ដោយៈ ម៉ាណេត
ភ្នំពេញៈ បណ្តាខេត្តជាប់មាត់សមុទ្រ រួមមានខេត្តព្រះសីហនុ កំពត កែប និងកោះកុង នៅតែជាគោលដៅវិនិយោគ របស់អ្នកវិនិយោគអចលនទ្រព្យ បើទោះបីជាស្ថិតក្នុងវិបត្តិជំងឺរាតត្បាតសកលក៏ដោយ។
លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងប្រាប់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា បណ្តាខេត្តជាប់មាត់សមុទ្រនៅតែបង្ហាញសក្តានុពល សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ហើយបើទោះសិ្ថតក្នុងវិបត្តិកូវីដ១៩ក៏ដោយ វិនិយោគិនអចលនទ្រព្យ ពិសេសវិនិយោគក្នុងស្រុក នៅតែដើរចេញទៅតាមបណ្តាខេត្ត ដើម្បីសម្លឹងរកកន្លែងវិនិយោគសម្រាប់ការទាញយកផលចំណេញនាពេលអនាគត។
លោកបានថ្លែងបន្តថា មូលហេតុ ដែលវិស័យអចលនទ្រព្យនៅបណ្តាខេត្តជាប់មាត់សមុទ្រ នៅតែបង្ហាញសក្តានុពលសម្រាប់ការវិនិយោគ ដោយសាររដ្ឋាភិបាលបានយកចិត្តទុកដាក់លើការស្ថាបនាប្រព័ន្ធហេដ្ឋារចនានានា នៅបណ្តាខេត្តទាំងនេះ ពិសេសខេត្តព្រះសីហនុ។
លោកបានបន្តថា កាលណាពេលការកសាង និងការពង្រីកប្រព័ន្ធ វានឹងជំរុញឱ្យវិស័យសេដ្ឋកិច្ច ពិសេសអចលនទ្រព្យមានការរីកចម្រើនជាក់ជាមិនខាន។
លោកបានថ្លែងបន្តថា សកម្មភាពវិនិយោគលើវិស័យអចលនទ្រព្យនៅបណ្តាខេត្តជាប់មាត់សមុទ្រ នៅតែមានជាហូរហែ ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ ប៉ុន្តែវាមិនច្រើន ដូចមុនសម័យកូវីដ នោះទេ។ លោកបន្តថា ភាគច្រើននៃសកម្មភាពវិនិយោគនេះ គឺធ្វើឡើងដោយវិនិយោគស្រុក ហើយចំណែក វិនិយោគិនបរទេសគឺវិនិយោគបរទេសនៅក្នុងស្រុកស្រាប់ ដែលពង្រីកការវិនិយោគរបស់ពួកគាត់។
លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បានថ្លែងប្រាប់ថា ខេត្តមួយចំនួន ដែលមានសក្ដានុពលក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដើម្បីផលចំណេញ មានដូចជាខេត្តព្រះសីហនុ កែប កំពត កោះកុងជា និងកោះកុង ដែលមានសក្ដានុពលសម្រាប់ការវិនិយោគ ខណៈខេត្តទាំងអស់នេះត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍលើវិស័យផ្សេងៗ ជាច្រើនពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ។
លោកបានថ្លែងបន្តថា បើនិយាយពីការវិនិយោគអចលនទ្រព្យសម្រាប់ផលចំណេញ គឺភាគច្រើនគេនិយាយពីការវិនិយោគលើវិស័យដីធ្លីនេះតែម្តង។ លោកបានបន្តថា អំឡុងពេលដែលវិបត្តិនេះ នៅពេលវិនិយោគិនឆ្លាតវៃណា អាចរកបានអចលនទ្រព្យណាមួយដែលមានតម្លៃក្រោមទីផ្សារ និងរួចទិញយកសម្រាប់យកផលចំណេញនាពេលអនាគត នេះគឺជាឱកាសមួយដ៏ល្អប្រសើរ ។
លោកបន្តថា ដើម្បីទទួលបានផលចំណេញ នៅពេលខាងមុខអ្នកវិនិយោគគួរ ការវិនិយោគពីពេលឥឡូវនេះនៅពេលដែលវិបត្តិកូវីដបញ្ចប់ តម្លៃអចលនទ្រព្យនឹងកើនឡើងខ្លាំង នៅពេលនោះហើយដែលអ្នកវិនិយោគទទួលបានផលចំណេញខ្ពស់ពីការវិនិយោគវិស័យអចលនទ្រព្យរបស់ខ្លួន៕