ដោយៈ ប៊ី
ភ្នំពេញៈ កំណើនអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ពិសេសដីធ្លី គម្រោងផ្ទះបុរី និងខុនដូ កាន់តែមានការប្រកួតប្រជែងកាន់តែច្រើនឡើង ហើយបច្ចុប្បន្នមានអ្នកអភិវឌ្ឍន៍ជាច្រើនប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវពិតប្រាកដស្របច្បាប់។
ប៉ុន្តែក៏មានជនឆ្លៀតឱកាសមួយចំនួននៅក្នុងវិស័យអចលនទ្រព្យប្រើប្រាស់ល្បិចកលបោកប្រាស់ប្រជាពលរដ្ឋ ដែលជាអតិថិជនឱ្យរងគ្រោះអស់ជាច្រើននាក់មកហើយ។
ជាមួយគ្នានេះដែរ លោកឧកញ៉ាម៉ុង ឫទ្ធីដែលប្រជាជនខ្មែរស្គាល់ថា ជាសេដ្ឋីកសិកម្មនៅក្នុងស្រុកខ្មែរបានណែនាំដល់ អ្នកដែលមានបំណងចង់ទិញដីធ្លីអំពីល្បិចឆបោក។
ឧកញ៉ាម៉ុង ឫទ្ធីដែលដកស្រង់សម្តីចេញពី Realestate.com.kh បានលើកឡើងថា “ឃើញអំពើបោកយ៉ាងសាហាវ គឺដីហ្នឹងតម្លៃ១លានដុល្លារឧទាហរណ៍ ដល់បង់លុយឱ្យគេ (ម្ចាស់ដីទី១) ៣០ម៉ឺនដុល្លារ ហើយ៧០ម៉ឺនទៀត នៅពេលដែលគេផ្ទេរកម្មសិទ្ធឱ្យបានបង់…ដល់ប្រជាជនអត់ដឹង ពុះដីឡូត៍លក់ កម្មសិទ្ធនៅម្ចាស់ដើមទេ”។
លោកឧកញ៉ាបានបន្តថា “ដល់ថ្ងៃបង់៧០ម៉ឺនដុល្លារទៀត អ្នកពុះដីឡូត៍អត់មានលុយឱ្យ ម្ចាស់ដើមអត់ឱ្យកម្មសិទ្ធ អញ្ចឹងអ្នកដែលរងគ្រោះគឺអ្នកដែលទៅទិញដីឡូត៍នោះ…រាល់ថ្ងៃដែលធ្ងន់អាហ្នឹងទេរឿងថា ដែលបង់ហើយបានដីឡូត៍មិនអីទេ វាកុនម្ចាស់កម្មសិទ្ធដើមដីឡូត៍ អត់សងលុយម្ចាស់ដីទី១គ្រប់ ចឹងជនគ្រោះគឺអ្នកទី៣ហ្នឹងហើយដែលត្រូវដោះស្រាយ”។
សម្រាប់លោកអ្នកដែលជាអតិថិជនកំពុងមានបំណងចង់ស្វែងរកទិញអចលនទ្រព្យផ្សេងៗ ជាពិសេសដីធ្លីដោយមុននឹងសម្រេចចិត្តចំណាយថវិការដែលរកបានដោយលំបាកទៅទិញគួរណាពិចារណា និងស៊ើបអង្កេតឱ្យបានល្អិតល្អន់បំផុតចៀសវាងត្រូវក្លាយជាជនរងគ្រោះរបស់ជនខិលខូចដែលដើរលក់គម្រោងខ្យល់នានា៕