រដ្ឋាភិបាលចិនដកហូតដីយ៉ាងធំ២កន្លែងពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande

0

ដោយៈសុខុម

ប្រទេសចិន: អាជ្ញាធរក្រុងឈឹងទូ (Chengdu) នៃប្រទេសចិន បានដកហូតដីយ៉ាងធំចំនួន២កន្លែង ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលរុំកោះ China Evergrande Group។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២០ ធ្នូ នេះ។

អជ្ញាធររៀបចំផែនការដីធ្លី នៅក្នុងទីក្រុងនាភាគនិរតីខាងលើនេះបានប្រកាសថា ខ្លួននឹងដកហូតដីទាំង២កន្លែង ដែលមានទំហំសរុបជាង៣០០.០០០ម៉ែត្រការ៉េនេះ ដោយសារតែក្រុមហ៊ុន Evergrande ទុកដីទាំងនោះចោល ដោយគ្មានសកម្មភាពអភិវឌ្ឍន៍ អស់រយៈពេលជាង១ទស​វត្សរ៍មកហើយ។

អាជ្ញាធរក្រុងនេះ បានចេញសេចក្ដីប្រកាសអំពី ការដកហូតដីទាំងនេះកាលពីថ្ងៃទី១៧ ធ្នូ ក្រោយពីអាជ្ញាធរក្រុងហៃខូវ (Haikou) បានប្រកាសកាលពីដើមសប្ដាហ៍មុន ដកហូតដីមួយកន្លែងរបស់ក្រុមហ៊ុន Evergrande ដោយគ្មានសំណងនៅក្នុងខេត្តហៃណាន (Hainan)។

រដ្ឋាភិបាលចិន កំពុងអន្តរាគមន៍ជួយដោះស្រាយវិបត្តិ របស់ក្រុមហ៊ុន Evergrande បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យខ្នាតយក្សមួយនេះខកខានសងថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន២ នៅបរទេសដែលឈានទៅដល់ការរៀបចំឥណទានឡើងវិញ ដើម្បីដោះស្រាយបញ្ហាបំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុននេះ។

អាជ្ញាធរចិន កំពុងពិនិត្យពិន័យយ៉ាងប្រុងប្រយ័ត្ន លើទ្រព្យសកម្មរបស់ក្រុមហ៊ុន Evergrande និងមហាសេដ្ឋី Hui Ka Yan ដែលជាប្រធានក្រុមហ៊ុននេះ ប៉ុន្តែតាមការរំពឹងទុកថា នឹងគ្មានការសម្រុកលក់ឡាយឡុងទ្រព្យសកម្មទាំងនោះឡើយនៅពេលនេះ។ នេះបើយោងតាមប្រភព២ដែលដឹងពីបញ្ហានេះ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីសប្តាហ៍មុន។

ប្រភពមួយទៀតបានទម្លាយឱ្យដឹងកាលពីខែមុនថា ស្ថាប័នមួយរបស់រដ្ឋាភិបាលចិន បានរឹបអូសកីឡដ្ឋានបាល់ទាត់ដ៏ធំ របស់ក្រុមហ៊ុន Evergrande នៅទីក្រុងគ័ងចូវ (Guangzhou) ដែលនឹងក្លាយជាកីឡដ្ឋានបាល់ទាត់ធំបំផុត ក្នុងពិភពលោកដើម្បីយកទៅលក់ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍នេះ បានផ្អាកការសាងសង់កណ្ដាលទី ដោយសារតែខ្វះដើមទុន។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី China Evergrande New Energy Vehicle Group ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande ក៏បាននិយាយកាលពីចុងខែមុនដែរថា ខ្លួនបានប្រគល់ដី ដែលមិនទាន់បានអភិ​វឌ្ឍន៍សម្រាប់គម្រោងចំនួន៧ ដែលមានទំហំទុនវិនិយោគសរុប២០៣,៨៧លានដុល្លារអាមេរិក ឱ្យទៅរដ្ឋាភិបាលវិញ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានធ្លាក់ចុះ៩,៩%កាលពីថ្ងៃច័ន្ទ មកនៅត្រឹម១,៤៦ដុល្លារហុងកុង ឬ០,១៩ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here