ដោយ៖កុសមា
ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចផ្លាស់ប្ដូរទីកន្លែងសម្រាប់វេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ASEANTourism Forum, ATF22) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ២០២២ ពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុវិញ។
លោកលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍កិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ នៃការការពារវេទិកាទេសចរណ៍អាស៊ានលើកទី៤០ កាលពីថ្ងៃទី១៣ ខែតុលាថា “ខេត្តព្រះសីហនុត្រូវបានជ្រើសជាកន្លែងរៀបចំកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (ASEAN Tourism Forum, ATF22)”។
លោកបានបន្តថា ដូច្នេះយើងត្រូវរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់គណៈប្រតិភូមកពីប្រទេសអាស៊ានទាំង១០ និងឈានទៅបើកទេសចរណ៍ ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីអាក់ខានកន្លងមកដោយសារជំងឺរាតត្បាតកូវីដ-១៩។“
កិច្ចប្រជុំនេះមានការមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ។ ជាមួយគ្នានេះផងដែរលោកក៏បានស្នើឱ្យមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រៀមរៀបចំកម្លាំងចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនគណៈប្រតិភូឱ្យបានល្អ៕