ដោយ ស៊ីវ ម៉េង+ លាងគង់
ភ្នំពេញ៖ អ្នកធ្វើការពាក់ព័ន្ឋនឹងវិស័យអចលនទ្រព្យ ទេសចរណ៍ និងវិស័យពាណិជ្ជកម្មបានសម្តែងសុទិដ្ឋិនិយម ចំពោះការចាប់ផ្តើមដំណើរការជាផ្លូវការនូវរដ្ឋាភិបាលអាណត្តិទី៦ ដែលចាប់ផ្តើមចេញដំណើរជាផ្លូវការនៅថ្ងៃទី៦ កញ្ញានេះ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៦ កញ្ញានេះថា វិស័យអចលនទ្រព្យកម្ពុជាបានរីកចម្រើនយ៉ាងលឿន ក្នុងរយៈពេលមួយទសវត្សរ៍នេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលនាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចយ៉ាងរ៉ឹងមាំ។ អ្នកនាងបន្តថា កម្ពុជាបានក្លាយជាគោលដៅនៃការវិនិយោគពីអន្តរជាតិ ក្នុងវិស័យសំណង់ និងអចលនទ្រព្យដោយសារកត្តាខាងលើនេះ។
អ្នកនាងបន្តថា “ខ្ញុំនៅតែមានជំនឿថាវិស័យសំណង់ និងអចលនទ្រព្យនឹងបន្យរីកចម្រើនថែមទៀតសម្រាប់អាណត្តិថ្មីនេះ ដោយសារកំនើននៃលំហូរ FDI នៅកម្ពុជា ខណៈកំនើនសេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនយ៉ាងរ៉ឹងមាំបន្តទៀត”។
ជាមួយគ្នានេះ ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានមានប្រសាសន៍ឲ្យដឹងផងដែរថា រដ្ឋាភិបាលអាណត្តិទី៦នេះ នឹងនាំមកនូវការអភិវឌ្ឍថ្មីៗបន្ថែមទៀត និយាយជារួម និងនិយាយដោយឡែកសម្រាប់វិស័យទេសចរណ៍ នឹងបន្តរីកចម្រើនថែមទៀត ដោយភ្ញៀវទេសចរណ៍អន្តរជាតិ នឹងមកទស្សនាកម្ពុជាកើនឡើង។លោកបន្តថា ជាមួយនឹងកំនើននៃអាកាសចរណ៍ និងការមកដល់នៃភ្ញៀវទេសចរណ៍អន្តរជាតិ អ្វីដែលលោកចង់បានគឺសុំឲ្យរដ្ឋាភិបាលពង្រឹងការយកចិត្តទុកដាក់បញ្ហាអនាម័យ និងកាកសំណល់នានា ដែលជាបញ្ហាប្រឈមមួយក្នុងវិស័យនេះ។
លោកបន្តថា “យើងរីករាយចំពោះសមិទ្ឋិផលអាណត្តិទី៥កន្លងមកនេះ ហើយខ្ញុំរំពឹងថា រដ្ឋាភិបាលអាណត្តិទី៦ នឹងធ្វើការងារកាន់តែមានប្រសិទ្ឋិភាពជាងមុន និងប្រសើរជាងមុន”។
លើកឡើងស្រដៀងគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានសម្តែងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជានឹងបន្តមានភាពរីកចម្រើនបន្តទៀត។លោកឧកញ៉ាបានបន្តថា ការដែលសម្តេចតេជោហ៊ុន សែនបន្តដឹកនាំរដ្ឋាភិបាលអាណត្តិទី៦នេះ ពិតជារឿងដ៏ប្រសើរ ព្រោះវាជាឳកាសដែលសម្តេច អាចបន្តអនុវត្តន៍នូវគោលនយោបាយ និងផែនការយុទ្ឋសាស្រ្ត ដែលបានអនុវត្តន៍កន្លងមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាឆ្ពោះទៅកាន់វិបុលភាពនាពេលអនាគត។
លោកឧកញ៉ាបានបន្តថា “វិស័យពាណិជ្ជកម្មកម្ពុជានឹងបន្តរីកចម្រើន ហើយខ្ញុំគិតថា ទីផ្សារកម្ពុជានឹងត្រូវធ្វើពិពិធកម្មបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ”។
នៅថ្ងៃទី៦កញ្ញានេះ រដ្ឋសភាជាតិនឹងបោះឆ្នោតជ្រើសតាំងសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ សម្រាប់ដឹកនាំរដ្ឋាភិបាលអាណត្តិទី៦ឆ្នាំ២០១៨ ២០២២ខាងមុខនេះ៕