ដំណឹងល្អៈ រដ្ឋាភិបាលនឹងបើកយុទ្ឋនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទូទាំង ប្រទេសចាប់ពីថ្ងៃស្អែកនេះ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និង​ពង្រីកវិសាលភាពដល់ខេត្តចំនួន២៤ ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២១ ស្អែកនេះ។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីនបានមានប្រសាសន៍នៅថ្ងៃទី១៤កក្កដា ថា យុទ្ធនាការចាក់វ៉ាក់សាំងជួនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានពង្រីកវិសាលភាព​ដល់២៣ខេត្ត នៅថ្ងៃទី១៤កក្កដានេះ និងបន្តពង្រីកដល់២៤ខេត្ត នៅថ្ងៃទី១៥ក្កដាឆ្នាំ២០២១ ខណៈរាជធានីភ្នំពេញ​បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង កាលពីថ្ងៃទី៨កក្កដាកន្លងទៅនេះ។

លោកស្រីបានបន្តថា “តាមគម្រោងរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ជួនដល់ប្រជាពលរដ្ឋគោលដៅ​១០​លាន​នាក់ ឱ្យគ្រប់នៅចុងឆ្នាំ២០២១នេះ ឬនៅដើមឆ្នាំ២០២២ខាងមុខ”។លោកស្រីបន្តថា “ការចាក់វ៉ាក់សាំងបានលឿននេះ ដោយ​សា​រការផ្គត់ផ្គង់វ៉ាក់សាំងបានលឿន ខណៈគិត​ត្រឹមថ្ងៃទី១៣កក្កដានេះ មានប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងចំនួន៥ ១០៤ ៨៤៦នាក់ ស្មើនឹង​៥១.០៥​ភាគរយ ធៀបនឹង១០លាននាក់”។

បច្ចុប្បន្ននេះកម្ពុជា ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩សរុប ចំនួន១៦លាន២ម៉ឺន៤ពាន់ដូស ក្នុងនោះវ៉ាក់សាំងប្រភេទស៊ីណូហ្វាមមា នចំនួន៥លាន២សែនដូស ក្នុងនោះបញ្ជាទិញ៣លានដូស និងផ្តល់ជំនួយ​២លាន​២សែន​ដូស។

វ៉ាក់សាំងស៊ីណវ៉ាក់ចំនួន១០លាន៥សែនដូស និងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកា តាមរយៈ​គម្រោង​​កូវ៉ាក់​ចំនួន ៣២៤ ០០០ដូស។

ក្រៅពីនេះវ៉ាក់សាំង១លានដូសទៀត នឹងមកដល់នៅចុងខែកក្កដានេះ ខណៈ៣លានដូសទៀតនឹងមកដល់នៅខែសីហាខាងមុខ​។ រាជរដ្ឋាភិបាលគ្រោងបញ្ជាទិញ១លា​នដូសបន្ថែមទៀត ដែលធ្វើឱ្យចំនួនវ៉ាក់សាំងសរុបប្រមាណ២១​លាន​ដូស សម្រាប់ចាក់ដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here