ដោយៈគង់ សូរិយា
សៀមរាបៈ រដ្ឋាភិបាលបានសម្រេចធ្វើអនុប្រយោគ ដីសាធារណៈរបស់រដ្ឋ ប្រមាណ១៧២ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដល់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាដើម្បីធភិវឌ្ឍន៍។
ការសម្រេចធ្វើប្រទានកម្មផ្តល់កម្មសិទ្ធនេះ ធ្វើឡើងដោយអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើ ដែលចុះហត្ថលេខាដោយសម្ដេចតេជោហ៊ុន សែន នៅថ្ងៃទី២៣កក្កដា ឆ្នាំ២០២១កន្លងមកនេះ។
តាមរយៈអនុក្រិត្យនេះ រដ្ឋាភិបាលបានកាត់ដីទំហំ១៧២ហិកតា៣អា ស្ថិតនៅភូមិរំចេក ឃុំរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទៅឱ្យលោកឧកញ៉ា ឡេង ណាវ៉ាត្រា។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីចុងសប្តាហ៍មុនថា គោលនយោបាយលើបញ្ហាដីធ្លីរបស់រាជរដ្ឋាភិបាល តែងធ្វើការកាត់ឆ្វៀលដីរដ្ឋដែលលែងមានព្រៃឈើ និងត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់ អាស្រ័យផលជាក់ស្តែងយូរមកហើយ ដើម្បីផ្តល់កម្មសិទ្ធិរឹងមាំជូនពួកគាត់អាចយកទៅចាត់ចែងបានពេញលេញ។
លោកបានបន្តថា “ការផ្តល់កម្មសិទ្ធិស្របច្បាប់ ទៅលើដីដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលយូររួចមកហើយ មានសារៈសំខាន់បំផុត សម្រាប់ការអភិវឌ្ឍមូល ដ្ឋានដូចជាស្រុកបន្ទាយស្រី ព្រោះវានឹងធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ផ្តល់ភាពច្បាស់លាស់ និងមូលដ្ឋានច្បាប់រឹងមាំជូនដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃ និងសក្តានុពល ព្រមទាំងបើកផ្លូវឱ្យមានការវិនិយោគពីសំណាក់វិស័យឯកជន ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ”។
លោកបន្ថែមថា ដីដែលជាគោលដៅនៃការកាត់ឆ្វៀល ត្រូវតែជាដីដែលបានកាន់កាប់អាស្រ័យផលយូរមកហើយ មានឯកសារបញ្ជាក់ច្បាស់លាស់ មិនមានព្រៃឈើ និងមិនមែនជាដីដែលកំពុងមានវិវាទនោះទេ។ ដីរដ្ឋដែលត្រូវបានទន្ទ្រានយកថ្មីៗ ឬរំលោភយកមកដោយខុសច្បាប់ មិនអាចដាក់ស្នើរសុំកាត់ឆ្វៀលឡើយ៕