ក្រុមហ៊ុនដ៏ធំរបស់ថៃគ្រោង៦០លានដុល្លារសាងសង់គម្រោងរីហ្សតនៅប្រទេសដែនកោះម៉ាល់ឌីវ

0

ដោយៈ សុខុម

បាងកក: ដោយមើលឃើញពីសក្ដានុពលរីកចម្រើនខ្លាំងសម្រាប់វិស័យទេសចរណ៍នៅប្រទេសដែនកោះម៉ាល់ឌីវ ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ក្រុមហ៊ុនបដិសណ្ឋារកិច្ចថៃ S Hotels & Resorts (SHR) នឹងបើកដំណើរការគម្រោងរីហ្សតថ្មីរបស់ខ្លួនមានឈ្មោះថា SO/ Maldives ឆាប់ៗនេះ។

យោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា នេះឱ្យដឹងថា គម្រោងដែលមានទំវិនិយោគ៦០លានដុល្លារអាមេរិក នេះនឹងបើកដំណើរការនៅត្រឹមឆ្នាំ២០២៣។

លោក Dirk De Cuyper ប្រធានផ្នែកបដិសណ្ឋារកិច្ចនៅក្រុមហ៊ុន SHR បានថ្លែងថា ការសាងសង់រីហ្សតដែលមានផ្ទះលម្ហែកាយប្រភេទវីឡាចំនួន៨០ខ្នងនេះនឹងចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២១ នេះនៅលើកោះទី៣ នៃគម្រោងទេសចរណ៍ Crossroad Maldives ដែលជាគម្រោងរីហ្សតចម្រុះរបស់ក្រុមហ៊ុន SHR នៅបឹងទឹកប្រៃ Emboodhoo Lagoon។

គម្រោងអភិវឌ្ឍន៍ដែលកាន់កាប់តាមរយៈការបណ្តាក់ទុនរួមស្មើគ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ Wai Eco World Developer ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា នេះនឹងក្លាយជាគម្រោងរីហ្សតទី៣ នៅក្នុងគម្រោង Crossroads Maldives បន្ទាប់ពីគម្រោង SAii Lagoon Maldives និងគម្រោង Hard Rock Hotel Maldives បានបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០១៩។

លោក Andrew Langdon អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនបដិសណ្ឋារកិច្ចបារាំង Accor ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង បានថ្លែងថា គម្រោង SO/ Maldives នឹងក្លាយជាគម្រោងដំបូងបង្អស់ដែលនឹងត្រូវដំណើរការក្រោមម៉ាកយីហោ (Brand) នេះក្នុងប្រទេសម៉ាល់ឌីវ។

លោក Dirk De Cuyper លើកឡើងថា ការកើនឡើងនូវករណីឆ្លងវីរុសកូវីដ-១៩ នៅម៉ាល់ឌីវ នឹងជះផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះសម្រាប់អាជីវកម្ម ខណៈការឆ្លងកើតមានភាគច្រើនតែនៅក្នុងទីក្រុងរាជធានី Male ចំណែកឯកោះផ្សេងៗទៀតនៅតែបើកស្វាគមន៍ភ្ញៀវទេសចរជាធម្មតា។

ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ដែលស្ថិតក្នុងចំណោមទីផ្សារធំៗនឹងចាប់ផ្តើមធ្វើដំណើរកម្សាន្តឡើងវិញ នៅពេលរដ្ឋាភិបាលម៉ាល់ឌីវ បន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរនៅអាស៊ីខាងត្បូង ដែលបានចាប់ផ្តើមនៅថ្ងៃនេះ។

លោក Dirk De Cuyper បានគូសបញ្ជាក់ថា “យើងអាចមើលឃើញទស្សនវិស័យវិជ្ជមានសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ និងឈានចូលដល់ឆ្នាំ២០២២ ដោយប្រទេសម៉ាល់ឌីវ ទំនងជាគោលដៅទេសចរណ៍មួយដែលមានសុវត្ថិភាពបំផុត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here