ដូនពេញគឺជាខណ្ឌដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់ជាងគេមួយនៅកណ្តាលទីក្រុងភ្នំពេញ ដែលមានផ្ទៃដី៧.៤៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបជាង ១៥៥.០០០ នាក់។ ខណ្ឌនេះត្រូវបានបែងចែកជា ១១ សង្កាត់ដែលរួមមាន៖ សង្កាត់ស្រះចក វត្តភ្នំ ផ្សារចាស់ ផ្សារកណ្តាលទី១ ផ្សារកណ្តាលទី២ ជ័យជំនះ ចតុមុខ បឹងរាំង ផ្សារថ្មីទី១ ផ្សារថ្មីទី២ និងផ្សារថ្មីទី៣។
ប៉ុន្តែអ្វីដែលមនុស្សភាគច្រើនបានដឹង និងស្គាល់អំពីខណ្ឌមួយនេះ គឺថាវាមានចំនួនអគារការិយាល័យច្រើនជាងគេ ដោយបច្ចុប្បន្នដូនពេញមានការផ្គត់ផ្គង់ទីផ្សារការិយាល័យរហូតដល់២៥% នៃចំនួនផ្គត់ផ្គង់សរុបក្នុងក្រុងភ្នំពេញ។ យោងតាមរបាយការណ៍ប្រចាំឆមាសទីពីរ ឆ្នាំ២០២០ របស់ Knight Frank ខណ្ឌដូនពេញមានអត្រានៃការផ្គត់ផ្គង់ការិយាល័យសរុបខ្ពស់ជាងគេដល់ទៅ២៥% បន្ទាប់មកគឺខណ្ឌចំការមន២០% ខណ្ឌ៧មករា ១៨% និងខណ្ឌបឹងកេងកង១៦% ។
របាយការណ៍ដដែលបង្ហាញថា នៅក្នុងឆមាសទី២ ឆ្នាំ២០២០ ការផ្គត់ផ្គង់ការិយាល័យសរុបនៅក្នុងក្រុងភ្នំពេញមានចំនួនជាង៦០៩.០០០ ម៉ែត្រការ៉េ កើនឡើង៣.៦% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ ក្នុងនោះការិយាល័យកម្រិតB មានការផ្គត់ផ្គង់ច្រើនជាងគេដល់ទៅ៥០ភាគរយ បន្ទាប់មកគឺកម្រិតC ៤១ភាគរយ និងកម្រិត A ៩ ភាគរយ ។ ទោះជាយ៉ាងណាក៏ដោយ នៅចុងឆ្នាំ២០២១ តួលេខនេះនឹងមានការប្រែប្រួល ដោយទីផ្សារការិយាល័យកម្រិតA អាចមានការផ្គត់ផ្គង់រហូតដល់ទៅ៦៧% ប្រសិនបើការអភិវឌ្ឍន៍គម្រោងការិយាល័យមួយចំនួនត្រូវបានបញ្ចប់តាមផែនការគ្រោងទុក។
ក្រៅពីជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេខាងការផ្គត់ផ្គង់ការិយាល័យ ខណ្ឌដូនពេញក៏មានអាជីវកម្ម និងកន្លែងសំខាន់ៗជាច្រើនផ្សេងទៀតដូចជា ផ្សារធំថ្មី ផ្សារទំនើបសូរិយា ព្រះបរមរាជវាំង សារមន្ទីរជាតិ វត្តភ្នំ និងវិមានឯករាជ្យជាដើម ដែលភាគច្រើនជាទិសដៅទេសចរណ៍ដ៏ពេញនិយម។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Key Real Estate តម្លៃដីនៅខណ្ឌដូនពេញ គឺថ្លៃជាងគេបំផុតនៅក្នុងទីក្រុងភ្នំពេញ ដោយដីលំនៅឋានដាក់លក់ក្នុងតម្លៃជាមធ្យម៣.៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈដែលដីពាណិជ្ជកម្មជាមធ្យម ៦.១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
នៅក្នុងខណ្ឌដូនពេញ សង្កាត់ផ្សារថ្មីទី១ ទី២ និងទី៣ មានតម្លៃដីពាណិជ្ជកម្មថ្លៃជាងគេបំផុត ជាមធ្យមតម្លៃ ៩,០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ចំណែកឯដីលំនៅឋានក្នុងសង្កាត់ផ្សារចាស់ មានតម្លៃខ្ពស់បំផុត ៤.០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញផ្សព្វផ្សាយក្នុងស្រុក លោក ស៊ន សៀប ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានលើកឡើងថា មូលហេតុចម្បងដែលបណ្ដាលឱ្យដីមានតម្លៃខ្ពស់ក្នុងខណ្ឌនេះ គឺដោយសារទីផ្សារអចលនទ្រព្យក្នុងតំបន់នេះមានភាពចំណាស់ជាងគេ និងមានតម្លៃដីធ្លីខ្ពស់បំផុតនៅតាមសង្កាត់នីមួយៗ។
លោកបានបន្តថា៖ «ដូនពេញជាតំបន់អភិវឌ្ឍន៍ដែលចំណាស់ជាងគេបំផុត រួមមានផ្សារធំៗចំនួនបី គឺផ្សារចាស់ ផ្សារកណ្តាល និងផ្សារថ្មី។ លើសពីនេះទៅទៀត តំបន់ទាំងនេះគឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានដូចជាព្រះបរមរាជវាំង និងតំបន់មាត់ទន្លេជាដើម។»