ដោយៈសុខុម
ប្រទេសចិន: អាជ្ញាធរក្រុងឈឹងទូ (Chengdu) នៃប្រទេសចិន បានដកហូតដីយ៉ាងធំចំនួន២កន្លែង ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលរុំកោះ China Evergrande Group។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២០ ធ្នូ នេះ។
អជ្ញាធររៀបចំផែនការដីធ្លី នៅក្នុងទីក្រុងនាភាគនិរតីខាងលើនេះបានប្រកាសថា ខ្លួននឹងដកហូតដីទាំង២កន្លែង ដែលមានទំហំសរុបជាង៣០០.០០០ម៉ែត្រការ៉េនេះ ដោយសារតែក្រុមហ៊ុន Evergrande ទុកដីទាំងនោះចោល ដោយគ្មានសកម្មភាពអភិវឌ្ឍន៍ អស់រយៈពេលជាង១ទសវត្សរ៍មកហើយ។
អាជ្ញាធរក្រុងនេះ បានចេញសេចក្ដីប្រកាសអំពី ការដកហូតដីទាំងនេះកាលពីថ្ងៃទី១៧ ធ្នូ ក្រោយពីអាជ្ញាធរក្រុងហៃខូវ (Haikou) បានប្រកាសកាលពីដើមសប្ដាហ៍មុន ដកហូតដីមួយកន្លែងរបស់ក្រុមហ៊ុន Evergrande ដោយគ្មានសំណងនៅក្នុងខេត្តហៃណាន (Hainan)។
រដ្ឋាភិបាលចិន កំពុងអន្តរាគមន៍ជួយដោះស្រាយវិបត្តិ របស់ក្រុមហ៊ុន Evergrande បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យខ្នាតយក្សមួយនេះខកខានសងថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន២ នៅបរទេសដែលឈានទៅដល់ការរៀបចំឥណទានឡើងវិញ ដើម្បីដោះស្រាយបញ្ហាបំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុននេះ។
អាជ្ញាធរចិន កំពុងពិនិត្យពិន័យយ៉ាងប្រុងប្រយ័ត្ន លើទ្រព្យសកម្មរបស់ក្រុមហ៊ុន Evergrande និងមហាសេដ្ឋី Hui Ka Yan ដែលជាប្រធានក្រុមហ៊ុននេះ ប៉ុន្តែតាមការរំពឹងទុកថា នឹងគ្មានការសម្រុកលក់ឡាយឡុងទ្រព្យសកម្មទាំងនោះឡើយនៅពេលនេះ។ នេះបើយោងតាមប្រភព២ដែលដឹងពីបញ្ហានេះ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីសប្តាហ៍មុន។
ប្រភពមួយទៀតបានទម្លាយឱ្យដឹងកាលពីខែមុនថា ស្ថាប័នមួយរបស់រដ្ឋាភិបាលចិន បានរឹបអូសកីឡដ្ឋានបាល់ទាត់ដ៏ធំ របស់ក្រុមហ៊ុន Evergrande នៅទីក្រុងគ័ងចូវ (Guangzhou) ដែលនឹងក្លាយជាកីឡដ្ឋានបាល់ទាត់ធំបំផុត ក្នុងពិភពលោកដើម្បីយកទៅលក់ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍នេះ បានផ្អាកការសាងសង់កណ្ដាលទី ដោយសារតែខ្វះដើមទុន។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី China Evergrande New Energy Vehicle Group ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande ក៏បាននិយាយកាលពីចុងខែមុនដែរថា ខ្លួនបានប្រគល់ដី ដែលមិនទាន់បានអភិវឌ្ឍន៍សម្រាប់គម្រោងចំនួន៧ ដែលមានទំហំទុនវិនិយោគសរុប២០៣,៨៧លានដុល្លារអាមេរិក ឱ្យទៅរដ្ឋាភិបាលវិញ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានធ្លាក់ចុះ៩,៩%កាលពីថ្ងៃច័ន្ទ មកនៅត្រឹម១,៤៦ដុល្លារហុងកុង ឬ០,១៩ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន៕ Reuters៕