ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងពង្រីកវិសាលភាពដល់ខេត្តចំនួន២៤ ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២១ ស្អែកនេះ។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីនបានមានប្រសាសន៍នៅថ្ងៃទី១៤កក្កដា ថា យុទ្ធនាការចាក់វ៉ាក់សាំងជួនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានពង្រីកវិសាលភាពដល់២៣ខេត្ត នៅថ្ងៃទី១៤កក្កដានេះ និងបន្តពង្រីកដល់២៤ខេត្ត នៅថ្ងៃទី១៥ក្កដាឆ្នាំ២០២១ ខណៈរាជធានីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង កាលពីថ្ងៃទី៨កក្កដាកន្លងទៅនេះ។
លោកស្រីបានបន្តថា “តាមគម្រោងរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ជួនដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់ ឱ្យគ្រប់នៅចុងឆ្នាំ២០២១នេះ ឬនៅដើមឆ្នាំ២០២២ខាងមុខ”។លោកស្រីបន្តថា “ការចាក់វ៉ាក់សាំងបានលឿននេះ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងបានលឿន ខណៈគិតត្រឹមថ្ងៃទី១៣កក្កដានេះ មានប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងចំនួន៥ ១០៤ ៨៤៦នាក់ ស្មើនឹង៥១.០៥ភាគរយ ធៀបនឹង១០លាននាក់”។
បច្ចុប្បន្ននេះកម្ពុជា ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩សរុប ចំនួន១៦លាន២ម៉ឺន៤ពាន់ដូស ក្នុងនោះវ៉ាក់សាំងប្រភេទស៊ីណូហ្វាមមា នចំនួន៥លាន២សែនដូស ក្នុងនោះបញ្ជាទិញ៣លានដូស និងផ្តល់ជំនួយ២លាន២សែនដូស។
វ៉ាក់សាំងស៊ីណវ៉ាក់ចំនួន១០លាន៥សែនដូស និងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកា តាមរយៈគម្រោងកូវ៉ាក់ចំនួន ៣២៤ ០០០ដូស។
ក្រៅពីនេះវ៉ាក់សាំង១លានដូសទៀត នឹងមកដល់នៅចុងខែកក្កដានេះ ខណៈ៣លានដូសទៀតនឹងមកដល់នៅខែសីហាខាងមុខ។ រាជរដ្ឋាភិបាលគ្រោងបញ្ជាទិញ១លានដូសបន្ថែមទៀត ដែលធ្វើឱ្យចំនួនវ៉ាក់សាំងសរុបប្រមាណ២១លានដូស សម្រាប់ចាក់ដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់៕