ដោយៈវឌ្ឈនៈ
ភ្នំពេញៈ នៅក្នុងបរិបទកូវីដ១៩ អាជីវកម្មជាច្រើន ក្នុងប្រទេសកម្ពុជាត្រូវបានរង្គោះរង្គើនិងធ្វើឱ្យម្ចាស់អាជីវកម្មទាំងនោះ បាត់បង់ចំណូលចាប់តាំង ពីមានការរាលដាលនៃកូវីដ១៩ ក្នុងសហគមន៍ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១។
ប៉ុន្តែអាជីវកម្មដីឡូត៏វិញ ត្រូវបានគេមើលឃើញថា នៅតែទទួលបានការគាំទ្រនិងសកម្មជាបន្តបន្ទាប់ក្នុងនោះដែរ អ្នកអភិវឌ្ឍន៍ដីឡូត៏ក៏បានផ្លាស់ប្តូរ យុទ្ធសាស្ត្ររបស់ខ្លួនខុសពីមុនផងដែរ។
កាលពីប៉ុន្មានឆ្នាំមុននេះ អ្នកអភិវឌ្ឍន៍ដីឡូត៏ជាច្រើន ឬស្ទើរតែទាំងអស់ពុះដីឡូត៏ក្នុងទំហំ៥ ម៉ែត្រគុណនឹង២០ម៉ែត្រប៉ុណ្ណោះ ហើយដីនេះ គឺបានត្រឹមតែសាងសង់ផ្ទះប៉ុណ្ណោះ ព្រោះវាមានទំហំតូចពេក ឬអាចនិយាយដីនៅជិតក្រុងមានតម្លៃខ្ពស់បន្តិច។ ប៉ុន្តែក្រោយៗមករហូតមកដល់ពេលនេះ ដីអ្នកអភិវឌ្ឍន៍ដីឡូត៏ជាច្រើន ក៏ចាប់ផ្ដើមពង្រីកទំហំនៃការពុះឡូត៏របស់ខ្លួន ដោយខ្លះទំហំ១០គុណនឹង២០ម៉ែត្រ ខ្លះ១០ម៉ែត្រគុណនឹង៣០ម៉ែត្រ និងខ្លះទៀតទំហំធំជាងនេះទៅទៀត ហើយទីតាំងក៏កាន់តែឆ្ងាយៗពីទីក្រុងភ្នំពេញ។
អ្នកអភិវឌ្ឍន៍ដីឡូត៏ជាច្រើនបាននិយាយថា ការពុះដីឡូត៏ទំហំធំៗបែបនេះ គឺសម្រាប់អភិវឌ្ឍន៍ផ្ទះលំហែកាយ ដោយអ្នកអភិវឌ្ឍន៍ខ្លះបានផ្ដល់ដំណាំ លើដីនោះជូនអតិថិជន ហើយខ្លះទៀត ក៏កំពុងពុះដីឡូត៏បណ្ដើរនិងដាំដំណាំ លើបណ្ដើរលក់បណ្ដើរ ។ នេះគឺជាយុទ្ធសាស្ត្រថ្មីមួយ សម្រាប់អភិវឌ្ឍន៍ដីឡូត៏ ក្នុងការពុះលក់ដល់អ្នក ដែលត្រូវការដីសម្រាប់សង់ផ្ទះលំហែរ។
លោកសោម កាក់អ្នកអភិវឌ្ឍន៍ដីឡូត៏មួយរូបនៅបណ្ដោយផ្លូវ៤១ នៃខេត្តកំពត ក៏បាននិយាយថា ការពុះដីឡូត៏ជាលក្ខណៈតំបន់លំហែកាយបែបនេះ គឺទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ហើយអតិថិជនភាគច្រើន ជាអ្នកដែលមានផ្ទះផ្ទាល់ខ្លួនរួចហើយ តែចង់ទិញដីប្រភេទនេះ សម្រាប់ទុកលំហែនៅចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក ដោយពួកគេមួយចំនួន ក៏បានទិញហើយសង់ផ្ទះល្មម សម្រាប់ស្នាក់បណ្ដោះអាសន្នសម្រាប់កម្សាន្តជាមួយគ្រួសារ ។
លោកបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានដឹងថាដីឡូត៏នៅតែមានសក្ដានុពលក្នុងាការអភិវឌ្ឍ ពីព្រោះប្រជាជនវ័យក្មេង នៅកម្ពុជាមានច្រើនណាស់ ដូច្នេះពួកគេត្រូវការដីសម្រាប់សង់ផ្ទះ កសាងគ្រួសាររបស់ពួកគេ ប៉ុន្តែដីឡូត៏ទាំងនោះនឹងកាន់តែរីកសាយទៅកាន់តំបន់ជាយៗ ក្រុងជាបន្តបន្ទាប់នៅពេលអនាគត។
លោកឆម ចំរើនអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងបរិបទកូវីដ១៩ ទីផ្សារដីឡូត៍សំរាប់សាងសង់ផ្ទះលំហែរបាយបានកើនឡើងខ្ពស់ ដោយសារប្រជាជនជាច្រើន បានគិតរកកកន្លែងលំហែរ បំបាត់ស្រ្តេស ពិសេសដោយសារពួកគេ មិនអាចចេញដំណើរកំសាន្តនៅក្រៅប្រទេសបាន។
លោកបន្តថា “និន្នាការនេះបែបនេះ បាននិងកំពុងមានភាពររីកចម្រើន លើទីផ្សារដីឡូត៍លំហែរកាយ ដែលភាគច្រើនមានទីតាំងនៅជាយក្រុងភ្នំពេញ ពិសេសក្នុងទឹកដីខេត្តកំពត”៕