៅដ្ឋានរបស់ទីក្រុងហុងកុងបានជួបប្រទះភាពមិនច្បាស់លាស់អស់រយៈពេល៧ឆ្នាំ ដោយសារតម្លៃផ្ទះបានហក់ឡើងដល់កម្រិតកំពូលក្នុងខែកក្កដា ឆ្នាំ២០១៨ និងបានធ្លាក់ចុះមកវិញ។
កាលពីខែកញ្ញា ឆ្នាំ២០២១ តម្លៃផ្ទះនៅទីក្រុងហុងកុងបានហក់ឡើងដល់កម្រិតកំពូលសារជាថ្មីម្តងទៀត មុនពេលដាំក្បាលចុះក្រោមវិញជិត៣០ភាគរយគិតរហូតមកទល់ពេលនេះ៕