អ្នកជំនាញក្នុងវិស័យចំនួនបី មានសុទិដ្ឋិនិយមចំពោះរដ្ឋាភិបាលអាណត្តិថ្មី

0
លោកឧកញ៉ា លឹម ហេង / ​អ្នកនាង អាន សុធីតា /លោក ហូ វណ្ឌី

ដោយ ស៊ីវ ម៉េង+ លាងគង់

       ភ្នំពេញ៖ អ្នកធ្វើការពាក់ព័ន្ឋនឹងវិស័យអចលនទ្រព្យ ទេសចរណ៍ និងវិស័យពាណិជ្ជកម្មបានសម្តែងសុទិដ្ឋិនិយម ចំពោះការចាប់ផ្តើមដំណើរការជាផ្លូវការនូវ​រដ្ឋាភិបាលអា​ណត្តិទី៦ ដែលចាប់ផ្តើមចេញដំណើរជាផ្លូវការនៅថ្ងៃទី៦ កញ្ញានេះ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ជាក្រុមហ៊ុន​អចលនទ្រព្យលំដាប់ពិភពលោក បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៦ កញ្ញានេះថា វិស័យអចលនទ្រព្យកម្ពុជាបានរីកចម្រើនយ៉ាងលឿន ក្នុងរយៈពេលមួយទសវត្សរ៍នេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលនាំមកនូវសន្តិភាព ស្ថិរភាពនយោ​បាយ និងកំនើនសេដ្ឋកិច្ចយ៉ាងរ៉ឹងមាំ។ អ្នកនាងបន្តថា កម្ពុជាបានក្លាយជាគោលដៅនៃការវិនិយោគពីអន្តរជាតិ ក្នុងវិស័យសំណង់ និងអចលនទ្រព្យដោយសារកត្តាខាងលើនេះ។

អ្នកនាងបន្តថា “ខ្ញុំនៅតែមានជំនឿថាវិស័យសំណង់ និងអចលនទ្រព្យនឹងបន្យរីកចម្រើនថែមទៀតសម្រាប់អាណត្តិថ្មីនេះ ដោយសារកំនើននៃលំហូរ FDI នៅកម្ពុជា ខណៈកំនើនសេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនយ៉ាងរ៉ឹងមាំបន្តទៀត”។

ជាមួយគ្នានេះ ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានមានប្រសាសន៍​ឲ្យដឹងផងដែរថា រដ្ឋាភិបាលអាណត្តិទី៦នេះ នឹងនាំមកនូវការអភិវឌ្ឍថ្មីៗបន្ថែមទៀត និយាយជារួម និងនិយាយដោយឡែកសម្រា​ប់វិស័យទេសចរណ៍ នឹងបន្តរីកចម្រើនថែមទៀត ដោយភ្ញៀវទេសចរណ៍អន្តរជាតិ នឹងមក​ទស្សនាកម្ពុជាកើនឡើង។លោកបន្តថា ជាមួយនឹងកំនើននៃអាកាសចរណ៍ និងការមកដល់នៃភ្ញៀវទេសចរណ៍អន្តរជាតិ អ្វីដែលលោកចង់បានគឺសុំឲ្យរដ្ឋាភិបាលពង្រឹងការយកចិត្តទុកដាក់បញ្ហាអនាម័យ និងកាកសំណល់នានា ដែលជាបញ្ហាប្រឈមមួយក្នុងវិស័យនេះ។

លោកបន្តថា “យើងរីករាយចំពោះសមិទ្ឋិផលអាណត្តិទី៥កន្លងមកនេះ ហើយខ្ញុំរំពឹ​ងថា រដ្ឋាភិបាលអាណត្តិទី៦ នឹងធ្វើការងារកាន់តែមានប្រសិទ្ឋិភាពជាងមុន និងប្រសើរជាងមុន”។

       លើកឡើងស្រដៀងគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជាបានសម្តែងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិ​បាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យសេដ្ឋ​កិច្ច និងពាណិជ្ជកម្មកម្ពុជានឹងបន្តមានភាពរីកចម្រើនបន្តទៀត។លោកឧកញ៉ាបានបន្តថា ការដែលសម្តេចតេជោហ៊ុន សែនបន្តដឹកនាំរដ្ឋាភិបាលអាណត្តិទី៦នេះ ពិតជារឿងដ៏ប្រ​សើរ ព្រោះវាជាឳកាសដែលសម្តេច អាចបន្តអនុវត្តន៍នូវគោលនយោបាយ និងផែនការ​យុទ្ឋសាស្រ្ត ដែលបានអនុវត្តន៍កន្លងមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាឆ្ពោះទៅកាន់វិបុលភាពនាពេលអនាគត។

លោកឧកញ៉ាបានបន្តថា “វិស័យពាណិជ្ជកម្មកម្ពុជានឹងបន្តរីកចម្រើន ហើយខ្ញុំគិតថា ទីផ្សារកម្ពុជានឹងត្រូវធ្វើពិពិធកម្មបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ”។

       នៅថ្ងៃទី៦កញ្ញានេះ រដ្ឋសភាជាតិនឹងបោះឆ្នោតជ្រើសតាំងសម្តេចតេជោហ៊ុន សែន​ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ សម្រាប់ដឹកនាំរដ្ឋាភិបាលអាណត្តិទី៦ឆ្នាំ២០១៨ ២០២២ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here