ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Groupបានចាប់ផ្តើមផ្លាស់ប្តូរប្រវត្តិសាស្រ្តនៃខេត្តព្រះសីហនុ តាមរយៈការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតផ្កាយ៦ជាលើកដំបូងនៅកម្ពុជា និងតំបន់អាស៊ីអាគេ្នយ៍។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះ បានឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា គំរោងថ្មីនេះមានឈ្មោះព្រីន ធានស៊ីវ៉ាន ដែលមានទំហំរហូតដល់រហូតដល់៣០ម៉ឺនម៉ែត្រការ៉េ និងប្រើប្រាស់សម្រាប់សណ្ឋាគារប្រណីត ផ្សារទំនើប អាផាតម៉ិន តំបន់កំសាន្តលំដាប់ពិភពលោក ភោជនីយដ្ឋាន ជាដើម។ គំរោងនេះស្ថិតនៅភូមិលេខ៣ សង្កាត់បី ខ័ណ្ឌមិត្តភាព ខេត្តព្រះសីហនុ។
ជាមួយនឹងផែនការចំពោះមុខរបស់ខ្លួន ដោយគ្រោងវិនិយោគទឹកប្រាក់រហូតដល់៥០០០លានដុល្លារអាមេរិក ក្រុមហ៊ុននេះបាននិងកំពុងត្រៀមដីទំហំ៨០០ហិកតា នៅខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍន៍គំរោងជាបន្តបន្ទាប់របស់ខ្លួន។
យោងតាមសេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងទៀតថា គំរោងនេះក្រៅពីមានបំពាក់នូវផ្សារទំនើប សាលពិព៌ណ សាលសន្និសីទលំដាប់អន្តរជាតិ លំនៅដ្ឋាន សេវាកម្មពាណិជ្ជកម្ម អាងហែងទឹកទំនើប ក្លឹបទូកល្បឿនលឿន គំរោងនេះក៏មានចំណតរថយន្តទំនើប ដែលមានទំហំរហូតដល់២៥០០០ម៉ែត្រការ៉េផងដែរ។
ក្រុមហ៊ុនអចលនទ្រព្យPrince Real Estate Groupបាននិងកំពុងវិនិយោគគំរោងជាច្រើននៅរាជធានីភ្នំពេញ ដូចជា Prince Plaza, Prince Modern Plaza, Diamond oNe, និងសណ្ឋាគារកំពស់៦០ជាន់ភ្លោះផងដែរ។
ទោះជាយ៉ាងណាក្រុមហ៊ុននេះ មិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគ ក្នុងគំរោងនេះនៅឡើយទេ៕